ទំនុកដំកើង
Psalm 37
កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិតដែរ
2 ដ្បិតនៅបន្តិចទៀត គេនឹងត្រូវច្រូតកាត់ដូចជាស្មៅ ហើយនិងក្រៀមស្វិតទៅដូចជាស្មៅខ្ចីដែរ។
3 ៙ ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ យ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុក ហើយចម្អែតខ្លួនដោយសេចក្ដីពិត
4 ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត
5 ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសម្រេច
6 ទ្រង់នឹងឲ្យសេចក្ដីសុចរិតរបស់អ្នកបានផ្សាយចេញ ដូចជាពន្លឺ ហើយសេចក្ដីយុត្តិធម៌របស់អ្នក ដូចជាវេលាថ្ងៃត្រង់ផង
7 ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ កុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចម្រើនក្នុងផ្លូវគេ ឬមនុស្សដែលបង្កើតការអាក្រក់សម្រេចបាននោះឡើយ។
8 ៙ ចូរឈប់ពីសេចក្ដីកំហឹង ហើយបោះបង់សេចក្ដីឃោរឃៅចោលចេញ កុំឲ្យក្តៅចិត្តឡើយ ដ្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញ
9 ពីព្រោះពួកអ្នកដែលធ្វើអាក្រក់នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក
10 ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ
11 ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនិងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ។
12 ៙ ចំណែកមនុស្សអាក្រក់ គេគិតគូរការទាស់នឹងមនុស្សសុចរិត ក៏សំញែងធ្មេញដាក់អ្នកនោះ
13 តែព្រះអម្ចាស់ទ្រង់នឹងសើចនឹងគេ ដ្បិតទ្រង់ជ្រាបថា ថ្ងៃកំណត់ របស់គេកាន់តែជិតដល់
14 ពួកមនុស្សអាក្រក់បានហូតដាវជាស្រេច ហើយដំឡើងធ្នូទុក ដើម្បីនឹងទម្លាក់មនុស្សទ័លក្រ ហើយនិងមនុស្សកំសត់ទុគ៌ត ព្រមទាំងសម្លាប់អស់អ្នកដែលកាន់តាមផ្លូវទៀងត្រង់
15 តែដាវគេនឹងចាក់ចូលក្នុងចិត្តខ្លួនគេវិញ ហើយធ្នូគេនឹងត្រូវបាក់
16 ឯរបស់បន្តិចបន្តួចនៃមនុស្សសុចរិត នោះវិសេសជាជាងរបស់បរិបូរនៃមនុស្សអាក្រក់ ជាច្រើននាក់ទៅទៀត
17 ដ្បិតដៃនៃមនុស្សអាក្រក់នឹងត្រូវបាក់ តែព្រះយេហូវ៉ាទ្រង់ទប់ទល់មនុស្សសុចរិត។
18 ៙ ព្រះយេហូវ៉ាទ្រង់ជ្រាបនូវអស់ទាំងថ្ងៃរបស់ មនុស្សទៀតត្រង់ ហើយមរដករបស់គេនឹងនៅជាប់ជាដរាប
19 គេនឹងមិនត្រូវខ្មាសក្នុងគ្រាអាក្រក់ឡើយ ហើយនៅវេលាអំណត់ នោះគេនឹងបានឆ្អែត។
20 ៙ តែមនុស្សអាក្រក់នឹងត្រូវវិនាសទៅ ហើយពួកខ្មាំងនៃព្រះយេហូវ៉ានឹងដូចជាខ្លាញ់កូនចៀម គេនឹងត្រូវសូន្យបាត់ទៅ គេនឹងឆេះទៅជាផ្សែងអស់រលីង
21 ឯមនុស្សអាក្រក់គេខ្ចីឥតសងវិញឡើយ តែមនុស្សសុចរិតគេមានគុណ ហើយក៏ឲ្យទានវិញ
22 ដ្បិតអស់អ្នកដែលទទួលព្រះពរពីទ្រង់ នោះនឹងបានផែនដីជាមរដក តែអស់អ្នកដែលទ្រង់ដាក់បណ្តាសាវិញ នោះនឹងបានត្រូវកាត់ចោលចេញ។
23 ៙ គឺព្រះយេហូវ៉ាដែលតម្រូវអស់ទាំងជំហាននៃមនុស្សល្អ ហើយទ្រង់សព្វព្រះហឫទ័យនឹងផ្លូវដែលគេដើរដែរ
24 ទោះបើគេភ្លាត់ដួល គង់តែមិនត្រូវដួលទាំងស្រុងទេ ដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ត
25 យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ
26 គេរមែងមានគុណជាដរាបរាល់ថ្ងៃ ព្រមទាំងឲ្យគេខ្ចី ហើយពូជពង្សគេបានពរដែរ។
27 ៙ ចូរគេចចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អចុះ នោះអ្នកនឹងបាននៅជារៀងរាបដរាប
28 ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្តិធម៌ ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ ទ្រង់ថែរក្សាគេអស់កល្បជានិច្ច តែពូជរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញ
29 ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនិងនៅក្នុងស្រុកនោះជានិច្ច។
30 ៙ មាត់របស់មនុស្សសុចរិតពោលចេញសុទ្ធតែប្រាជ្ញា ហើយអណ្តាតគេក៏សម្ដែងជាសេចក្ដីយុត្តិធម៌
31 ក្រឹត្យវិន័យរបស់ព្រះនៃគេ នោះនៅក្នុងចិត្ត ឯជំហាននៃគេ ក៏នឹងមិនភ្លាំងភ្លាត់ឡើយ
32 មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយក៏រកសម្លាប់គេ
33 ព្រះយេហូវ៉ាទ្រង់មិនទុកគេឲ្យនៅក្នុង កណ្តាប់ដៃមនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេមានទោសក្នុងកាលដែលត្រូវជំនុំជម្រះដែរ។
34 ៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់ចុះ នោះទ្រង់នឹងតម្កើងអ្នក ឲ្យបានផែនដីជាមរដក នៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញ នោះអ្នកនឹងបានឃើញហើយ
35 យើងបានឃើញមនុស្សអាក្រក់មានអំណាចយ៉ាងសន្ធឹក ហើយកំពុងតែពង្រីកធំឡើង ដូចជាដើមឈើខ្ចី ដែលចម្រើននៅទីកំណើតវា
36 តែគេបាត់ទៅ ហើយមើល មិនមានគេទៀតឡើយ អើ យើងបានស្វែងរកគេ តែមិនប្រទះសោះ។
37 ៙ ចូរចំណាំមើលមនុស្សគ្រប់លក្ខណ៍វិញ ហើយពិចារណាមើលមនុស្សទៀតត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះមានសេចក្ដីសាន្តត្រាណ
38 ឯពួកមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា ឯចុងបំផុតនៃមនុស្សអាក្រក់ នោះនឹងត្រូវកាត់ចេញវិញ
39 ឯសេចក្ដីសង្គ្រោះនៃមនុស្សសុចរិត នោះមកពីព្រះយេហូវ៉ា ក្នុងគ្រាដែលមានសេចក្ដីលំបាក នោះទ្រង់ជាទីអាងដល់គេ
40 ព្រះយេហូវ៉ាទ្រង់ជួយគេ ក៏ប្រោសឲ្យរួច ទ្រង់ប្រោសគេឲ្យរួចពីមនុស្សអាក្រក់ ព្រមទាំងជួយសង្គ្រោះគេផង ពីព្រោះគេបានពឹងជ្រកក្នុងទ្រង់។