ទំនុកដំកើង
Psalm 33
ឱពួកអ្នកសុចរិតអើយ ចូរមានចិត្តរីករាយក្នុងព្រះយេហូវ៉ាចុះ ដ្បិតសេចក្ដីសរសើរ នោះសំណំដល់មនុស្សទៀងត្រង់
2 ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដោយចាប់ស៊ុង ហើយច្រៀងសរសើរថ្វាយទ្រង់ ដោយដេញពិណខ្សែ១០
3 ចូរច្រៀងទំនុកថ្មីថ្វាយទ្រង់ ហើយលេងភ្លេងឲ្យឮរងំ ដោយប៉ិនប្រសប់
4 ដ្បិតព្រះបន្ទូលនៃព្រះយេហូវ៉ាត្រឹមត្រូវ ហើយបណ្តាកិច្ចការនៃទ្រង់បានធ្វើដោយស្មោះត្រង់ដែរ
5 ទ្រង់ស្រឡាញ់សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ផែនដីមានពេញដោយសេចក្ដីសប្បុរសនៃព្រះយេហូវ៉ា
6 ផ្ទៃមេឃបានកើតមក ដោយសារព្រះបន្ទូលព្រះយេហូវ៉ា ហើយពួកបរិវារនៅលើនោះ បានកើតដោយសារខ្យល់ ពីព្រះឱស្ឋទ្រង់
7 ទ្រង់បង្គរទឹកសមុទ្រឡើង ដូចជាគំនរ ទ្រង់យកទីជម្រៅដាក់ទុកក្នុងឃ្លាំង
8 ចូរឲ្យគ្រប់ផែនដីខ្លាចចំពោះព្រះយេហូវ៉ា ហើយឲ្យគ្រប់មនុស្សនៅលោកីយ៍កោតក្រែងដល់ទ្រង់ចុះ
9 ដ្បិតទ្រង់គ្រាន់តែមានព្រះបន្ទូល នោះក៏កើតមានដូច្នោះ ទ្រង់បានបង្គាប់ នោះក៏មាននៅ
10 ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យសេចក្ដីប្រឹក្សានៃអស់ទាំងនគរ បានថ្លស់ការ ទ្រង់ធ្វើឲ្យគំនិតនៃជនទាំងឡាយបានទៅជាឥតការ
11 ឯដំបូន្មានផងព្រះយេហូវ៉ាវិញ នោះជាប់ជានិច្ច ហើយតម្រិះក្នុងព្រះហឫទ័យទ្រង់ក៏នៅជាដរាប ដល់អស់ទាំងដំណតទៅ
12 មានពរហើយ នគរណាដែលយកព្រះយេហូវ៉ាទុកជា ព្រះរបស់ខ្លួន គឺសាសន៍ដែលទ្រង់បានរើស ទុកជាមរដករបស់ទ្រង់
13 ព្រះយេហូវ៉ាទ្រង់ទតមកពីលើស្ថានសួគ៌ ទ្រង់ឃើញមនុស្សលោកទាំងអស់
14 ទ្រង់ទតមកពីស្ថានដ៏ជាទីលំនៅរបស់ទ្រង់ ក៏ឃើញអស់អ្នកដែលនៅផែនដីផង
15 គឺទ្រង់ហើយ ដែលស្អាងចិត្តគេ ក៏ពិចារណាមើលអស់ទាំងការដែលគេធ្វើដែរ
16 គ្មានស្តេចណាបានសង្គ្រោះ ដោយមាន ពលទ័ពច្រើនឡើយ មនុស្សខ្លាំងពូកែក៏មិនបានរួច ដោយមាន កម្លាំងយ៉ាងខ្លាំងនោះដែរ
17 ឯសេះ នោះឥតប្រយោជន៍នឹងពឹងឲ្យបានសាន្តត្រាណ ក៏មិនអាចនឹងជួយឲ្យអ្នកណារួចដោយសារកម្លាំងដ៏ខ្លាំង របស់វាដែរ
18 មើល ព្រះនេត្រនៃព្រះយេហូវ៉ាទតមកលើអស់អ្នក ដែលកោតខ្លាចដល់ទ្រង់ គឺមកលើពួកអ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរសទ្រង់
19 ដើម្បីនឹងជួយឲ្យព្រលឹងគេរួចពីស្លាប់ ហើយការពារឲ្យគេរស់នៅក្នុងគ្រាអំណត់
20 ព្រលឹងនៃយើងខ្ញុំសង្ឃឹមដល់ព្រះយេហូវ៉ា ទ្រង់ជាជំនួយ ហើយជាខែល របស់យើងខ្ញុំ
21 ដ្បិតចិត្តយើងខ្ញុំរីករាយឡើងក្នុងទ្រង់ ពីព្រោះយើងខ្ញុំបានទុកចិត្តដល់ព្រះនាមបរិសុទ្ធ របស់ទ្រង់ហើយ
22 ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីសប្បុរសរបស់ទ្រង់ សណ្ឋិតនៅលើយើងខ្ញុំ តាមដែលយើងខ្ញុំសង្ឃឹមដល់ទ្រង់។