ទំនុកដំកើង
Psalm 10
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់គង់នៅឆ្ងាយម៉្លេះ ហេតុអ្វីបានជាទ្រង់ពួនព្រះអង្គ នៅគ្រាដែលមានសេចក្ដី ទុក្ខលំបាកដូច្នេះ
2 មនុស្សអាក្រក់ គេបៀតបៀនដល់មនុស្សក្រីក្រ ដោយសេចក្ដីឆ្មើងឆ្មៃ សូមឲ្យគេជាប់នៅក្នុងឧបាយ ដែលគេបង្កើតនោះ
3 ដ្បិតមនុស្សអាក្រក់ គេអួតពីបំណងក្នុងចិត្តគេ ឯមនុស្សលោភ ក៏លះបង់ព្រះយេហូវ៉ា អើ គេមើលងាយដល់ទ្រង់ផង
4 មនុស្សអាក្រក់ពោលដោយឫកអំនួតរបស់ខ្លួនគេ ថា ព្រះទ្រង់នឹងមិនធ្វើទោសទេ ឯអស់ទាំងគំនិតរបស់គេ នោះតែងគិតថា គ្មានព្រះណាសោះ
5 អស់ទាំងផ្លូវរបស់គេសុទ្ធតែលំបាកជាដរាប ឯអស់ទាំងច្បាប់របស់ទ្រង់ នោះខ្ពស់ហួសពីភ្នែកគេ គេក៏បូញមាត់ឡកឡឺយឲ្យពួកអ្នកដែលតតាំងនឹងគេ
6 គេនឹកក្នុងចិត្តថា អញនឹងមិនត្រូវរង្គើឡើយ ក៏មិនត្រូវអន្តរាយ ដរាបដល់អស់ទាំងដំណមនុស្សតទៅ
7 មាត់គេពេញដោយពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីបញ្ឆោត និងសេចក្ដីកំណាចផង នៅក្រោមអណ្តាតគេមានសុទ្ធតែកិច្ចកល និងសេចក្ដីទុច្ចរិត
8 គេអង្គុយនៅអស់ទាំងទីលបចាំនៃភូមិទាំងប៉ុន្មាន នៅត្រង់កន្លែងស្ងាត់កំបាំង នោះគេសម្លាប់មនុស្ស ជាមនុស្សដែលឥតមានទោស ភ្នែកគេរំពៃមើលមនុស្សទុគ៌ត
9 គេឈ្លបលបនៅទីសម្ងាត់ ដូចជាសិង្ហនៅក្នុងរូង គេលបចាំចាប់មនុស្សក្រីក្រ ក៏ចាប់មនុស្សក្រនោះ ក្នុងកាលដែលទាញគេមកក្នុងមង
10 គេបំព្រួញខ្លួន ហើយឱនចុះ នោះមនុស្សទុគ៌តធ្លាក់ទៅក្នុងអំណាចគេ
11 គេគិតក្នុងចិត្តថាព្រះទ្រង់ភ្លេចហើយ ទ្រង់លាក់ព្រះភ័ក្ត្រ ទតមិនឃើញឡើយ
12 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ក្រោកឡើង ឱព្រះអើយ សូមលើកព្រះហស្តទ្រង់ឡើង សូមកុំភ្លេចមនុស្សក្រលំបាកឡើយ
13 ហេតុអ្វីបានជាមនុស្សអាក្រក់ គេមើលងាយដល់ព្រះ ហើយគិតក្នុងចិត្តថាទ្រង់មិនធ្វើទោសទេដូច្នេះ
14 ទ្រង់បានទតឃើញហើយ ដ្បិតទ្រង់ទតឃើញកិច្ចកល និងសេចក្ដីរំលោភ ដើម្បីនឹងសងគេដោយព្រះហស្តទ្រង់ មនុស្សទុគ៌ត គេផ្ញើខ្លួននឹងទ្រង់ ដ្បិតទ្រង់បានធ្វើជាអ្នកជំនួយដល់មនុស្សកំព្រា
15 សូមទ្រង់បំបាក់ដៃនៃមនុស្សអាក្រក់ ឯមនុស្សពាល នោះសូមរកអស់ទាំងការអាក្រក់របស់គេ ទាល់តែមិនឃើញមានទៀត
16 ព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រដ៏គង់នៅអស់កល្បជានិច្ច អស់ទាំងសាសន៍ដទៃបានសូន្យបាត់ចេញពីផែនដីរបស់ទ្រង់ហើយ
17 ឱព្រះយេហូវ៉ាអើយ ទ្រង់បានស្តាប់សេចក្ដីបំណង របស់មនុស្សរាបទាប ទ្រង់នឹងតាំងចិត្តគេឲ្យមាំមួន ហើយនិងផ្ទៀងព្រះកាណ៌ទ្រង់ស្តាប់ផង
18 ដើម្បីនឹងកាត់សេចក្ដីឲ្យមនុស្សកំព្រា និងមនុស្សដែលត្រូវគេសង្កត់សង្កិន ប្រយោជន៍ឲ្យមនុស្សដែលកើតពីដីមក បានលែងគំហកកំហែងគេតទៅទៀត ។