Psalm 95

មក​ចុះ យើង​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​យើង​ឡើង​សំឡេង​ដោយ​អំណរ ដល់​ថ្មដា​នៃ​សេចក្ដី​សង្គ្រោះ​របស់​យើង
2 ចូរ​យើង​ចូល​ទៅ​ចំពោះ​ទ្រង់ ដោយ​អរ​ព្រះ‌គុណ ចូរ​យើង​ឡើង​សំឡេង​ថ្វាយ​ទ្រង់ ដោយ​ទំនុក​តម្កើង​ចុះ
3 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​យ៉ាង​ធំ ហើយ​ជា​មហា‌ក្សត្រ​យ៉ាង​ខ្ពស់​លើ​អស់​ទាំង​ព្រះ
4 អស់​ទាំង​ទី​ជម្រៅ​នៃ​ផែនដី​នៅ​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ហើយ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ជា​របស់​ផង​ទ្រង់​ដែរ
5 សមុទ្រ​ជា​របស់​ផង​ទ្រង់ គឺ​ទ្រង់​ដែល​បាន​បង្កើត​មក ហើយ​គឺ​ព្រះ‌ហស្ត​ទ្រង់​ដែល​បាន​សូន​ធ្វើ​ដី​គោក
6 មក​ចុះ ចូរ​យើង​ឱន​កាយ​ថ្វាយ‌បង្គំ​ទាំង​អស់​គ្នា ចូរ​យើង​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បង្កើត​យើង​ខ្ញុំ
7 ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ហើយ យើង​ខ្ញុំ​ក៏​ជា​ហ្វូង​ចៀម​នៅ​ទី​គង្វាល​របស់​ទ្រង់ គឺ​ជា​រាស្ត្រ​ដែល​នៅ​ក្នុង​ព្រះ‌ហស្ត​ទ្រង់ នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់
8 នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង‌រូស ដូច​កាល​នៅ​ត្រង់​មេរីបា ឬ​ដូច​កាល​ថ្ងៃ​នៅ​ត្រង់​ម៉ាសា ក្នុង​ទី​រហោ‌ស្ថាន​នោះ​ឡើយ
9 ជា​គ្រា​ដែល​ពួក​អយ្យកោ​ឯង​រាល់​គ្នា​បាន​ល្បង​អញ ព្រម​ទាំង​ល​អញ​មើល ហើយ​បាន​ឃើញ​ការ​របស់​អញ
10 អញ​មាន​ចិត្ត​ជិន​ទ្រាន់​នឹង​មនុស្ស​ដំណ​នោះ​អស់​៤០​ឆ្នាំ ហើយ​ក៏​ថា នេះ​ជា​បណ្តា​មនុស្ស​ដែល​តែង‌តែ​មាន​ចិត្ត​វង្វេង ឥត​ដែល​ស្គាល់​ផ្លូវ​របស់​អញ​ឡើយ
11 ដូច្នេះ អញ​បាន​ស្បថ ដោយ​សេចក្ដី​ក្រោធ​របស់​អញ​ថា វា​រាល់​គ្នា​នឹង​មិន​ដែល​ចូល​មក​ក្នុង​សេចក្ដី​សម្រាក របស់​អញ​ឡើយ។