ទំនុកដំកើង
Psalm 77
ខ្ញុំបន្លឺសំឡេងអំពាវនាវដល់ព្រះ ខ្ញុំបន្លឺសំឡេងឡើងដល់ព្រះ ហើយទ្រង់ក៏ស្តាប់ខ្ញុំ
2 នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា នោះខ្ញុំបានស្វែងរកព្រះអម្ចាស់ នៅពេលយប់ នោះខ្ញុំបានប្រទូលដៃឡើងឥតឈប់ឈរ ព្រលឹងខ្ញុំមិនព្រមក្សាន្តទុក្ខទេ
3 ខ្ញុំនឹកពីព្រះ នោះខ្ញុំមានចិត្តទុរន់ទុរា ខ្ញុំនឹកជញ្ជឹង នោះវិញ្ញាណខ្ញុំក៏ល្វើយទៅ។ –បង្អង់
4 ៙ ទ្រង់ទល់ភ្នែកទូលបង្គំមិនឲ្យលក់ ទូលបង្គំមានសេចក្ដីទុក្ខប្រដេញ ទាល់តែរកនិយាយមិនចេញ
5 ទូលបង្គំបានពិចារណាពីអស់ទាំងថ្ងៃកន្លងទៅហើយ និងអស់ទាំងឆ្នាំពីកាលមុន
6 ទូលបង្គំនឹកឃើញទំនុកដែលធ្លាប់ច្រៀងនៅពេលយប់ នោះទូលបង្គំបានត្រិះរិះក្នុងចិត្ត ហើយវិញ្ញាណទូលបង្គំ ក៏ស្វែងរកសេចក្ដីចម្លើយដែរ
7 តើព្រះអម្ចាស់ទ្រង់នឹងបោះបង់ចោលជាដរាបឬ តើទ្រង់មិនព្រមប្រោសប្រាណទៀតទេឬ
8 តើសេចក្ដីសប្បុរសនៃទ្រង់អស់រលីងជាដរាបទៅឬ តើសេចក្ដីសន្យាទ្រង់អាក់ខានទៅជានិច្ចឬ
9 តើព្រះទ្រង់ភ្លេចប្រព្រឹត្តដោយករុណារបស់ទ្រង់ហើយឬ តើទ្រង់បានបិទបាំងសេចក្ដីអាណិតមេត្តារបស់ទ្រង់ទុក ដោយសេចក្ដីខ្ញាល់ដែរឬអី។ –បង្អង់
10 ៙ នោះទូលបង្គំបាននឹកថា នេះហើយជាសេចក្ដីទុក្ខរបស់ទូលបង្គំ តែទូលបង្គំនឹងនឹកចាំពីគ្រាដែលព្រះហស្តស្តាំ នៃព្រះដ៏ខ្ពស់បំផុតបានប្រោសវិញ
11 ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើកាលពីដើម
12 ទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់ ហើយពិចារណាពីកិច្ចដែលទ្រង់ធ្វើទាំងប៉ុន្មាន
13 ឱព្រះអង្គអើយ ផ្លូវទ្រង់ជាផ្លូវបរិសុទ្ធ តើមានព្រះឯណាដែលធំដូចជាទ្រង់
14 ទ្រង់ជាព្រះដែលធ្វើការយ៉ាងអស្ចារ្យ ទ្រង់បានសម្ដែងឲ្យស្គាល់ឥទ្ធានុភាពនៃទ្រង់ នៅកណ្តាលអស់ទាំងសាសន៍
15 ទ្រង់បានប្រោសបណ្តារាស្ត្រឲ្យរួច ដោយព្រះហស្តរបស់ទ្រង់ គឺជាពួកកូនចៅយ៉ាកុប និងយ៉ូសែបផង។ –បង្អង់
16 ៙ ឱព្រះអង្គអើយ ទឹកទាំងប៉ុន្មានបានឃើញទ្រង់ គឺទឹកទាំងប៉ុន្មានបានឃើញទ្រង់ ហើយមានសេចក្ដីភិតភ័យ អស់ទាំងទីជម្រៅក៏ញ័រដែរ
17 អស់ទាំងពពកបានចាក់ទឹកចេញ ផ្ទៃមេឃក៏បញ្ចេញសូររំពង ហើយព្រួញរបស់ទ្រង់បានហើរទៅគ្រប់អន្លើដែរ
18 សូរសៀងនៃផ្គររបស់ទ្រង់ក៏នៅក្នុងខ្យល់កួច ផ្លេកបន្ទោរបានបំភ្លឺលោកីយ៍ ឯផែនដីក៏ញ័រកក្រើក
19 ផ្លូវដែលទ្រង់យាង នោះនៅក្នុងសមុទ្រ ហើយផ្លូវច្រករបស់ទ្រង់ក៏នៅទីមានទឹកច្រើន ឥតមានអ្នកណាឃើញដានព្រះបាទទ្រង់ឡើយ
20 ទ្រង់បាននាំរាស្ត្រទ្រង់ ដូចជាហ្វូងចៀម គឺដោយដៃរបស់ម៉ូសេ និងអើរ៉ុន។