ទំនុកដំកើង
Psalm 102
ឱព្រះយេហូវ៉ាអើយ សូមស្តាប់ សេចក្ដីអធិស្ឋានរបស់ទូលបង្គំ សូមឲ្យពាក្យដែលទូលបង្គំអំពាវនាវបានឮដល់ទ្រង់
2 សូមកុំលាក់ព្រះភ័ក្ត្រទ្រង់នឹងទូលបង្គំ ក្នុងថ្ងៃ ដែលទូលបង្គំមានសេចក្ដីទុក្ខលំបាកឡើយ សូមផ្ទៀងព្រះកាណ៌ទ្រង់មកឯទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំស្រែកទូល នោះសូមឆ្លើយមកទូលបង្គំជាប្រញាប់
3 ដ្បិតអស់ទាំងថ្ងៃនៃទូលបង្គំ រសាត់ទៅដូចជាផ្សែង ហើយអស់ទាំងឆ្អឹងរបស់ទូលបង្គំ ក៏ឆេះក្តៅដូចជាកន្ទុយឧស
4 ចិត្តទូលបង្គំត្រូវកាត់ចុះដូចជាស្មៅ ហើយក៏ស្រពោនទៅ ដរាបដល់ទូលបង្គំភ្លេចទាំងទទួលទានអាហារផង
5 អស់ទាំងឆ្អឹងរបស់ទូលបង្គំជាប់ជិតនឹងសាច់ ដោយព្រោះដំងូរដែលទូលបង្គំថ្ងូរជានិច្ច
6 ទូលបង្គំប្រៀបដូចជាសត្វទុងនៅទីរហោស្ថាន ក៏បានត្រឡប់ដូចជាមៀមនៅទីសូន្យស្ងាត់
7 ទូលបង្គំចាំយាម ក៏ដូចជាចាបឥតគូ នៅលើដំបូលផ្ទះ
8 ពួកខ្មាំងសត្រូវពោលប្រទេចចំពោះទូលបង្គំជាដរាប រាល់ថ្ងៃ ហើយពួកអ្នកដែលស្អប់ទូលបង្គំ គេយកឈ្មោះទូលបង្គំជាសេចក្ដីផ្តាសា
9 ទូលបង្គំបានទទួលទានផេះទុកជាអាហារ ហើយបានលាយគ្រឿងផឹករបស់ទូលបង្គំដោយទឹកភ្នែក
10 ដោយព្រោះសេចក្ដីថ្នាំងថ្នាក់ និងសេចក្ដីក្រោធរបស់ទ្រង់ ដ្បិតទ្រង់បានលើកទូលបង្គំឡើង ហើយបោះចោលវិញ
11 អស់ទាំងថ្ងៃអាយុនៃទូលបង្គំ ដូចជាស្រមោលដែលជ្រេទៅ ហើយទូលបង្គំក្រៀមទៅដូចជាស្មៅ។
12 ៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងគង់សោយរាជ្យ នៅអស់កល្បជានិច្ច ហើយនិងមានសេចក្ដីនឹកចាំពីទ្រង់ នៅអស់ទាំងដំណមនុស្សតទៅ
13 ទ្រង់នឹងក្រោកឡើង ហើយមានសេចក្ដីមេត្តាករុណា ដល់ក្រុងស៊ីយ៉ូន ដ្បិតដល់វេលាហើយ ដែលគួរប្រោសមេត្តាដល់ទីក្រុង អើ ពេលកំណត់បានមកដល់ហើយ
14 ពីព្រោះពួកអ្នកបម្រើទ្រង់គេអាល័យដល់អស់ទាំងថ្ម ហើយក៏ស្តាយស្រណោះដល់ធូលីដីនៃទីក្រុង
15 យ៉ាងនោះ ពួកសាសន៍ដទៃនឹងកោតខ្លាច ដល់ព្រះនាមព្រះយេហូវ៉ា ហើយអស់ទាំងស្តេចនៅផែនដីនឹងក្រែងខ្លាច ដល់សិរីល្អនៃទ្រង់
16 ដ្បិតព្រះយេហូវ៉ាទ្រង់នឹងសង់ក្រុងស៊ីយ៉ូនឡើងវិញ ហើយនិងលេចមកក្នុងសិរីល្អនៃទ្រង់
17 ទ្រង់តែងតែទទួលសេចក្ដីអធិស្ឋានរបស់មនុស្សវេទនា ឥតដែលមើលងាយចំពោះពាក្យសូមអង្វររបស់គេឡើយ
18 សេចក្ដីនេះនឹងបានកត់ទុកសម្រាប់ដំណមនុស្ស ជាន់ក្រោយ ឲ្យបណ្តាមនុស្សដែលនឹងកើតឡើង បានសរសើរតម្កើងដល់ព្រះយេហូវ៉ា
19 ដ្បិតទ្រង់បានក្រឡេកទតពីជាន់ខ្ពស់នៃទីបរិសុទ្ធទ្រង់ គឺព្រះយេហូវ៉ាបានទតពីស្ថានសួគ៌មក ពិចារណាមើលផែនដី
20 ដើម្បីនឹងស្តាប់ដំងូររបស់ពួកឈ្លើយ ហើយនិងស្រាយលែងអស់អ្នកដែលបានតម្រូវឲ្យត្រូវស្លាប់
21 ប្រយោជន៍ឲ្យមនុស្សទាំងឡាយបានប្រកាសព្រះនាម នៃព្រះយេហូវ៉ានៅក្រុងស៊ីយ៉ូន និងសេចក្ដីសរសើរទ្រង់នៅក្រុងយេរូសាឡឹម
22 ក្នុងកាលដែលអស់ទាំងសាសន៍បានប្រជុំមូលគ្នា ព្រមទាំងនគរទាំងប៉ុន្មានផង ដើម្បីនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា។
23 ៙ ទ្រង់បានធ្វើឲ្យកម្លាំងរបស់ទូលបង្គំអន់ថយទៅ នៅកណ្តាលផ្លូវ ទ្រង់បានពង្រួញថ្ងៃអាយុរបស់ទូលបង្គំហើយ
24 ទូលបង្គំបានទូលថា ឱព្រះនៃទូលបង្គំអើយ ទ្រង់មានព្រះជន្មស្ថិតស្ថេរនៅ ដរាបដល់អស់ទាំងដំណមនុស្សតទៅ សូមកុំដកទូលបង្គំចេញ នៅវេលាកណ្តាលអាយុ ទូលបង្គំឡើយ
25 កាលដើមដំបូង ទ្រង់បានតាំងឫសផែនដី ហើយផ្ទៃមេឃក៏ជាស្នាដៃរបស់ព្រះហស្តទ្រង់ដែរ
26 របស់ទាំងនោះនឹងវិនាសសូន្យទៅពិត តែទ្រង់នឹងស្ថិតស្ថេរនៅវិញ អើ របស់ទាំងនោះនឹងចាស់ទៅ ដូចជាសម្លៀកបំពាក់ ហើយទ្រង់នឹងផ្លាស់ចេញដូចជាផ្លាស់អាវ ដូច្នេះ នឹងបានផ្លាស់ចេញជាពិត
27 ប៉ុន្តែ ឯទ្រង់ៗនៅដដែល ហើយព្រះជន្មទ្រង់មិនចេះផុតឡើយ
28 ចំណែកកូនចៅរបស់ពួកអ្នកបម្រើទ្រង់ គេនឹងចេះតែមាននៅ ហើយពូជពង្សរបស់គេនឹងបានតាំងនៅចំពោះទ្រង់។