ទំនុកដំកើង
Psalm 87
ព្រះយេហូវ៉ាបានតាំងទីលំនៅរបស់ទ្រង់ នៅលើភ្នំបរិសុទ្ធ
2 ទ្រង់ស្រឡាញ់អស់ទាំងទ្វារក្រុងស៊ីយ៉ូន ជាជាងអស់ទាំងទីអាស្រ័យរបស់យ៉ាកុប
3 ឱទីក្រុងរបស់ព្រះអង្គអើយ គេថ្លែងប្រាប់សេចក្ដីឧត្តុង្គឧត្តមពីឯង។ –បង្អង់
4 ៙ អញនឹងដំណាលពីរ៉ាហាប ហើយពីបាប៊ីឡូន ទុកជាពួកដែលស្គាល់អញ នុ៎ះន៍ សាសន៍ភីលីស្ទីន សាសន៍ទីរ៉ុស និងសាសន៍អេធីយ៉ូពីដែរ គឺនៅក្នុងក្រុងស៊ីយ៉ូនដែលគេបានកើតមក
5 អើ គេនឹងនិយាយពីក្រុងស៊ីយ៉ូនថា អ្នកនេះ១ អ្នកនោះ១ បានកើតនៅក្រុងនោះ ហើយគឺព្រះដ៏ខ្ពស់បំផុតដែលនឹងតាំងឲ្យមាំមួនដែរ
6 កាលណាព្រះយេហូវ៉ាទ្រង់ចុះបញ្ជីអស់ទាំងសាសន៍ នោះទ្រង់នឹងរាប់ថា អ្នកនោះបានកើតនៅក្រុងនោះឯង។ –បង្អង់
7 ហើយពួកអ្នកចម្រៀង និងពួកអ្នកលេងភ្លេង គេនឹងថា អស់ទាំងដើមហេតុនៃខ្ញុំនៅក្នុងឯងដែរ។