ទំនុកដំកើង
Psalm 24
ផែនដី និងសារពើនៅផែនដី ជារបស់ផងព្រះយេហូវ៉ា ព្រមទាំងលោកីយ៍ និងបណ្តាអ្នកដែលនៅលោកីយ៍ផង
2 ដ្បិតទ្រង់បានប្រតិស្ឋានផែនដីនៅលើសមុទ្រ ហើយបានតាំងឲ្យមាំមួននៅលើទឹកទាំងពួង។
3 ៙ តើអ្នកណានឹងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា តើអ្នកណានឹងឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន
4 គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ ជាអ្នកដែលមិនបណ្តោយឲ្យព្រលឹងខ្លួនទៅតាម សេចក្ដីភូតភរ ហើយមិនបានស្បថប្រវ័ញ្ចគេឡើយ
5 អ្នកនោះនឹងទទួលពរពីព្រះយេហូវ៉ា ហើយនិងសេចក្ដីសុចរិតពីព្រះដ៏ជួយសង្គ្រោះខ្លួន
6 នោះហើយជាពួកអ្នកដែលរកតាមទ្រង់ គឺដែលស្វែងរកព្រះភ័ក្ត្រទ្រង់ក្នុងពួកយ៉ាកុប។ បង្អង់
7 ៙ ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង ឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរនៅជាចំហចុះ នោះមហាក្សត្រដ៏មានសិរីល្អ ទ្រង់នឹងយាងចូលមក
8 តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា គឺព្រះយេហូវ៉ាដ៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិ ជាព្រះយេហូវ៉ាដ៏មានឥទ្ធិឫទ្ធិក្នុងចម្បាំង
9 ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង ឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរនៅជាចំហចុះ នោះមហាក្សត្រដ៏មានសិរីល្អ ទ្រង់នឹងយាងចូលមក
10 តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ជាមហាក្សត្រដ៏មានសិរីល្អនោះឯង។ –បង្អង់