ទំនុកដំកើង
Psalm 85
ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ ឱព្រះយេហូវ៉ាអើយ ទ្រង់បានមេត្តាប្រោសដល់ស្រុកទ្រង់ ហើយបាននាំពួកយ៉ាកុបដែលជាឈ្លើយមកវិញ
2 ទ្រង់បានអត់ទោសចំពោះការទុច្ចរិតរបស់រាស្ត្រទ្រង់ ក៏បានគ្របបាំងអស់ទាំងបាបរបស់គេហើយ។ បង្អង់
3 ៙ ទ្រង់បានដកសេចក្ដីក្រោធនៃទ្រង់ចេញអស់ហើយ ទ្រង់បានបែរចេញពីសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់
4 ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយ សូមបង្វិលយើងខ្ញុំមកវិញ សូមទ្រង់លែងមានសេចក្ដីគ្នាន់ក្នាញ់ចំពោះយើងខ្ញុំផង
5 តើទ្រង់នឹងខ្ញាល់ចំពោះយើងខ្ញុំជាដរាបឬ តើនឹងបន្លាយសេចក្ដីខ្ញាល់ទ្រង់ ដរាបដល់គ្រប់ទាំងដំណតទៅឬអី
6 តើទ្រង់មិនប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ ដើម្បីឲ្យរាស្ត្ររបស់ទ្រង់បានរីករាយក្នុងទ្រង់ទេឬអី
7 ឱព្រះយេហូវ៉ាអើយ សូមសម្ដែងសេចក្ដីសប្បុរសរបស់ ទ្រង់ឲ្យយើងខ្ញុំឃើញ ហើយប្រោសសេចក្ដីសង្គ្រោះនៃទ្រង់ដល់យើងខ្ញុំផង។
8 ៙ ខ្ញុំនឹងស្តាប់សេចក្ដីដែលព្រះយេហូវ៉ាដ៏ជាព្រះ ទ្រង់នឹងមានព្រះបន្ទូលមក ដ្បិតទ្រង់នឹងមានព្រះបន្ទូលពីសេចក្ដីសុខដល់រាស្ត្រទ្រង់ និងពួកអ្នកបរិសុទ្ធរបស់ទ្រង់ កុំឲ្យតែគេវិលត្រឡប់ទៅឯសេចក្ដីចម្កួតទៀតឡើយ
9 ពិតប្រាកដជាសេចក្ដីសង្គ្រោះរបស់ទ្រង់ នៅជិតនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ដើម្បីឲ្យមានសេចក្ដីរុងរឿងនៅក្នុងស្រុករបស់យើង
10 សេចក្ដីសប្បុរស និងសេចក្ដីពិតត្រង់ បានជួបគ្នា សេចក្ដីសុចរិត និងសេចក្ដីមេត្រី បានថើបគ្នា
11 សេចក្ដីពិតត្រង់ពន្លកចេញពីដីមក ហើយសេចក្ដីសុចរិតក៏មើលពីលើស្ថានសួគ៌ដែរ
12 អើ ព្រះយេហូវ៉ាទ្រង់នឹងប្រោសប្រទានសេចក្ដីដ៏ល្អ ហើយស្រុកយើងនឹងបង្កើតផលចម្រើន
13 សេចក្ដីសុចរិតនឹងដើរនៅចំពោះទ្រង់ ហើយនិងដាក់យើងនៅក្នុងផ្លូវ តាមដានព្រះបាទទ្រង់។