ទំនុកដំកើង
Psalm 73
ប្រាកដមែន ព្រះទ្រង់ប្រព្រឹត្តល្អ ដល់សាសន៍អ៊ីស្រាអែល គឺដល់អស់អ្នកដែលមានចិត្តត្រចះ
2 តែឯជើងទូលបង្គំ បានកន្ធែកចេញហៀបនឹងផុតទីហើយ ជំហាននៃទូលបង្គំបានហៀបនឹងរឥលភ្លាត់ទៅ
3 ដ្បិតទូលបង្គំមានសេចក្ដីច្រណែនចំពោះមនុស្សអំនួត ដោយឃើញសេចក្ដីចម្រើន របស់មនុស្សអាក្រក់នោះ។
4 ៙ ពីព្រោះកាលគេស្លាប់ នោះគ្មានឈឺចាប់អ្វីសោះ គឺកម្លាំងគេនៅតែមាំមួនដដែល
5 គេមិនមានទុក្ខដូចជាមនុស្សធម្មតាឡើយ ក៏មិនត្រូវវេទនាដូចមនុស្សដទៃដែរ
6 ហេតុនោះបានជាសេចក្ដីអំនួតរបស់គេ ប្រៀបដូចជាខ្សែច្រវាក់ពាក់នៅក ហើយគេប្រដាប់ខ្លួនដោយសេចក្ដីច្រឡោត
7 ភ្នែកគេលៀនចេញ ដោយមានសាច់ច្រើន គេមានច្រើនលើសជាងចិត្តប្រាថ្នាទៅទៀត
8 គេចំអកឡកឡឺយ ហើយពោលជាការគំហកកំហែង ដោយចិត្តអាក្រក់ ក៏និយាយដោយពាក្យធំខ្ពស់
9 គេតាំងមាត់ពោលទាស់នឹងស្ថានសួគ៌ ហើយអណ្តាតគេបង្វិលទៅមកពេញលើផែនដី។
10 ៙ ហេតុនោះបានជារាស្ត្ររបស់ទ្រង់វិលមកឯណេះ ក៏ផឹកសំរេងទឹកដែលពេញពែងផង
11 គេសួរថា ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន តើព្រះដ៏ខ្ពស់បំផុតទ្រង់ប្រកបដោយតម្រិះដែរឬ
12 នេះហើយដែលហៅថាមនុស្សអាក្រក់ ហើយដោយព្រោះគេចេះតែនៅដោយសុខស្រួល បានជាទ្រព្យសម្បត្តិគេចម្រើនឡើង
13 យ៉ាងនោះ ការដែលទូលបង្គំបានជម្រះចិត្ត ហើយលាងដៃឲ្យឥតមានសៅហ្មង នោះឥតប្រយោជន៍ទទេ
14 ដ្បិតទូលបង្គំត្រូវរងរំពាត់ជាដរាបរាល់ថ្ងៃ ហើយត្រូវវាយផ្ចាលរាល់តែព្រឹកជានិច្ច។
15 ៙ បើសិនជាទូលបង្គំបានពោលថា អញនឹងនិយាយដូច្នេះដែរ នោះឈ្មោះថាបានក្បត់ពូជពង្សនៃកូនចៅទ្រង់ហើយ
16 កាលទូលបង្គំបានពិចារណា ដើម្បីចង់ដឹងច្បាស់ពីសេចក្ដីនេះ នោះក៏ពិបាកដល់ទូលបង្គំណាស់
17 ទាល់តែទូលបង្គំបានចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះ ហើយបានពិចារណាពីចុងបំផុតរបស់គេ
18 ពិតប្រាកដជាទ្រង់ឲ្យគេឈរនៅកន្លែងដ៏រឥល ទ្រង់ក៏បោះគេចុះទៅឲ្យត្រូវហិនវិនាស
19 យីអើ គេត្រូវអន្តរធានទៅជាឆាប់អីម៉្លេះ គេត្រូវសាបសូន្យទៅ ដោយហេតុគួរស្ញែងខ្លាច
20 នេះបែបដូចជាកាលណាយល់សប្តិរួចភ្ញាក់ឡើង ឱព្រះអម្ចាស់អើយ កាលណាទ្រង់តើនឡើង នោះទ្រង់នឹងតោះតើយចំពោះរូបគេដែរ។
21 ៙ ដូច្នេះ កាលទូលបង្គំមានសេចក្ដីកម្រើកក្នុងចិត្ត ហើយមានសេចក្ដីចាក់ចុចក្នុងថ្លើម
22 នោះទូលបង្គំជាមនុស្សឆោត ហើយល្ងង់ខ្លៅ គឺទូលបង្គំដូចជាសត្វតិរច្ឆាននៅចំពោះទ្រង់
23 ប៉ុន្តែ ទូលបង្គំនៅជាប់នឹងទ្រង់ជានិច្ច ទ្រង់បានកាន់ដៃស្តាំនៃទូលបង្គំ
24 ទ្រង់នឹងនាំទូលបង្គំ ដោយដំបូន្មានរបស់ទ្រង់ រួចនឹងទទួលទូលបង្គំចូលក្នុងសិរីល្អ
25 ឯនៅស្ថានសួគ៌ តើទូលបង្គំមានអ្នកឯណាក្រៅពីទ្រង់ ហើយនៅផែនដីទូលបង្គំប្រាថ្នាចង់បានតែទ្រង់ទេ
26 ឯសាច់ និងចិត្តទូលបង្គំ នោះនឹងសាបសូន្យទៅបាន ប៉ុន្តែ ព្រះទ្រង់ជាទីពឹងនៃចិត្ត ហើយជាចំណែកមរដក នៃទូលបង្គំជាដរាបដែរ។
27 ៙ ដ្បិតមើល អស់អ្នកដែលនៅឆ្ងាយពីទ្រង់ គេនឹងត្រូវវិនាស ទ្រង់បំផ្លាញអស់អ្នកដែលផិតចេញពីទ្រង់
28 ឯទូលបង្គំ ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ ដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់។