ទំនុកដំកើង
Psalm 104
ឱព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ទ្រង់ធំក្រៃលែង ទ្រង់ប្រដាប់អង្គដោយយសសក្តិ និងតេជានុភាព
2 ក៏ហ៊ុមអង្គដោយពន្លឺ ដូចជាទ្រង់ព្រះភូសា គឺទ្រង់ដែលលាតផ្ទៃមេឃ ដូចជាលាតបារាំ
3 ទ្រង់ដាក់ឫសដំណាក់ទ្រង់នៅក្នុងទឹក ក៏យកពពកធ្វើជារថរបស់ទ្រង់ ហើយទ្រង់យាងលើស្លាបខ្យល់
4 ទ្រង់យកខ្យល់ធ្វើជាអ្នកជូនដំណឹងរបស់ទ្រង់ ហើយយកអណ្តាតភ្លើងធ្វើជាពួកបម្រើទ្រង់
5 ទ្រង់បានតាំងឫសផែនដី ដើម្បីឲ្យបានមាំ មិនឲ្យត្រូវរញ្ជួយនៅអស់កល្ប
6 ទ្រង់បានគ្របផែនដីដោយទឹកជ្រៅ ដូចជាគ្របដោយអាវ ទឹកនោះក៏គ្របអស់ទាំងភ្នំផង
7 កាលទ្រង់បង្គាប់ នោះទឹកបានហូរទៅ ក៏ប្រញាប់ទៅដោយសូរផ្គររបស់ទ្រង់
8 អស់ទាំងភ្នំបានដុះឡើង ហើយច្រកទាំងប៉ុន្មានក៏ស្រុតទៅ គឺនៅត្រង់កន្លែងដែលទ្រង់បានកំណត់ឲ្យ
9 ទ្រង់បានដាក់ព្រំខណ្ឌ មិនឲ្យទឹកហូររំលងឡើយ ដើម្បីកុំឲ្យឡើងលិចផែនដីទៀត
10 ទ្រង់ធ្វើឲ្យមានក្បាលទឹកផុះឡើងនៅក្នុងច្រកភ្នំ ទឹកនោះហូរនៅកណ្តាលភ្នំ
11 ក៏ឲ្យគ្រប់ទាំងសត្វនៅវាលមានទឹកផឹក ឯលាព្រៃក៏ផឹកឆ្អែតដែរ
12 អស់ទាំងសត្វហើរលើអាកាសធ្វើសំបុក តាមផ្លូវទឹកទាំងនោះ ហើយកញ្ជ្រៀវលេងនៅលើមែកឈើ
13 ទ្រង់ស្រោចអស់ទាំងភ្នំពីដំណាក់ទ្រង់ ហើយផែនដីបានពេញដោយផលនៃស្នាដៃទ្រង់
14 ទ្រង់ធ្វើឲ្យស្មៅដុះឡើងសម្រាប់សត្វ ហើយបន្លែសម្រាប់មនុស្ស ដើម្បីឲ្យទាំង២បានអាហារពីផែនដីមក
15 ព្រមទាំងស្រាទំពាំងបាយជូរ ដែលនាំឲ្យចិត្តមនុស្សបានសប្បាយ និងប្រេង សម្រាប់ឲ្យមុខគេបានរលើបភ្លឺ ហើយអាហារផង សម្រាប់ចម្រើនកម្លាំងចិត្តមនុស្ស
16 អស់ទាំងដើមឈើរបស់ព្រះយេហូវ៉ាបានឆ្អែត គឺដើមតាត្រៅនៅភ្នំល្បាណូន ជាដើមដែលទ្រង់បានដាំ
17 ជាកន្លែងដែលសត្វស្លាបធ្វើសំបុកនៅ ឯសត្វកុកវាបានដើមកកោះជាទីអាស្រ័យ
18 អស់ទាំងភ្នំខ្ពស់ជាទីសម្រាប់ពពែព្រៃ ហើយអស់ទាំងថ្មជាទីពឹងជ្រកនៃទន្សាយថ្ម
19 ទ្រង់បានតម្រូវព្រះចន្ទទុកសម្រាប់ជាទីកំណត់រដូវ ចំណែកព្រះអាទិត្យក៏ដឹងពេលដែលត្រូវលិចដែរ
20 ទ្រង់ធ្វើឲ្យងងឹត នោះគឺជាយប់ហើយ ជាពេលដែលគ្រប់ទាំងសត្វនៅព្រៃរមែងចេញមក
21 អស់ទាំងសិង្ហស្ទាវគ្រហឹមរកចាប់រំពា ក៏សូមអាហារពីព្រះមក
22 លុះថ្ងៃរះឡើងកាលណា វាក៏បាត់ទៅ ចូលទៅដេកក្នុងរូងវាវិញ
23 ឯមនុស្សគេចេញមកឯកិច្ចធុរៈរបស់ខ្លួន ហើយក៏ធ្វើការដរាបដល់ល្ងាច
24 ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់មាន ច្រើនប្រការណាស់ហ្ន៎ ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា ផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត
25 នុ៎ះន៏ សមុទ្រដ៏ធំ ហើយទូលាយ នៅក្នុងទឹកនោះមានរបស់រវើកឥតគណនា ជាសត្វទាំងតូចទាំងធំ
26 ក៏មាននាវាបើកទៅមក ហើយមានសត្វធំសម្បើម ដែលទ្រង់ បានបង្កើតឲ្យលេងក្នុងទឹក
27 គ្រប់សត្វទាំងនោះសង្ឃឹមចាំតែទ្រង់ ឲ្យទ្រង់បានប្រទានចំណីដល់វាតាមត្រូវពេល
28 ទ្រង់ក៏ប្រទានឲ្យ ហើយវាទទួលយក កាលទ្រង់លាព្រះហស្តទៅ នោះវាបានឆ្អែតដោយរបស់ល្អ
29 កាលទ្រង់លាក់ព្រះភ័ក្ត្រ នោះវាបានថប់ព្រួយវិញ កាលទ្រង់ដកយកដង្ហើមចេញ នោះវាក៏ស្លាប់ ហើយត្រឡប់ទៅជាធូលីដីវិញ
30 ទ្រង់ចាត់ព្រះវិញ្ញាណរបស់ទ្រង់ទៅ នោះវាកើតឡើង ទ្រង់កែប្រែផែនដីឡើងជាថ្មី
31 សូមឲ្យសិរីល្អនៃព្រះយេហូវ៉ានៅជាប់ជានិច្ច សូមឲ្យព្រះយេហូវ៉ាបានរីករាយឡើងដោយសារស្នាដៃទ្រង់
32 កាលណាទ្រង់ក្រឡេកទតមកផែនដី នោះផែនដីក៏ញ័រ កាលណាទ្រង់ពាល់ភ្នំ នោះភ្នំក៏ហុយផ្សែងឡើង
33 កាលនៅមានជីវិតនៅឡើយ នោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប កាលទូលបង្គំមាននៅៗឡើយ នោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំ
34 សូមឲ្យសេចក្ដីនឹកជញ្ជឹងរបស់ទូលបង្គំ បានផ្អែមត្រចៀកដល់ទ្រង់ ទូលបង្គំនឹងរីករាយក្នុងព្រះយេហូវ៉ា
35 សូមឲ្យពួកអ្នកមានបាបសូន្យចេញពីផែនដីទៅ ហើយកុំឲ្យមានមនុស្សអាក្រក់នៅសល់ឡើយ ចូរសរសើរដល់ព្រះយេហូវ៉ា ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។