ទំនុកដំកើង
Psalm 119
មានពរហើយអស់អ្នកដែលផ្លូវប្រព្រឹត្ត របស់ខ្លួនបានគ្រប់លក្ខណ៍ គឺជាអ្នកដែលដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា
2 មានពរហើយ អស់អ្នកដែលរក្សាទុកនូវសេចក្ដីបន្ទាល់ របស់ទ្រង់ ជាអ្នកដែលស្វែងរកទ្រង់ឲ្យអស់ពីចិត្ត
3 អើ ពួកនោះមិនដែលប្រព្រឹត្តអំពើទុច្ចរិតឡើយ គឺគេដើរតាមផ្លូវរបស់ទ្រង់វិញ
4 ទ្រង់បានប្រកាសសេចក្ដីបញ្ញត្តរបស់ទ្រង់មក ដើម្បីឲ្យយើងខ្ញុំបានកាន់តាមដោយម៉ត់ចត់
5 ឱបើសិនណាជាផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានរៀបចំទៅអេះ ដើម្បីឲ្យបានកាន់តាមច្បាប់ទ្រង់
6 កាលណាទូលបង្គំរាប់អានអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ នោះទូលបង្គំនឹងមិនត្រូវខ្មាសឡើយ
7 កាលណាទូលបង្គំបានរៀនអស់ទាំងខច្បាប់ដ៏សុចរិត របស់ទ្រង់ នោះទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដោយចិត្តទៀងត្រង់
8 ទូលបង្គំនឹងកាន់តាមច្បាប់របស់ទ្រង់ ឱសូមកុំលះចោលទូលបង្គំឲ្យអស់រលីងឡើយ។
9 ៙ មនុស្សកំលោះនឹងសម្អាតផ្លូវដែលខ្លួនប្រព្រឹត្ត ដោយសារអ្វី គឺដោយប្រយ័ត និងប្រព្រឹត្តតាមព្រះបន្ទូលនៃទ្រង់
10 ទូលបង្គំបានស្វែងរកទ្រង់អស់ពីចិត្ត ឱសូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្ដីបង្គាប់ របស់ទ្រង់ឡើយ
11 ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ
12 ឱព្រះយេហូវ៉ាអើយ ទ្រង់មានពរហើយ សូមបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ
13 បបូរមាត់ទូលបង្គំបានសម្ដែងពីគ្រប់ទាំងច្បាប់ ដែលចេញពីព្រះឱស្ឋទ្រង់មក
14 ទូលបង្គំបានត្រេកអរក្នុងផ្លូវប្រព្រឹត្តតាម សេចក្ដីបន្ទាល់របស់ទ្រង់ ឲ្យស្មើនឹងសេចក្ដីអំណរចំពោះទ្រព្យសម្បត្តិគ្រប់យ៉ាង
15 ទូលបង្គំនឹងរំពឹងគិតពីសេចក្ដីបញ្ញត្តរបស់ទ្រង់ ហើយនិងស្រឡាញ់រាប់អានអស់ទាំងផ្លូវរបស់ទ្រង់
16 ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ។
17 ៙ សូមប្រោសអ្នកបម្រើរបស់ទ្រង់ ដោយគុណដ៏ប្រសើរ ប្រយោជន៍ឲ្យទូលបង្គំបានរស់នៅ ហើយកាន់តាមព្រះបន្ទូលទ្រង់
18 សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្ដីអស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ទ្រង់
19 ទូលបង្គំជាមនុស្សគ្រាន់តែស្នាក់នៅផែនដីតែប៉ុណ្ណោះ សូមកុំលាក់សេចក្ដីបង្គាប់របស់ទ្រង់នឹងទូលបង្គំឡើយ
20 ព្រលឹងទូលបង្គំសង្រេង ដោយនឹករឭកដល់ច្បាប់ទ្រង់គ្រប់ពេលវេលា
21 ទ្រង់បានបន្ទោសមនុស្សឆ្មើងឆ្មៃ ដែលត្រូវបណ្តាសាហើយ ជាពួកអ្នកដែលវង្វេងចេញពីសេចក្ដីបង្គាប់របស់ទ្រង់
22 សូមដកយកការដំណៀល និងការមើលងាយពីទូលបង្គំចេញ ដ្បិតទូលបង្គំបានរក្សាសេចក្ដីបន្ទាល់របស់ទ្រង់ទុក
23 មានទាំងពួកអ្នកធំបានអង្គុយប្រឹក្សាគ្នា ទាស់នឹងទូលបង្គំដែរ អ្នកបម្រើរបស់ទ្រង់បាននឹករំពឹងតែពីសេចក្ដីបញ្ញត្ត របស់ទ្រង់វិញ
24 ទូលបង្គំយកសេចក្ដីបន្ទាល់ទ្រង់ ទុកជាសេចក្ដីអំណររបស់ខ្លួន ហើយជាសេចក្ដីដំបូន្មានផង។
25 ៙ ព្រលឹងទូលបង្គំឈ្លក់នៅនឹងធូលីដី សូមប្រោសទូលបង្គំឲ្យភ្ងារឡើង តាមព្រះបន្ទូលទ្រង់
26 ទូលបង្គំបានទូលសម្ដែងពីផ្លូវប្រព្រឹត្តរបស់ទូលបង្គំ ហើយទ្រង់បានឆ្លើយមក សូមបង្រៀនអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំផង
27 សូមឲ្យទូលបង្គំបានយល់ក្នុងផ្លូវឱវាទរបស់ទ្រង់ យ៉ាងនោះទូលបង្គំនឹងនឹករំពឹងពីការអស្ចារ្យរបស់ទ្រង់
28 ព្រលឹងទូលបង្គំរលាយទៅ ដោយសេចក្ដីធ្ងន់ចិត្ត សូមចម្រើនកម្លាំងដល់ទូលបង្គំ តាមព្រះបន្ទូលនៃទ្រង់
29 សូមដកការប្រព្រឹត្តដោយភូតភរពីទូលបង្គំចេញ ហើយអនុញ្ញាតប្រទានក្រឹត្យវិន័យរបស់ទ្រង់មកទូលបង្គំ ដោយព្រះគុណ
30 ទូលបង្គំបានរើសយកផ្លូវស្មោះត្រង់ហើយ ទូលបង្គំបានតាំងច្បាប់របស់ទ្រង់នៅចំពោះភ្នែកដែរ
31 ទូលបង្គំកាន់ខ្ជាប់តាមសេចក្ដីបន្ទាល់របស់ទ្រង់ ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
32 ទូលបង្គំនឹងរត់ទៅតាមផ្លូវនៃសេចក្ដីបង្គាប់ទ្រង់ ដ្បិតទ្រង់បានពង្រីកចិត្តទូលបង្គំឡើងហើយ។
33 ៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវ នៃអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំ នោះទូលបង្គំនឹងកាន់តាមដរាបដល់ចុងបំផុត
34 សូមប្រទានឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំ នឹងកាន់តាមក្រឹត្យវិន័យទ្រង់ អើ ទូលបង្គំនឹងរក្សាទុកឲ្យអស់ពីចិត្តផង
35 សូមបណ្តាលឲ្យទូលបង្គំដើរទៅតាមផ្លូវច្រកនៃសេចក្ដីបង្គាប់ របស់ទ្រង់ ដ្បិតទូលបង្គំមានសេចក្ដីរីករាយក្នុងផ្លូវនោះ
36 សូមធ្វើឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្ដីបន្ទាល់ របស់ទ្រង់ កុំឲ្យល្អៀងទៅខាងសេចក្ដីលោភឡើយ
37 សូមបង្វែរភ្នែកទូលបង្គំមិនឲ្យមើលការឥតប្រយោជន៍ ហើយប្រោសឲ្យទូលបង្គំមានកម្លាំងឡើងក្នុងផ្លូវទ្រង់
38 សូមសម្រេចដល់អ្នកបម្រើទ្រង់តាមព្រះបន្ទូល ជាសេចក្ដីដែលទុកសម្រាប់ពួកអ្នកកោតខ្លាចដល់ទ្រង់
39 សូមបង្វែរសេចក្ដីដំណៀលដែលទូលបង្គំខ្លាចនោះ ចេញពីទូលបង្គំទៅ ដ្បិតច្បាប់នៃទ្រង់សុទ្ធតែល្អ
40 មើល ទូលបង្គំបាននឹកអាល័យដល់បញ្ញត្តទាំងប៉ុន្មាន របស់ទ្រង់ សូមប្រោសឲ្យទូលបង្គំមានកម្លាំងឡើង ដោយសេចក្ដីសុចរិតរបស់ទ្រង់។
41 ៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីសប្បុរសទ្រង់ផ្សាយមកដល់ខ្លួនទូលបង្គំ គឺជាសេចក្ដីសង្គ្រោះរបស់ទ្រង់ តាមព្រះបន្ទូលទ្រង់
42 យ៉ាងនោះ ទូលបង្គំនឹងមានពាក្យចម្លើយដល់អ្នកណា ដែលត្មះតិះដៀលទូលបង្គំ ដ្បិតទូលបង្គំទុកចិត្តនឹងព្រះបន្ទូលទ្រង់
43 សូមកុំដកព្រះបន្ទូលដ៏ពិតចេញពីមាត់ទូលបង្គំ អស់រលីងឡើយ ដ្បិតទូលបង្គំបានសង្ឃឹមដល់ច្បាប់នៃទ្រង់
44 យ៉ាងនោះ ទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យទ្រង់ជានិច្ច នៅអស់កល្បជានិច្ចរៀងតទៅ
45 ទូលបង្គំនឹងដើរទៅដោយសេរីភាព ដ្បិតទូលបង្គំបានស្វែងរកអស់ទាំងបញ្ញត្តនៃទ្រង់
46 ទូលបង្គំនឹងពោលពីសេចក្ដីបន្ទាល់របស់ទ្រង់ នៅចំពោះពួកស្តេច ឥតដែលត្រូវខ្មាសឡើយ
47 ទូលបង្គំនឹងមានចិត្តរីករាយ ដោយសារសេចក្ដីបង្គាប់ របស់ទ្រង់ ជាសេចក្ដីដែលទូលបង្គំបានស្រឡាញ់
48 ទូលបង្គំនឹងលើកដៃប្រណម្យចំពោះសេចក្ដីបង្គាប់ របស់ទ្រង់ ដែលទូលបង្គំបានស្រឡាញ់ ហើយនិងរំពឹងគិតពីបញ្ញត្តទ្រង់។
49 ៙ សូមទ្រង់នឹកចាំពីសេចក្ដីដែលទ្រង់មានព្រះបន្ទូល ដល់អ្នកបម្រើទ្រង់ ជាសេចក្ដីដែលនាំឲ្យទូលបង្គំមានសេចក្ដីសង្ឃឹម
50 នេះហើយជាសេចក្ដីកំសាន្តចិត្តដល់ទូលបង្គំ ក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយ គឺព្រះបន្ទូលទ្រង់បានប្រោស ឲ្យទូលបង្គំមានកម្លាំងឡើង
51 ពួកអ្នកឆ្មើងឆ្មៃបានមើលងាយទូលបង្គំពន់ពេក ប៉ុន្តែ ទូលបង្គំមិនបានបែរចេញពីក្រឹត្យវិន័យទ្រង់ឡើយ
52 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំពីបញ្ញត្តទ្រង់ ដ៏មានពីបុរាណមក ជាការនាំឲ្យទូលបង្គំបានក្សាន្តចិត្ត
53 ទូលបង្គំមានសេចក្ដីគ្នាន់ក្នាញ់មកគ្របសង្កត់ចិត្ត ដោយព្រោះមនុស្សអាក្រក់ ដែលបោះបង់ចោល ក្រឹត្យវិន័យរបស់ទ្រង់
54 អស់ទាំងបញ្ញត្តទ្រង់ជាបទចម្រៀងរបស់ទូលបង្គំ នៅក្នុងផ្ទះដែលទូលបង្គំអាស្រ័យនៅ
55 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំពីព្រះនាមទ្រង់ នៅវេលាយប់ ហើយបានកាន់តាមក្រឹត្យវិន័យទ្រង់
56 សេចក្ដីនេះបានកើតដល់ទូលបង្គំ ដោយព្រោះបានរក្សាទុកនូវបញ្ញត្តរបស់ទ្រង់។
57 ៙ ឯចំណែកនៃទូលបង្គំ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានពោលថា ត្រូវឲ្យទូលបង្គំរក្សាអស់ទាំង ព្រះបន្ទូលនៃទ្រង់
58 ទូលបង្គំបានទូលអង្វរដល់ទ្រង់អស់ពីចិត្ត សូមទ្រង់មេត្តាប្រោសដល់ទូលបង្គំ តាមព្រះបន្ទូលទ្រង់
59 ទូលបង្គំបាននឹកពីផ្លូវប្រព្រឹត្តរបស់ខ្លួន នោះបានបំបែរជើងទៅតាមសេចក្ដីបន្ទាល់របស់ទ្រង់វិញ
60 ទូលបង្គំមិនបានបង្អែបង្អង់ឡើយ គឺបានប្រញាប់នឹងរក្សាអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់
61 ចំណងរបស់មនុស្សអាក្រក់បានរុំព័ទ្ធទូលបង្គំជុំវិញ តែទូលបង្គំមិនបានភ្លេចក្រឹត្យវិន័យរបស់ទ្រង់ឡើយ
62 នៅកណ្តាលអធ្រាត្រ ទូលបង្គំនឹងក្រោកឡើង ដើម្បីអរព្រះគុណដល់ទ្រង់ ដោយព្រោះអស់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់
63 ទូលបង្គំជាមិត្តភក្តិនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយនិងអស់អ្នកដែលរក្សាបញ្ញត្តទ្រង់ដែរ
64 ឱព្រះយេហូវ៉ាអើយ ផែនដីមានពេញដោយ សេចក្ដីសប្បុរសរបស់ទ្រង់ សូមបង្រៀនសេចក្ដីបញ្ញត្តទ្រង់ដល់ទូលបង្គំផង។
65 ៙ ឱព្រះយេហូវ៉ាអើយ ទ្រង់បានប្រោសអ្នកបម្រើទ្រង់ ដោយល្អ តាមព្រះបន្ទូលនៃទ្រង់
66 សូមបង្រៀនឲ្យទូលបង្គំមានប្រាជ្ញាឆ្លុះយល់ ហើយចេះដឹងយ៉ាងល្អ ដ្បិតទូលបង្គំបានជឿចំពោះសេចក្ដីបង្គាប់នៃទ្រង់ហើយ
67 កាលមុនដែលទូលបង្គំកើតទុក្ខព្រួយ នោះទូលបង្គំបានវង្វេងទៅ តែឥឡូវនេះ ទូលបង្គំកាន់តាមព្រះបន្ទូលទ្រង់វិញ
68 ទ្រង់ល្អប្រសើរ ហើយក៏ធ្វើការល្អដែរ សូមបង្រៀនបញ្ញត្តទ្រង់ដល់ទូលបង្គំ
69 ពួកមនុស្សឆ្មើងឆ្មៃបានបង្កើតសេចក្ដីភូតភរ ទាស់នឹងទូលបង្គំ តែទូលបង្គំនឹងរក្សាទុកនូវបញ្ញត្តទ្រង់យ៉ាងអស់ពីចិត្ត
70 ចិត្តគេស្ពឹកដូចជាមនុស្សមានខ្លាញ់ខន់ តែទូលបង្គំមានចិត្តអំណរចំពោះក្រឹត្យវិន័យទ្រង់វិញ
71 ការដែលទូលបង្គំកើតមានទុក្ខព្រួយ នោះគឺជាប្រយោជន៍ដល់ទូលបង្គំហើយ ដើម្បីឲ្យទូលបង្គំបានរៀនយកបញ្ញត្តរបស់ទ្រង់
72 ក្រឹត្យវិន័យដែលចេញពីព្រះឱស្ឋទ្រង់មក នោះវិសេសដល់ទូលបង្គំ ជាជាងមាសប្រាក់ ទាំងពាន់ផង។
73 ៙ ព្រះហស្តនៃទ្រង់បានបង្កើត ហើយតាំងទូលបង្គំឡើង សូមប្រោសឲ្យទូលបង្គំមានយោបល់ ដើម្បីនឹងរៀនឲ្យបានស្គាល់សេចក្ដីបង្គាប់របស់ទ្រង់
74 ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ គេនឹងឃើញទូលបង្គំ ហើយមានសេចក្ដីអំណរ ដោយព្រោះទូលបង្គំបាន សង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់
75 ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងហើយថា អស់ទាំងខច្បាប់របស់ទ្រង់សុទ្ធតែសុចរិត ហើយថា ទ្រង់បានធ្វើឲ្យទូលបង្គំកើតមានទុក្ខ ដោយសេចក្ដីស្មោះត្រង់របស់ទ្រង់ទេ
76 ទូលបង្គំទូលអង្វរដល់ទ្រង់ សូមឲ្យសេចក្ដីសប្បុរស របស់ទ្រង់ផ្សាយមកជួយដោះទុក្ខទូលបង្គំ តាមសេចក្ដីដែលទ្រង់មានព្រះបន្ទូលដល់អ្នកបម្រើទ្រង់ហើយ
77 សូមប្រទានសេចក្ដីមេត្តាករុណារបស់ទ្រង់មកទូលបង្គំ ដើម្បីទូលបង្គំមានជីវិតស្ថិតស្ថេរនៅ ដ្បិតទូលបង្គំយកក្រឹត្យវិន័យទ្រង់ជាសេចក្ដីអំណរដល់ខ្លួន
78 សូមឲ្យពួកមនុស្សឆ្មើងឆ្មៃត្រូវមានសេចក្ដីខ្មាសវិញ ដ្បិតគេបានប្រព្រឹត្តក្រវិចក្រវៀននឹងទូលបង្គំ ដោយឥតហេតុ តែទូលបង្គំនឹងរំពឹងគិតពីបញ្ញត្តទ្រង់
79 សូមឲ្យអស់អ្នកដែលកោតខ្លាចដល់ទ្រង់ បានបែរមកឯទូលបង្គំ នោះគេនឹងស្គាល់សេចក្ដីបន្ទាល់របស់ទ្រង់ផង
80 សូមឲ្យចិត្តទូលបង្គំបានជាប់ស៊ប់នឹងបញ្ញត្តទ្រង់ ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។
81 ៙ ព្រលឹងនៃទូលបង្គំភ្លឹកទៅ ដោយប្រាថ្នាចង់បាន សេចក្ដីសង្គ្រោះរបស់ទ្រង់ ទូលបង្គំក៏សង្ឃឹមដល់ព្រះបន្ទូលទ្រង់
82 ភ្នែកទូលបង្គំស្រវាំងទៅ ដោយចង់បានព្រះបន្ទូលនៃទ្រង់ ហើយទូលបង្គំនិយាយថា តើកាលណាបានទ្រង់ ដោះទុក្ខទូលបង្គំទៅ
83 ដ្បិតទូលបង្គំបានត្រឡប់ដូចជាថង់ស្បែកដែលត្រូវផ្សែង តែទូលបង្គំមិនភ្លេចបញ្ញត្តទ្រង់ឡើយ
84 តើថ្ងៃអាយុនៃអ្នកបម្រើទ្រង់បានប៉ុន្មានទៅ តើដល់កាលណាបានទ្រង់សម្រេចទោស ដល់ពួកអ្នកដែលបៀតបៀនទូលបង្គំ
85 ពួកមនុស្សឆ្មើងឆ្មៃបានជីករណ្តៅសម្រាប់ចាប់ទូលបង្គំ ជាការប្រព្រឹត្តលើ្មសចំពោះក្រឹត្យវិន័យទ្រង់
86 អស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់សុទ្ធតែស្មោះត្រង់ ឯគេៗបៀតបៀនទូលបង្គំដោយឥតហេតុ សូមជួយទូលបង្គំផង
87 គេបានធ្វើឲ្យទូលបង្គំហៀបតែនឹងសូន្យបាត់ពីផែនដីទៅ ប៉ុន្តែ ទូលបង្គំមិនបានបោះបង់ចោលបញ្ញត្តទ្រង់ទេ
88 សូមចម្រើនកម្លាំងនៃទូលបង្គំ តាមសេចក្ដីសប្បុរស របស់ទ្រង់ យ៉ាងនោះទូលបង្គំនឹងបានរក្សាសេចក្ដីបន្ទាល់ ដែលចេញពីព្រះឱស្ឋទ្រង់មក។
89 ឱព្រះយេហូវ៉ាអើយ ព្រះបន្ទូលទ្រង់បានតាំងនៅស្ថានសួគ៌ ដរាបដល់អស់កល្បជានិច្ច
90 សេចក្ដីស្មោះត្រង់របស់ទ្រង់ក៏ស្ថិតស្ថេរនៅ គ្រប់ទាំងដំណមនុស្សតទៅ ទ្រង់បានប្រតិស្ឋានផែនដី ហើយផែនដីក៏តាំងនៅជាប់
91 ទាំងអស់ស្ថិតស្ថេរនៅ ដរាបដល់សព្វថ្ងៃនេះ តាមច្បាប់ទ្រង់ ដ្បិតទាំងអស់សម្រាប់បម្រើទ្រង់
92 បើទូលបង្គំមិនបានរីករាយក្នុងក្រឹត្យវិន័យរបស់ទ្រង់ នោះទូលបង្គំនឹងបានវិនាសទៅក្នុងសេចក្ដីទុក្ខព្រួយ របស់ទូលបង្គំហើយ
93 ទូលបង្គំនឹងមិនដែលភ្លេចបញ្ញត្តទ្រង់ឡើយ ដ្បិតទ្រង់បានប្រោសឲ្យទូលបង្គំមានកម្លាំងឡើង ដោយសារបញ្ញត្តទាំងនោះឯង
94 ទូលបង្គំជារបស់ផងទ្រង់ហើយ សូមជួយសង្គ្រោះទូលបង្គំផង ដ្បិតទូលបង្គំបានស្វែងរកបញ្ញត្តទ្រង់
95 ពួកមនុស្សអាក្រក់គេបានរង់ចាំនឹងធ្វើឲ្យទូលបង្គំវិនាស តែទូលបង្គំនឹងពិចារណាសេចក្ដីបន្ទាល់របស់ទ្រង់
96 ទូលបង្គំបានឃើញចុងនៃសេចក្ដីគ្រប់លក្ខណ៍ហើយ តែសេចក្ដីបង្គាប់របស់ទ្រង់ធំទូលាយលើសទៅទៀត។
97 ៙ ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះជាដរាបរាល់ថ្ងៃ
98 សេចក្ដីបង្គាប់របស់ទ្រង់ក៏ធ្វើឲ្យទូលបង្គំមានប្រាជ្ញា លើសជាងខ្មាំងសត្រូវ ដ្បិតបាននៅជាប់ជាមួយនឹងទូលបង្គំជាដរាប
99 ទូលបង្គំមានយោបល់ជាងអស់ទាំងគ្រូរបស់ទូលបង្គំទៅទៀត ដ្បិតសេចក្ដីបន្ទាល់ទ្រង់ជាទីនឹករំពឹងរបស់ទូលបង្គំ
100 ទូលបង្គំយល់បានច្រើនជាងពួកចាស់ៗ ពីព្រោះទូលបង្គំបានរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់
101 ទូលបង្គំបានបង្ខាំងជើងឲ្យវៀរចាកពីផ្លូវអាក្រក់ ដើម្បីឲ្យទូលបង្គំបានកាន់តាមព្រះបន្ទូលនៃទ្រង់
102 ទូលបង្គំមិនបានបែរចេញពីច្បាប់ទ្រង់ឡើយ ដ្បិតទ្រង់បានបង្រៀនទូលបង្គំ
103 ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត
104 ទូលបង្គំបានមានយោបល់ដោយសារបញ្ញត្តទ្រង់ ហេតុនោះបានជាទូលបង្គំស្អប់ដល់អស់ទាំងផ្លូវកំភូត។
105 ៙ ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង
106 ទូលបង្គំបានស្បថហើយ ក៏នឹងសម្រេចតាមថា ទូលបង្គំនឹងកាន់តាមបញ្ញត្តដ៏សុចរិតរបស់ទ្រង់
107 ទូលបង្គំមានទុក្ខព្រួយជាច្រើនណាស់ ព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំមាន កម្លាំងឡើង តាមព្រះបន្ទូលទ្រង់
108 ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរឲ្យទ្រង់ទទួល តង្វាយនៃមាត់ទូលបង្គំ ដែលថ្វាយដោយស្ម័គ្រពីចិត្ត ហើយសូមបង្រៀនអស់ទាំងច្បាប់ទ្រង់ដល់ទូលបង្គំផង
109 ជីវិតនៃទូលបង្គំមានអន្តរាយឥតឈប់ឈរ តែទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ទ្រង់ឡើយ
110 ពួកមនុស្សអាក្រក់បានដាក់អន្ទាក់ ចង់ចាប់ទូលបង្គំ ប៉ុន្តែ ទូលបង្គំមិនបានវង្វេងចេញពីបញ្ញត្តទ្រង់ទេ
111 ទូលបង្គំបានទទួលយកសេចក្ដីបន្ទាល់ទ្រង់ ទុកជាមរដកនៅជាដរាប ដ្បិតសេចក្ដីទាំងនោះនាំឲ្យចិត្តទូលបង្គំបានរីករាយ
112 ទូលបង្គំបានលំអៀងចិត្តទៅឲ្យសម្រេចតាមបញ្ញត្តទ្រង់ នៅជាដរាប រហូតដល់ចុងបំផុត។
113 ៙ ទូលបង្គំស្អប់ចំពោះអស់អ្នកដែលមានចិត្ត២ តែទូលបង្គំស្រឡាញ់ដល់ក្រឹត្យវិន័យទ្រង់វិញ
114 ទ្រង់ជាទីពឹងជ្រក ហើយជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់
115 នែ អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ ចូរថយពីអញចេញ ដើម្បីឲ្យអញបានរក្សាសេចក្ដីបង្គាប់របស់ព្រះនៃអញ
116 សូមទប់ទល់ទូលបង្គំតាមព្រះបន្ទូលនៃទ្រង់ ឲ្យទូលបង្គំបានរស់នៅ សូមកុំឲ្យទូលបង្គំត្រូវខ្មាស ដោយព្រោះសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ
117 សូមទ្រង់ធ្វើជាបង្អែកនៃទូលបង្គំ ឲ្យទូលបង្គំបានសេចក្ដីសុខ នោះទូលបង្គំនឹងគោរពរាប់អានចំពោះបញ្ញត្តទ្រង់ជានិច្ច
118 ទ្រង់បានលើកថ្លឹងនូវអស់អ្នកដែលវង្វេងចេញ ពីបញ្ញត្តទ្រង់ ដ្បិតសេចក្ដីឆបោករបស់គេជាសេចក្ដីកំភូតទទេ
119 ទ្រង់ធ្វើឲ្យពួកមនុស្សអាក្រក់បាត់ចេញពីផែនដី ដូចជាគេដួសពពុះចេញពីឆ្នាំង ហេតុនោះបានជាទូលបង្គំស្រឡាញ់ដល់សេចក្ដីបន្ទាល់ របស់ទ្រង់
120 រូបសាច់ទូលបង្គំញ័រញាក់ ដោយភ័យខ្លាចដល់ទ្រង់ ទូលបង្គំក៏ខ្លាចចំពោះសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ដែរ។
121 ៙ ទូលបង្គំបានសម្រេចតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត សូមកុំបោះបង់ចោលទូលបង្គំ ទៅក្នុងអំណាចនៃពួកអ្នកដែលសង្កត់សង្កិនឡើយ
122 សូមទ្រង់ធានាឲ្យអ្នកបម្រើទ្រង់បានសេចក្ដីល្អ សូមកុំឲ្យពួកមនុស្សឆ្មើងឆ្មៃសង្កត់សង្កិនទូលបង្គំឡើយ
123 ភ្នែកទូលបង្គំស្រវាំងទៅ ដោយទន្ទឹង ចាំឲ្យបានសេចក្ដីសង្គ្រោះ និងព្រះបន្ទូលដ៏សុចរិតរបស់ទ្រង់
124 សូមប្រព្រឹត្តនឹងអ្នកបម្រើទ្រង់ តាមសេចក្ដីសប្បុរសរបស់ទ្រង់ ហើយបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ
125 ទូលបង្គំជាអ្នកបម្រើទ្រង់ហើយ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យបានស្គាល់សេចក្ដីបន្ទាល់របស់ទ្រង់
126 នេះជាវេលាដែលគួរឲ្យព្រះយេហូវ៉ាសម្រេចការហើយ ដ្បិតគេបានរំលងល្មើសចំពោះក្រឹត្យវិន័យរបស់ទ្រង់
127 ហេតុនោះបានជាទូលបង្គំស្រឡាញ់ ដល់សេចក្ដីបង្គាប់របស់ទ្រង់ច្រើនជាងមាស អើ ក៏ស្រឡាញ់ច្រើនជាងមាសសុទ្ធផង
128 ដូច្នេះ ទូលបង្គំរាប់អស់ទាំងបញ្ញត្តទ្រង់ថា ជាត្រឹមត្រូវគ្រប់ប្រការ តែទូលបង្គំស្អប់ដល់គ្រប់ទាំងផ្លូវកំភូតវិញ។
129 ៙ សេចក្ដីបន្ទាល់របស់ទ្រង់សុទ្ធតែអស្ចារ្យ ហេតុនោះបានជាព្រលឹងនៃទូលបង្គំគោរពកាន់តាម
130 ការបើកសម្ដែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់
131 ទូលបង្គំបានហាមាត់ដកដង្ហើមធំ ដោយនឹករឭកដល់សេចក្ដីបង្គាប់របស់ទ្រង់
132 សូមទ្រង់បែរមកមានសេចក្ដីអាណិតមេត្តា ដល់ទូលបង្គំ ដូចជាទ្រង់តែងធ្លាប់ធ្វើដល់អស់អ្នក ដែលស្រឡាញ់ព្រះនាមទ្រង់
133 សូមតាំងជំហាននៃទូលបង្គំឲ្យដើរតាមព្រះបន្ទូលទ្រង់ សូមកុំឲ្យសេចក្ដីទុច្ចរិតណាមានអំណាច លើទូលបង្គំឡើយ
134 សូមលោះទូលបង្គំឲ្យរួចពីការសង្កត់សង្កិន របស់មនុស្ស នោះទូលបង្គំនឹងកាន់តាមបញ្ញត្តទ្រង់
135 សូមឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមកលើអ្នកបម្រើទ្រង់ ហើយបង្រៀនអស់ទាំងបញ្ញត្តទ្រង់ដល់ទូលបង្គំផង
136 ទឹកភ្នែកទូលបង្គំហូររហាម ពីព្រោះគេមិនកាន់តាមក្រឹត្យវិន័យរបស់ទ្រង់។
137 ៙ ឱព្រះយេហូវ៉ាអើយ ទ្រង់សុចរិត ហើយសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ក៏សុទ្ធតែទៀងត្រង់
138 ទ្រង់បានតាំងសេចក្ដីបន្ទាល់របស់ទ្រង់នៅលើ សេចក្ដីយុត្តិធម៌ ហើយលើសេចក្ដីស្មោះត្រង់ដ៏ពិតផង
139 សេចក្ដីឧស្សាហ៍របស់ទូលបង្គំបានស៊ីបង្ហិនទូលបង្គំ ពីព្រោះពួកអ្នកតតាំងនឹងទូលបង្គំ គេបានភ្លេចព្រះបន្ទូលទ្រង់
140 ព្រះបន្ទូលទ្រង់បានត្រូវសំរងយ៉ាងបរិសុទ្ធ ជាទីបំផុតហើយ ហេតុនោះអ្នកបម្រើរបស់ទ្រង់ក៏ស្រឡាញ់ណាស់
141 ឯទូលបង្គំជាអ្នកតូច ហើយត្រូវគេមើលងាយ ប៉ុន្តែ ទូលបង្គំមិនភ្លេចបញ្ញត្តរបស់ទ្រង់ឡើយ 1
142 សេចក្ដីសុចរិតរបស់ទ្រង់ជាសេចក្ដីសុចរិត ដ៏នៅអស់កល្បជានិច្ច ហើយក្រឹត្យវិន័យទ្រង់ជាសេចក្ដីពិត
143 សេចក្ដីទុក្ខ និងសេចក្ដីលំបាក បានមកគ្របសង្កត់ លើទូលបង្គំហើយ ទោះបើយ៉ាងនោះ គង់តែសេចក្ដីបង្គាប់របស់ទ្រង់ ជាទីរីករាយដល់ទូលបង្គំដែរ
144 សេចក្ដីបន្ទាល់របស់ទ្រង់ សុទ្ធតែសុចរិតនៅជាដរាប សូមប្រោសឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំនឹងបានរស់នៅ។
145 ៙ ទូលបង្គំបានអំពាវនាវដល់ទ្រង់អស់ពីចិត្ត ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផង ទូលបង្គំនឹងរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់
146 ទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយ សូមជួយសង្គ្រោះទូលបង្គំផង នោះទូលបង្គំនឹងកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់
147 ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាង ហើយបានបន្លឺឡើងថា ទូលបង្គំបានសង្ឃឹមដល់ព្រះបន្ទូលទ្រង់
148 ទូលបង្គំភ្ញាក់មុនអស់ទាំងយាមយប់ ហើយបើកភ្នែក ដើម្បីរំពឹងគិតពីព្រះបន្ទូលទ្រង់
149 សូមស្តាប់សំឡេងទូលបង្គំ តាមសេចក្ដីសប្បុរស របស់ទ្រង់ ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំ មានកម្លាំងឡើង តាមច្បាប់របស់ទ្រង់
150 ពួកអ្នកដែលរត់តាមសេចក្ដីអាក្រក់ គេមកកាន់តែជិត គេនៅឆ្ងាយពីក្រឹត្យវិន័យទ្រង់ទេ
151 ឯទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់គង់នៅជិតដែរ ហើយគ្រប់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ សុទ្ធតែពិតត្រង់
152 តាំងពីយូរមកហើយ ទូលបង្គំបានដឹង ដោយសារសេចក្ដីបន្ទាល់របស់ទ្រង់ថា ទ្រង់បានតាំងសេចក្ដីទាំងនោះឲ្យនៅអស់កល្បជានិច្ច។
153 ៙ សូមទតមើលសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំ ហើយជួយឲ្យរួចផង ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ទ្រង់ឡើយ
154 សូមការពាររឿងក្តីរបស់ទូលបង្គំ ហើយលោះទូលបង្គំផង សូមប្រោសឲ្យទូលបង្គំមានកម្លាំង តាមព្រះបន្ទូលទ្រង់
155 សេចក្ដីសង្គ្រោះរមែងនៅឆ្ងាយពីពួកមនុស្សអាក្រក់ ពីព្រោះគេមិនស្វែងរកបញ្ញត្តរបស់ទ្រង់
156 ឱព្រះយេហូវ៉ាអើយ សេចក្ដីមេត្តាករុណា ដ៏ទន់សន្តោសរបស់ទ្រង់ នោះលើសលុប សូមប្រោសឲ្យទូលបង្គំមានកម្លាំង តាមច្បាប់របស់ទ្រង់
157 ឯពួកអ្នកដែលបៀតបៀន ហើយតតាំងនឹងទូលបង្គំ គេមានគ្នាច្រើន ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ ពីសេចក្ដីបន្ទាល់របស់ទ្រង់ឡើយ
158 ទូលបង្គំបានពិចារណាមើលមនុស្សក្បត់ ហើយក៏ស្អប់ខ្ពើមគេ ដោយព្រោះមិនកាន់តាមព្រះបន្ទូលទ្រង់សោះ
159 សូមទ្រង់ពិចារណាដែលទូលបង្គំស្រឡាញ់ ដល់អស់ទាំងបញ្ញត្តរបស់ទ្រង់ជាយ៉ាងណា ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំមាន កម្លាំងឡើង តាមសេចក្ដីសប្បុរសរបស់ទ្រង់
160 បូករួមទាំងអស់ព្រះបន្ទូលនៃទ្រង់ទៅឃើញថា ពិតត្រង់ទាំងអស់ ហើយគ្រប់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់ ក៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចដែរ។
161 ៙ ពួកអ្នកធំបានបៀតបៀនទូលបង្គំដោយឥតហេតុ ប៉ុន្តែ ចិត្តទូលបង្គំនៅតែភ័យញ័រចំពោះព្រះបន្ទូលទ្រង់
162 ទូលបង្គំមានសេចក្ដីរីករាយចំពោះព្រះបន្ទូលទ្រង់ ប្រៀបដូចជាមនុស្សណាដែលប្រទះនឹងរបឹបជាច្រើន
163 ទូលបង្គំជិនណាយ ហើយក៏ស្អប់ខ្ពើមសេចក្ដីកំភូត តែស្រឡាញ់ដល់ក្រឹត្យវិន័យទ្រង់វិញ
164 ទូលបង្គំសរសើរដល់ទ្រង់ក្នុង១ថ្ងៃ៧ដង ដោយព្រោះច្បាប់ដ៏សុចរិតរបស់ទ្រង់
165 ពួកអ្នកដែលស្រឡាញ់ក្រឹត្យវិន័យទ្រង់ នោះមានសេចក្ដីសុខដ៏លើសលុប ហើយគ្មានហេតុនឹងចំពប់ដួលឡើយ
166 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានសង្ឃឹមដល់សេចក្ដី សង្គ្រោះរបស់ទ្រង់ ក៏បានប្រព្រឹត្តតាមបង្គាប់របស់ទ្រង់ដែរ
167 ព្រលឹងទូលបង្គំបានកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់ ទូលបង្គំក៏ស្រឡាញ់សេចក្ដីបន្ទាល់នោះយ៉ាងក្រៃលែង
168 ទូលបង្គំបានកាន់តាមអស់ទាំងបញ្ញត្ត និងសេចក្ដីបន្ទាល់របស់ទ្រង់ ពីព្រោះអស់ទាំងផ្លូវដែលទូលបង្គំប្រព្រឹត្ត នោះសុទ្ធតែនៅចំពោះទ្រង់ហើយ។
169 ៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសម្រែករបស់ទូលបង្គំ បានចូលមកជិតនៅចំពោះទ្រង់ សូមប្រទានឲ្យទូលបង្គំមានយោបល់តាមព្រះបន្ទូលទ្រង់
170 សូមឲ្យពាក្យអង្វររបស់ទូលបង្គំបានមកនៅចំពោះទ្រង់ សូមប្រោសទូលបង្គំឲ្យបានរួច តាមព្រះបន្ទូលទ្រង់ផង
171 សូមអនុញ្ញាតឲ្យបបូរមាត់ទូលបង្គំ បានពោល ពាក្យសរសើរ ដ្បិតទ្រង់បង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ
172 សូមឲ្យអណ្តាតទូលបង្គំបានច្រៀងពីព្រះបន្ទូលទ្រង់ ពីព្រោះគ្រប់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ សុទ្ធតែសុចរិតទាំងអស់
173 សូមឲ្យព្រះហស្តទ្រង់បានប្រុងប្រៀបនឹងជួយទូលបង្គំ ព្រោះទូលបង្គំបានរើសយកបញ្ញត្តរបស់ទ្រង់
174 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹករឭកដល់ សេចក្ដីសង្គ្រោះរបស់ទ្រង់ ហើយក្រឹត្យវិន័យរបស់ទ្រង់ជាទីរីករាយដល់ទូលបង្គំ
175 សូមអនុញ្ញាតឲ្យព្រលឹងទូលបង្គំរស់នៅ នោះនឹង បានសរសើរដល់ទ្រង់ ហើយសូមឲ្យច្បាប់របស់ទ្រង់ជួយទូលបង្គំផង
176 ទូលបង្គំបានវង្វេងទៅ ដូចជាចៀមបាត់បង់ សូមដេញរកអ្នកបម្រើទ្រង់ផង ដ្បិតទូលបង្គំមិនភ្លេចសេចក្ដីបង្គាប់របស់ទ្រង់ឡើយ។