ទំនុកដំកើង
Psalm 92
នេះជាការល្អហើយ គឺដែលនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ហើយច្រៀងសរសើរដល់ព្រះនាមនៃទ្រង់ ជាព្រះដ៏ខ្ពស់បំផុត
2 ព្រមទាំងសម្ដែងពីសេចក្ដីសប្បុរសនៃទ្រង់នៅពេលព្រឹក ហើយពីសេចក្ដីស្មោះត្រង់របស់ទ្រង់រាល់តែយប់
3 ដោយប្រដាប់ភ្លេងមានខ្សែ១០ និងពិណ ហើយដោយសូរចាប់ស៊ុងយ៉ាងរងំ
4 ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់បានឲ្យទូលបង្គំមាន សេចក្ដីអំណរ ដោយកិច្ចការរបស់ទ្រង់ ទូលបង្គំនឹងបន្លឺឡើងដោយអំណរ ចំពោះការនៃព្រះហស្តទ្រង់
5 ឱព្រះយេហូវ៉ាអើយ អស់ទាំងកិច្ចការរបស់ទ្រង់ធំណាស់ហ្ន៎ ឯអស់ទាំងព្រះតម្រិះទ្រង់ក៏ជ្រៅណាស់ផង
6 មនុស្សកំរោលមិនដឹងទេ ហើយមនុស្សឥតបើគិតក៏មិនយល់សេចក្ដីនេះដែរ
7 វេលាណាដែលមនុស្សអាក្រក់ដុះដាលឡើងដូចជាស្មៅ ហើយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតលូតលាស់ឡើង នោះគឺសម្រាប់តែឲ្យគេត្រូវវិនាសទៅ អស់កល្បជានិច្ចប៉ុណ្ណោះ
8 ប៉ុន្តែ ឯទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះដ៏ខ្ពស់បំផុតដរាបដល់អស់កល្បរៀងទៅ
9 ដ្បិតឱព្រះយេហូវ៉ាអើយ សូមទតមើលពួកខ្មាំងសត្រូវទ្រង់ មើល ពួកខ្មាំងសត្រូវទ្រង់ គេត្រូវវិនាសហើយ អស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គេនឹងត្រូវខ្ចាត់ខ្ចាយទៅ
10 តែទ្រង់បានតម្កើងស្នែងរបស់ទូលបង្គំឡើង ដូចជាស្នែងនៃគោព្រៃ ទូលបង្គំមានប្រេងថ្មីចាក់លាបលើខ្លួនហើយ
11 ភ្នែកទូលបង្គំនឹងឃើញបំណងចិត្តកើតដល់ពួកខ្មាំង ហើយត្រចៀកទូលបង្គំនឹងឮនិយាយពីការ ដែលកើតដល់ពួកមនុស្សអាក្រក់ ជាពួកអ្នកដែលលើកគ្នាឡើងទាស់នឹងទូលបង្គំ
12 ឯមនុស្សសុចរិត គេនឹងលូតលាស់ឡើង ដូចជាដើមលម៉ើរ ក៏នឹងធំឡើង ដូចជាដើមតាត្រៅនៅលើភ្នំល្បាណូនដែរ
13 គេត្រូវដាំនៅក្នុងដំណាក់នៃព្រះយេហូវ៉ា គេដុះដាលឡើងនៅក្នុងទីលានរបស់ព្រះនៃយើងខ្ញុំ
14 កាលណាចាស់ហើយ នោះគេនឹងនៅតែកើតផល គេនឹងមានជ័រជាបរិបូរ ហើយនៅតែខៀវស្រស់
15 ដើម្បីនឹងសម្ដែងឲ្យឃើញថា ព្រះយេហូវ៉ាទ្រង់ទៀងត្រង់ ទ្រង់ជាថ្មដានៃខ្ញុំ គ្មានសេចក្ដីទុច្ចរិតណានៅក្នុងទ្រង់ឡើយ។