ទំនុកដំកើង
Psalm 89
ទូលបង្គំនឹងច្រៀងពីព្រះគុណនៃព្រះយេហូវ៉ា ជាដរាប មាត់ទូលបង្គំនឹងសម្ដែងឲ្យស្គាល់សេចក្ដីស្មោះត្រង់ របស់ទ្រង់ រហូតដល់អស់ទាំងដំណតទៅ
2 ដ្បិតទូលបង្គំបានពោលហើយថា ព្រះគុណនឹងបានតាំងឡើង ឲ្យនៅអស់កល្បជានិច្ច ទ្រង់ក៏នឹងតាំងសេចក្ដីស្មោះត្រង់របស់ទ្រង់ នៅលើស្ថានសួគ៌ផង។
3 ៙ អញបានតាំងសញ្ញានឹងអ្នកដែលអញបានរើសតាំង អញបានស្បថនឹងដាវីឌជាអ្នកបម្រើអញថា
4 អញនឹងតាំងពូជពង្សឯង ឲ្យនៅអស់កល្បជានិច្ច ក៏នឹងតម្កល់រាជ្យឯង ឲ្យនៅគ្រប់ទាំងដំណតទៅ ។ បង្អង់
5 ៙ ឱព្រះយេហូវ៉ាអើយ ផ្ទៃមេឃនឹងសរសើរការអស្ចារ្យ របស់ទ្រង់ ព្រមទាំងសេចក្ដីស្មោះត្រង់ទ្រង់ផង នៅក្នុងពួកជំនុំនៃអស់អ្នកបរិសុទ្ធ
6 ដ្បិតតើមានអ្នកណានៅលើមេឃ ដែលផ្ទឹមនឹងព្រះយេហូវ៉ាបាន ក្នុងអស់ពួកខ្លាំងពូកែ តើមានអ្នកណាឲ្យដូចព្រះយេហូវ៉ា
7 ជាព្រះដែលគួរស្ញែងខ្លាចណាស់ នៅក្នុងទីប្រជុំនៃអស់អ្នកបរិសុទ្ធ ក៏គួរកោតខ្លាច លើសជាងអស់អ្នកនៅជុំវិញទ្រង់ផង
8 ឱព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារអើយ តើមានអ្នកណាខ្លាំងពូកែដូចជាទ្រង់ ឱព្រះយេហូវ៉ាអើយ សេចក្ដីស្មោះត្រង់របស់ទ្រង់ ក៏នៅព័ទ្ធជុំវិញទ្រង់
9 ទ្រង់បង្ក្រាបការលើកកំពស់នៃសមុទ្រ កាលណារលកកម្រើកឡើង នោះទ្រង់បន្ទ្រោមចុះឲ្យស្ងប់វិញ
10 ទ្រង់បានកម្ទេចកំទីពួករ៉ាហាប ដូចជាមនុស្សដែលគេវាយសម្លាប់ ទ្រង់បានកម្ចាត់កម្ចាយពួកខ្មាំងសត្រូវទៅ ដោយព្រះពាហុដ៏មានឫទ្ធិ
11 ផ្ទៃមេឃជារបស់ផងទ្រង់ ព្រមទាំងផែនដីផង ឯលោកីយ៍ និងសព្វសារពើដែលនៅក្នុងលោកីយ៍ នោះគឺទ្រង់បានសង់ឡើងដែរ
12 ទ្រង់បានបង្កើតទិសខាងជើង និងទិសខាងត្បូង ឯភ្នំតាបោរ និងភ្នំហ៊ើម៉ូន នោះក៏បានរីករាយចំពោះព្រះនាមទ្រង់
13 ទ្រង់មានព្រះពាហុខ្លាំងពូកែ ព្រះហស្តទ្រង់មានឫទ្ធិខ្លាំង ព្រះហស្តស្តាំទ្រង់ក៏ខ្ពស់ណាស់
14 សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ជាជើងថ្កល់នៃបល្ល័ង្កទ្រង់ សេចក្ដីសប្បុរស និងសេចក្ដីពិតត្រង់ ដើរនាំមុខទ្រង់
15 មានពរហើយ សាសន៍ណាដែលស្គាល់សំឡេង រីករាយនោះ ឱព្រះយេហូវ៉ាអើយ គេដើរនៅក្នុងពន្លឺនៃព្រះភ័ក្ត្រទ្រង់
16 គេមានចិត្តរីករាយ ដោយព្រះនាមទ្រង់ជាដរាបរាល់ថ្ងៃ ហើយគេបានតម្កើងឡើង ដោយសេចក្ដីសុចរិតរបស់ទ្រង់
17 ដ្បិតទ្រង់ជាសិរីល្អនៃកម្លាំងគេ ហើយទ្រង់នឹងលើកអំណាចយើងខ្ញុំឡើងដោយព្រះគុណ
18 ដ្បិតព្រះយេហូវ៉ាទ្រង់ជាខែលរបស់យើងខ្ញុំ ហើយព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាមហាក្សត្រនៃយើងខ្ញុំ ។
19 ៙ គ្រានោះ ទ្រង់មានព្រះបន្ទូលដល់អ្នកបរិសុទ្ធទ្រង់ ដោយការជាក់ស្តែងថា អញបានបន្ថែមសេចក្ដីជំនួយដល់អ្នក១ដែលខ្លាំងពូកែ អញបានរើសយកអ្នកមួយ ។ចេញពីរាស្ត្រតាំងឡើងហើយ
20 គឺអញបានរកឃើញដាវីឌ ជាអ្នកបម្រើអញ ក៏បានចាក់ប្រេងតាំងឡើង ដោយប្រេងបរិសុទ្ធរបស់អញ
21 ដៃអញនឹងទប់ទល់ ឯដើមដៃអញ នឹងចម្រើនកម្លាំងឲ្យ
22 ពួកខ្មាំងសត្រូវនឹងមិនដែលទារអាករ ហើយពួកមនុស្សអាក្រក់ក៏មិនដែលសង្កត់សង្កិនឡើយ
23 អញនឹងវាយពួកតតាំងនឹងដាវីឌ ឲ្យដួលនៅចំពោះមុខ ហើយនិងវាយអស់អ្នកដែលស្អប់ផងដែរ
24 សេចក្ដីស្មោះត្រង់ និងសេចក្ដីសប្បុរសរបស់អញ នឹងនៅជាមួយ ហើយអំណាចរបស់ដាវីឌនឹងបានតម្កើងឡើង ដោយឈ្មោះអញ
25 អញនឹងតាំងឲ្យមានអំណាចនៅលើសមុទ្រ ហើយឲ្យដៃស្តាំបានគ្រប់គ្រងលើអស់ទាំងទន្លេ
26 ដាវីឌនឹងអំពាវនាវដល់អញថា ទ្រង់ជាព្រះវរបិតានៃទូលបង្គំ គឺជាព្រះនៃទូលបង្គំ ហើយជាថ្មដាដ៏ជួយសង្គ្រោះ ទូលបង្គំផង
27 ឯអញៗនឹងតាំងឡើង ឲ្យធ្វើជាកូនច្បងរបស់អញ គឺជាមហាក្សត្រយ៉ាងខ្ពស់បំផុតនៅផែនដី
28 អញនឹងបម្រុងទុកសេចក្ដីសប្បុរសរបស់អញ សម្រាប់ដាវីឌនៅអស់កល្បជានិច្ច ហើយសេចក្ដីសញ្ញារបស់អញនឹងនៅជាប់ជាមួយ
29 អញនឹងធ្វើឲ្យពូជពង្សដាវីឌនៅជាប់ជាដរាប ហើយឲ្យរាជ្យបាននៅអស់កាលដែលផ្ទៃមេឃ មាននៅផង
30 បើកូនចៅរបស់ដាវីឌបោះបង់ចោលច្បាប់អញ ឥតប្រតិបត្តិតាមបញ្ញត្តអញ
31 បើគេក្បត់ក្រឹត្យក្រមរបស់អញ ឥតរក្សាសេចក្ដីបង្គាប់ឡើយ
32 នោះអញនឹងធ្វើទោសចំពោះការរំលងរបស់គេ ដោយដំបង ហើយចំពោះការទុច្ចរិតរបស់គេដោយស្នាមរំពាត់។
33 ៙ ប៉ុន្តែ អញនឹងមិនដកសេចក្ដីសប្បុរសរបស់អញចេញ ពីដាវីឌឡើយ ក៏មិនឲ្យសេចក្ដីស្មោះត្រង់របស់អញខាតខានដែរ
34 អញនឹងមិនក្បត់សេចក្ដីសញ្ញារបស់អញ ឬបំផ្លាស់បំប្រែសេចក្ដីដែលបានចេញពីបបូរមាត់អញឡើយ
35 អញបានស្បថម្តងហើយ ដោយនូវសេចក្ដីបរិសុទ្ធ របស់អញថា អញមិនព្រមពោលកុហកដល់ដាវីឌឡើយ
36 ពូជពង្សដាវីឌនឹងស្ថិតស្ថេរនៅជារៀងរាបដរាប ហើយរាជ្យនឹងជាប់នៅចំពោះអញដូចជាព្រះអាទិត្យដែរ
37 រាជ្យនោះនឹងបានតាំងនៅជាប់អស់កល្បជានិច្ច ដូចជាព្រះចន្ទ គឺដូចជាទីសម្គាល់ស្មោះត្រង់ដែលនៅលើមេឃ។ បង្អង់
38 ៙ ប៉ុន្តែ ទ្រង់បានបោះបង់ចោល ហើយបណ្តេញទៅ ទ្រង់មានសេចក្ដីក្រោធនឹងអ្នកដែលទ្រង់ចាក់ប្រេងតាំងឲ្យ
39 ទ្រង់បានលើកចោលសេចក្ដីសញ្ញានៃអ្នកបម្រើទ្រង់ ក៏បានបង្អាប់មកុដ ដោយបោះចុះទៅដី
40 ទ្រង់បានរំលំរបងចេញ ហើយបានបំផ្លាញទីមាំមួនអស់រលីង
41 អស់អ្នកដែលដើរតាមផ្លូវក៏ប្លន់ អ្នកបម្រើទ្រង់បានត្រឡប់ជាទីត្មះតិះដៀល ដល់ពួកអ្នកជិតខាង
42 ទ្រង់បានលើកដៃស្តាំនៃពួកតតាំងឡើង ក៏បានឲ្យពួកខ្មាំងសត្រូវមានសេចក្ដីរីករាយសាទរ
43 ទ្រង់បានធ្វើឲ្យមុខដាវត្រឡប់មកវិញ ហើយមិនបានឲ្យអ្នកបម្រើទ្រង់ ឈរមាំនៅក្នុងទីចម្បាំងឡើយ
44 ទ្រង់បានផ្តាច់សេចក្ដីរុងរឿងចេញ ព្រមទាំងទម្លាក់បល្ល័ង្កទៅដី
45 ទ្រង់បានបំព្រួញវ័យក្មេងរបស់អ្នកបម្រើទ្រង់ឲ្យរួញជាខ្លី ហើយបានបង្គ្រប ដោយសេចក្ដីខ្មាសផង។ –បង្អង់
46 ៙ ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៅ តើទ្រង់នឹងពួនអង្គទ្រង់នៅជានិច្ចឬ សេចក្ដីក្រោធរបស់ទ្រង់នឹងឆួលឆេះដូចជាភ្លើង ដល់កាលណាទៀត
47 ឱសូមទ្រង់នឹកចាំពីអាយុទូលបង្គំដែលខ្លីម៉្លេះនេះ ហើយពីជីវិតនៃអស់ទាំងមនុស្សជាតិ ដែលឥតប្រយោជន៍ជាយ៉ាងណា
48 តើមានមនុស្សឯណា ដែលនឹងរស់នៅឥតឃើញ សេចក្ដីស្លាប់ឡើយ ឬដែលដោះព្រលឹងខ្លួន ឲ្យរួចពីអំណាចនៃស្ថាន ឃុំព្រលឹងមនុស្សស្លាប់ទៅបាន។ –បង្អង់
49 ៙ ឱព្រះអម្ចាស់អើយ អស់ទាំងសេចក្ដីសប្បុរស ដែលទ្រង់ប្រោសកាលពីដើម ជាសេចក្ដីដែលទ្រង់បានស្បថដល់ដាវីឌ ដោយសេចក្ដីស្មោះត្រង់របស់ទ្រង់នោះ ឥឡូវនេះ តើនៅឯណា
50 ឱព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីសេចក្ដីដែល គេត្មះតិះដៀលដល់ពួកអ្នកបម្រើទ្រង់ ហើយពីទូលបង្គំទ្រាំរងសេចក្ដីដំណៀលរបស់បណ្តាជន ទាំងឡាយនៅក្នុងទ្រូងផង
51 ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងបានយកសេចក្ដីដំណៀលនោះឯង មកត្មះតិះដៀលដល់ទូលបង្គំដែរ គឺគេបានត្មះតិះដៀលដល់អស់ទាំងជំហាននៃអ្នក ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ។
52 ៙ សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ នៅអស់កល្បជានិច្ច អាម៉ែន ហើយអាម៉ែន។