ទំនុកដំកើង
Psalm 139
ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង
2 ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយចុះ និងការដែលទូលបង្គំក្រោកឡើងផង ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចម្ងាយដែរ
3 ទ្រង់ពិនិត្យពិចារណាផ្លូវច្រក និងទីដេករបស់ទូលបង្គំ ក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំដែរ
4 ដ្បិតឱព្រះយេហូវ៉ាអើយ ពាក្យសំដីមិនទាន់មាននៅអណ្តាតទូលបង្គំនៅឡើយ នោះទ្រង់ក៏ជ្រាបគ្រប់ជំពូកហើយ
5 ទ្រង់បានព័ទ្ធទូលបង្គំជិតពីមុខពីក្រោយ ហើយបានដាក់ព្រះហស្តលើទូលបង្គំ
6 ការដឹងច្បាស់យ៉ាងនេះ ក៏អស្ចារ្យហួសល្បត់ទូលបង្គំ ហើយខ្ពស់ដល់ម៉្លេះ បានជាទូលបង្គំ ឈោងមិនដល់សោះ
7 តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់ តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភ័ក្ត្រទ្រង់
8 ទោះបើទូលបង្គំនឹងឡើងទៅឯស្ថានសួគ៌ ក៏មានទ្រង់សណ្ឋិតនៅទីនោះ ទោះបើទូលបង្គំនឹងរៀបដំណេកនៅស្ថានឃុំ ព្រលឹងមនុស្សស្លាប់ នោះក៏ឃើញមានទ្រង់សណ្ឋិតនៅដែរ
9 ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាល ហោះទៅនៅឯទីបំផុតនៃសមុទ្រ
10 គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ
11 បើទូលបង្គំថា សេចក្ដីងងឹតនឹងគ្របបាំង ទូលបង្គំជាប្រាកដ ហើយពន្លឺដែលភ្លឺនៅជុំវិញទូលបង្គំនឹងត្រឡប់ទៅជាយប់វិញ
12 ដូច្នេះ ទាំងសេចក្ដីងងឹតនោះឯង មិនលាក់ពីទ្រង់ឡើយ ទោះទាំងយប់ក៏ភ្លឺដូចជាពេលថ្ងៃដែរ ឯសេចក្ដីងងឹត និងពន្លឺភ្លឺ នោះស្មើគ្នានៅចំពោះទ្រង់
13 ដ្បិតគឺទ្រង់ដែលបានបង្កើតចិត្តថ្លើមនៃទូលបង្គំ ហើយបានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្តាយ
14 ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ ឯស្នាដៃនៃទ្រង់ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ
15 កាលទូលបង្គំកើតមាននៅទីកំបាំង ហើយបានសូន្យធ្វើបែបចម្លែកៗនៅទីទាបនៃផែនដី នោះគ្រោងកាយរបស់ទូលបង្គំមិនកំបាំងនឹងទ្រង់ទេ
16 ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំ ក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយ ទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់ គឺអស់ទាំងថ្ងៃអាយុ ដែលបានតម្រូវឲ្យទូលបង្គំរស់នៅ ក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនោះនៅឡើយ
17 ឱព្រះអង្គអើយ ព្រះតម្រិះរបស់ទ្រង់មានតម្លៃវិសេស ដល់ទូលបង្គំណាស់ហ្ន៎ ក៏មានចំនួនច្រើនណាស់ផង
18 បើសិនជាទូលបង្គំនឹងខំរាប់ចំនួន នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត កាលណាទូលបង្គំភ្ញាក់ឡើង នោះទូលបង្គំនៅជាមួយនឹងទ្រង់នៅឡើយ
19 ឱព្រះអង្គអើយ ទ្រង់នឹងប្រហារពួក មនុស្សអាក្រក់ជាមិនខាន នែ ពួកមនុស្សដែលកម្ចាយឈាមអើយ ចូរថយចេញពីអញទៅ
20 ដ្បិតគេពោលយ៉ាងអាក្រក់ទាស់នឹងទ្រង់ ហើយពួកខ្មាំងសត្រូវរបស់ទ្រង់ គេចេញព្រះនាម ទ្រង់ជាអសារឥតការ
21 ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្អប់ដល់ពួកអ្នក ដែលស្អប់ទ្រង់ ក៏ខ្ពើមដល់ពួកអ្នកដែលលើកគ្នាទាស់នឹងទ្រង់ដែរទេតើ
22 គឺទូលបង្គំស្អប់គេពេញទីហើយ គេបានត្រឡប់ជាខ្មាំងសត្រូវដល់ទូលបង្គំដែរ
23 ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ
24 សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច។