ទំនុកដំកើង
Psalm 32
មានពរហើយ មនុស្សណាដែលការរំលង ច្បាប់របស់ខ្លួនបានអត់ទោសឲ្យ គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ
2 មានពរហើយ មនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថា ជាអ្នកមានទោស ជាអ្នកដែលគ្មានកលឧបាយនៅក្នុងចិត្តសោះ
3 កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំ បានខ្សោះទៅ ដោយសារដំងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ
4 ដ្បិតព្រះហស្តនៃទ្រង់បានសង្កត់លើទូលបង្គំជាធ្ងន់ ទាំងយប់ទាំងថ្ងៃ ធាតុទឹករបស់ទូលបង្គំបានត្រឡប់ទៅជារីងហួត ដូចជារដូវក្តៅ។ –បង្អង់
5 ៙ ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ ទូលបង្គំនៅចំពោះទ្រង់ ឥតលាក់ការទុច្ចរិតរបស់ទូលបង្គំទុកឡើយ ទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំង ការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ា ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ។ –បង្អង់
6 ៙ ដូច្នេះ ត្រូវឲ្យអស់អ្នកដែលកោតខ្លាចដល់ព្រះ បានអធិស្ឋានដល់ទ្រង់ នៅវេលាដែលនឹងរកទ្រង់ឃើញ យ៉ាងនោះ កាលណាជំនន់ធំជន់ឡើង នោះប្រាកដជានឹង មិនដែលលិចមកដល់អ្នកនោះឡើយ
7 ទ្រង់ជាទីពំនួននៃទូលបង្គំ ទ្រង់នឹងការពារទូលបង្គំ ឲ្យរួចពីសេចក្ដីទុក្ខលំបាក ទ្រង់នឹងព័ទ្ធទូលបង្គំជុំវិញ ដោយទំនុកនៃសេចក្ដីសង្គ្រោះ។ –បង្អង់
8 ៙ អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវ ដែលឯងត្រូវដើរ អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់
9 កុំឲ្យឯងធ្វើដូចជាសេះ ឬលាកាត់ ដែលគ្មានប្រាជ្ញា ដែលគេត្រូវដាក់បង្ខាំ ហើយនិងបង្ហៀរ ដើម្បីទប់វា ក្រែងវាមិនព្រមមកឯឯងនោះឡើយ
10 ឯមនុស្សអាក្រក់គេនឹងមានទុក្ខព្រួយជាច្រើន តែអ្នកណាដែលទុកចិត្តនឹងព្រះយេហូវ៉ា នោះនឹងមានសេចក្ដីសប្បុរសនៅព័ទ្ធជុំវិញខ្លួន
11 ឱមនុស្សសុចរិតរាល់គ្នាអើយ ចូរមានចិត្តសប្បាយ ហើយរីករាយឡើង ក្នុងព្រះយេហូវ៉ាចុះ អស់អ្នកដែលមានចិត្តទៀតត្រង់អើយ ចូរនាំគ្នាស្រែកឡើងដោយអំណរចុះ។