ទំនុកដំកើង
Psalm 64
ឱព្រះអង្គអើយ សូមស្តាប់សំឡេងទូលបង្គំ ដែលទូលបង្គំពោលដំអូញ សូមការពារជីវិតទូលបង្គំ ឲ្យរួចពីការភ័យខ្លាចចំពោះ ពួកខ្មាំងសត្រូវ
2 សូមលាក់ទូលបង្គំ ឲ្យកំបាំងពីសេចក្ដីដែលពួកប្រព្រឹត្ត អាក្រក់ប្រឹក្សាដោយសម្ងាត់ និងពីការចលាចលរបស់មនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិត
3 ជាពួកអ្នកដែលបានសំលៀងអណ្តាតដូចជាសំលៀងដាវ ព្រមទាំងតម្រង់ព្រួញគេ គឺជាពាក្យជូរចត់
4 ដើម្បីនឹងបាញ់ពីទីកំបាំង ឲ្យត្រូវមនុស្សគ្រប់លក្ខណ៍ គេស្រាប់តែបាញ់អ្នកនោះ ឥតខ្លាចអ្វីសោះ
5 គេជំរុញចិត្តគ្នាក្នុងការអាក្រក់ ក៏ពិគ្រោះគ្នាអំពីការដាក់អន្ទាក់ដោយស្ងាត់កំបាំង គេថា តើអ្នកណានឹងឃើញ
6 គេស្វែងរកអំពើទុច្ចរិត គេថា យើងបានស្វែងរកអស់ពីចិត្តជាស្រេចហើយ ឯគំនិតខាងក្នុង និងចិត្តរបស់គេ សុទ្ធតែមានជម្រៅណាស់
7 ប៉ុន្តែ ព្រះទ្រង់នឹងបាញ់ចំគេ លោតែគេនឹងត្រូវរបួសដោយព្រួញណាមួយ
8 គឺអណ្តាតខ្លួនគេនឹងនាំឲ្យគេដួល ហើយអស់អ្នកណាដែលឃើញនឹងគ្រវីក្បាល
9 នោះមនុស្សទាំងអស់នឹងភ័យខ្លាច ហើយនិងប្រកាសប្រាប់ពីកិច្ចការរបស់ព្រះ ព្រមទាំងពិចារណាដោយប្រាជ្ញាពីការដែលទ្រង់ធ្វើ
10 ពួកមនុស្សសុចរិតនឹងអរសប្បាយ ដោយនូវព្រះយេហូវ៉ា គេនឹងពឹងជ្រកក្នុងទ្រង់ អស់អ្នកណាដែលមានចិត្តទៀតត្រង់ គេនឹងអួតសរសើរ។