ទំនុកដំកើង
Psalm 93
ព្រះយេហូវ៉ាទ្រង់ជាអ្នកគ្រប់គ្រង ទ្រង់ប្រដាប់អង្គដោយភាពដ៏រុងរឿងឧត្តម ព្រះយេហូវ៉ាទ្រង់ប្រដាប់អង្គដោយតេជានុភាព ព្រមទាំងក្រវាត់អង្គដោយសេចក្ដីនោះដែរ ឯលោកីយ៍នោះបានតាំងមាំមួន នឹងរង្គើមិនបានឡើយ
2 បល្ល័ង្កទ្រង់បានតាំងនៅ ចាប់តាំងពីចាស់បូរាណ គឺមានទ្រង់តាំងតែពីអស់កល្បរៀងមក
3 ឱព្រះយេហូវ៉ាអើយ អស់ទាំងជំនន់បានជន់ឡើងជាធំ ជំនន់ទាំងប៉ុន្មានបានបន្លឺសំឡេងឡើង ជំនន់ទាំងនោះបានកម្រើកឡើងជារលកផ្ទប់ច្រាំង
4 ព្រះយេហូវ៉ាដ៏គង់នៅស្ថានខ្ពស់ ទ្រង់មានឫទ្ធិ ជាជាងសូរគ្រាំគ្រេងនៃទឹកធំ គឺជាងរលកគំហុកនៃសមុទ្រផង
5 ឱព្រះយេហូវ៉ាអើយ អស់ទាំងសេចក្ដីបន្ទាល់របស់ទ្រង់ សុទ្ធតែពិតប្រាកដ សេចក្ដីបរិសុទ្ធសំណំនៅដំណាក់ទ្រង់ នៅអស់កល្បតទៅផង។