Psalm 36

ការ​រំលង​ច្បាប់​របស់​មនុស្ស​អាក្រក់ នោះ​សម្ដែង​ក្នុង​ចិត្ត​ខ្ញុំ​ថា នៅ​ភ្នែក​គេ​គ្មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ​ទេ
2 ដ្បិត​នៅ​ភ្នែក​គេ​ក៏​មើល​ខ្លួន​ជា​គួរ​បញ្ចើច‌បញ្ចើ​វិញ ដោយ​ថា សេចក្ដី​ទុច្ចរិត​របស់​ខ្លួន មិន​ដែល​មាន អ្នក​ណា​ឃើញ ឬ​ស្អប់​ឡើយ
3 អស់​ទាំង​ពាក្យ​ដែល​ចេញ​ពី​មាត់​គេ សុទ្ធ​តែ​ជា សេចក្ដី​ទុច្ចរិត ហើយ​ភូត‌ភរ​ទទេ គេ​បាន​លែង​មាន​ប្រាជ្ញា ក៏​មិន​ប្រព្រឹត្ត​ល្អ​ដែរ
4 គេ​ដេក​គិត​បង្កើត​ការ​ទុច្ចរិត​នៅ​លើ​ដំណេក​ខ្លួន ក៏​តាំង​ខ្លួន​ដើរ​តាម​ផ្លូវ​ដែល​មិន​ល្អ គេ​មិន​ចេះ​ខ្ពើម​ការ​អាក្រក់​ឡើយ។
5 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ខ្ពស់ ដល់​ផ្ទៃ​មេឃ សេចក្ដី​ស្មោះ‌ត្រង់​នៃ​ទ្រង់​ក៏​ដល់​ពពក​ផង
6 សេចក្ដី​សុចរិត​របស់​ទ្រង់​ដូច​ជា​ភ្នំ​នៃ​ព្រះ សេចក្ដី​វិនិច្ឆ័យ​របស់​ទ្រង់​ដូច​មហា​សមុទ្រ​ដ៏​ជ្រៅ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ទំនុក​បម្រុង​ទាំង​មនុស្ស និង​សត្វ​ផង
7 ឱ​ព្រះ‌អង្គ​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ថ្លៃ​វិសេស យ៉ាង​ណា​ហ្ន៎ ពួក​មនុស្ស​លោក​ក៏​ជ្រក​នៅ​ម្លប់​នៃ​ស្លាប​ទ្រង់
8 គេ​នឹង​បាន​ឆ្អែត ដោយ​របស់​ដ៏​បរិបូរ​ក្នុង​ដំណាក់​ទ្រង់ ហើយ​ទ្រង់​នឹង​ឲ្យ​គេ​ផឹក​ពី​ទន្លេ​នៃ​សេចក្ដី​អំណរ​របស់​ទ្រង់
9 ដ្បិត​ឯ​ជ្រោះ​នៃ​ជីវិត នោះ​នៅ​ជា​មួយ​នឹង​ទ្រង់ នៅ​ក្នុង​ពន្លឺ​នៃ​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​បាន​ភ្លឺ
10 ឱ​សូម​ទ្រង់​ចេះ​តែ​ផ្តល់​សេចក្ដី​សប្បុរស ដល់​អស់​អ្នក​ដែល​ស្គាល់​ទ្រង់​ត​ទៅ ហើយ​សេចក្ដី​សុចរិត​របស់​ទ្រង់ ដល់​អស់​អ្នក ដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង
11 សូម​កុំ​ឲ្យ​ជើង​របស់​មនុស្ស​ឆ្មើង‌ឆ្មៃ មក​ទាស់​នឹង​ទូល‌បង្គំ ឬ​ដៃ​នៃ​មនុស្ស​អាក្រក់​មក​បណ្តេញ​ទូល‌បង្គំ​ឡើយ
12 សូម​ឲ្យ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​នោះ​បាន​ដួល​ចុះ ឲ្យ​គេ​ត្រូវ​ទម្លាក់​ទៅ​ឥត​ក្រោក​ឡើង​វិញ​បាន​ឡើយ។