ទំនុកដំកើង
Psalm 111
ចូរសរសើរដល់ព្រះយេហូវ៉ា ខ្ញុំនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ដោយអស់ពីចិត្ត នៅក្នុងចំណោមនៃមនុស្សទៀងត្រង់ ហើយក្នុងពួកជំនុំជន
2 អស់ទាំងស្នាដៃនៃព្រះយេហូវ៉ាសុទ្ធតែធំវិសេស គួរឲ្យអស់អ្នកណាដែលចូលចិត្តនឹងការទាំងនោះ បានស្វែងរកតាម
3 ឯស្នាដៃនៃទ្រង់ នោះល្អប្រពៃ ហើយរុងរឿងឧត្តម សេចក្ដីសុចរិតរបស់ទ្រង់ក៏ស្ថិតស្ថេរនៅជាដរាប
4 ទ្រង់បានធ្វើឲ្យមានសេចក្ដីនឹកចាំពីការអស្ចារ្យរបស់ទ្រង់ ព្រះយេហូវ៉ាទ្រង់ប្រកបដោយមេត្តាករុណា និងអាណិតអាសូរ
5 ទ្រង់បានប្រទានអាហារដល់អស់អ្នកដែលកោតខ្លាចទ្រង់ ក៏នឹងនឹកចាំពីសេចក្ដីសញ្ញាទ្រង់ជានិច្ចដែរ
6 ទ្រង់បានសម្ដែងព្រះចេស្តានៃការទ្រង់ ឲ្យរាស្ត្រទ្រង់ឃើញ ដោយប្រទានឲ្យគេគ្រងបានមរដកនៃអស់ទាំងសាសន៍
7 អស់ទាំងស្នាដៃនៃព្រះហស្តទ្រង់សុទ្ធតែពិតត្រង់ ហើយសុចរិត បញ្ញត្តទាំងប៉ុន្មាននៃទ្រង់សុទ្ធតែម៉ត់ចត់
8 ក៏បានតាំងឲ្យនៅអស់កល្បជានិច្ច ហើយបានសម្រេចដោយសេចក្ដីពិត និងសេចក្ដីទៀងត្រង់
9 ទ្រង់បានចាត់ប្រើសេចក្ដីប្រោសលោះដល់រាស្ត្រទ្រង់ ទ្រង់បានសម្រេចសេចក្ដីសញ្ញាទ្រង់ ឲ្យនៅជាដរាប ព្រះនាមទ្រង់បរិសុទ្ធ ហើយគួរគោរព
10 ឯសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃប្រាជ្ញា អស់អ្នកដែលកាន់តាម នោះមានយោបល់ល្អ សេចក្ដីសរសើរនៃទ្រង់ជាប់នៅអស់កល្បជានិច្ច។