ទំនុកដំកើង
Psalm 141
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយ សូមប្រញាប់នឹងយាងមកឯទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សំឡេងទូលបង្គំ ក្នុងកាលដែលទូលបង្គំអំពាវនាវផង
2 សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានផ្សាយឡើង ដូចជាគ្រឿងក្រអូបនៅចំពោះទ្រង់ និងការលើកដៃប្រណម្យរបស់ទូលបង្គំ បានដូចជាយញ្ញបូជាពេលល្ងាច
3 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ដាក់ការយាម នៅមាត់ទូលបង្គំ ហើយថែរក្សាទ្វារបបូរមាត់របស់ទូលបង្គំផង
4 សូមកុំឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្ដីអាក្រក់ណា ដើម្បីប្រព្រឹត្តការអាក្រក់ជាមួយនឹងមនុស្ស ដែលតែងតែធ្វើការទុច្ចរិតឡើយ ហើយកុំឲ្យទូលបង្គំទទួលទានចំណីឆ្ងាញ់របស់គេ ឲ្យសោះ
5 សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ នោះនឹងបានជាគុណ ហើយឲ្យគេប្រដៅទូលបង្គំផង នោះនឹងបានដូចជាប្រេងចាក់លាបលើក្បាល ឯក្បាលរបស់ទូលបង្គំនឹងមិនប្រកែកទេ ដ្បិតទូលបង្គំនឹងនៅតែអធិស្ឋាន ក្នុងកាលដែលកើតមានសេចក្ដីអាក្រក់ផង
6 ពួកចៅក្រមរបស់គេបានត្រូវបោះចុះទៅ ដល់ជើងថ្មដាហើយ គេនឹងឮពាក្យសំដីរបស់ទូលបង្គំ ដ្បិតពាក្យទាំងនោះផ្អែមល្ហែម
7 អស់ទាំងឆ្អឹងរបស់យើងរាល់គ្នាបានខ្ចាត់ខ្ចាយ នៅមាត់ទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់ ដូចជាកាលគេកាប់ ហើយពុះឱសនៅលើដី
8 ដ្បិតឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ ភ្នែកទូលបង្គំមើលចំទៅឯទ្រង់ ទូលបង្គំពឹងជ្រកនៅក្នុងទ្រង់ សូមកុំបោះបង់ចោលព្រលឹងនៃទូលបង្គំឡើយ
9 សូមរក្សាទូលបង្គំឲ្យរួចពីអន្ទាក់ ដែលគេបានដាក់សម្រាប់ចាប់ទូលបង្គំ ហើយពីអស់ទាំងអង្គប់របស់ពួកអ្នក ដែលប្រព្រឹត្តអំពើទុច្ចរិតផង
10 សូមឲ្យមនុស្សអាក្រក់ធ្លាក់ទៅក្នុងមងរបស់ខ្លួនគេ តែឲ្យទូលបង្គំបានរួចវិញ។