ទំនុកដំកើង
Psalm 94
ឱព្រះយេហូវ៉ាជាព្រះនៃសេចក្ដីសងសឹកអើយ ឱព្រះនៃសេចក្ដីសងសឹកអើយ សូមភ្លឺមក
2 ឱចៅក្រមនៃផែនដីអើយ សូមទ្រង់ក្រោកឡើង សូមសងដល់ពួកឆ្មើងឆ្មៃតាមសមគួរ
3 មនុស្សអាក្រក់នឹងនៅមានជ័យជម្នះដល់កាលណាទៀត ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៅ
4 គេបង្ហូរចេញជាពាក្យព្រហើន ហើយពោលតែពាក្យ ឆ្មើងឆ្មៃប៉ុណ្ណោះ គឺអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេរមែងអួតខ្លួន
5 ឱព្រះយេហូវ៉ាអើយ គេញាំញីរាស្ត្ររបស់ទ្រង់ ហើយធ្វើទុក្ខដល់មរដកទ្រង់
6 គេសម្លាប់ស្រីមេម៉ាយ និងពួកអ្នកស្នាក់នៅ ព្រមទាំងប្រហារជីវិតនៃពួកកំព្រាផង
7 ហើយពោលថា ព្រះយេហូវ៉ាមិនឃើញទេ ព្រះនៃយ៉ាកុប ទ្រង់មិនពិចារណាឡើយ
8 ឱពួកអ្នកកំរោលក្នុងបណ្តាជនអើយ ចូរពិចារណាចុះ ឱមនុស្សឥតបើគិតអើយ តើកាលណានឹងមានប្រាជ្ញាឡើង
9 ឯព្រះដែលទ្រង់បង្កើតត្រចៀក តើទ្រង់មិនឮទេឬ ព្រះដែលសូនធ្វើភ្នែក តើទ្រង់មិនឃើញទេឬ
10 ព្រះដែលវាយប្រដៅដល់អស់ទាំងសាសន៍ តើទ្រង់មិនផ្ចាលឯងទេឬអី គឺព្រះនោះឯង ដែលបង្រៀនឲ្យមនុស្សមានចំណេះ
11 ព្រះយេហូវ៉ាទ្រង់ជ្រាបអស់ទាំងគំនិតរបស់មនុស្សថា សុទ្ធតែឥតប្រយោជន៍ទទេ
12 ឱព្រះយេហូវ៉ាអើយ មានពរហើយ មនុស្សណាដែល ទ្រង់វាយផ្ចាល ហើយបង្ហាត់បង្រៀនតាមក្រឹត្យវិន័យទ្រង់ផង
13 គឺដើម្បីឲ្យទ្រង់បានប្រោស ឲ្យអ្នកនោះមានសេចក្ដី សម្រាកនៅថ្ងៃអាក្រក់ ទំរាំតែគេជីករណ្តៅសម្រាប់មនុស្សប្រព្រឹត្តទំនាស់
14 ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនចោលរាស្ត្រទ្រង់ឡើយ ក៏មិនលះបង់មរដកទ្រង់ដែរ
15 ពីព្រោះសេចក្ដីវិនិច្ឆ័យនឹងត្រឡប់តាមសុចរិតវិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់ គេនឹងប្រព្រឹត្តតាមដែរ
16 តើអ្នកណានឹងក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងពួក អ្នកដែលប្រព្រឹត្តការអាក្រក់ តើអ្នកណានឹងឈរឡើងជំនួសខ្ញុំ ដើម្បីទប់ទល់នឹងពួក ដែលប្រព្រឹត្តការទុច្ចរិត
17 បើប្រសិនជាព្រះយេហូវ៉ាទ្រង់មិនបានជួយខ្ញុំទេ នោះព្រលឹងខ្ញុំនឹងបានទៅនៅក្នុងទីស្ងាត់ឈឹង ដោយឆាប់ហើយ
18 កាលទូលបង្គំបានពោលថា ជើងទូលបង្គំរអិលភ្លាត់ហើយ នោះ ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់ បានទប់ទល់ទូលបង្គំ
19 គ្រាដែលទូលបង្គំមានគំនិតសាន់វុ័ណ្តក្នុងចិត្តជាច្រើន នោះសេចក្ដីកំសាន្តចិត្តនៃទ្រង់ក៏ជាទីរីករាយដល់ ព្រលឹងទូលបង្គំវិញ
20 តើបល្ល័ង្កនៃសេចក្ដីអាក្រក់ នឹងអាចមានសេចក្ដីប្រកប នឹងទ្រង់បានដែរឬ គឺជាពួកអ្នកដែលបង្កើតការប្រទូសរ៉ាយ ដោយអាងមាត្រាច្បាប់
21 គេលើកគ្នាទាស់នឹងជីវិតនៃមនុស្សសុចរិត ហើយក៏កាត់ទោសដល់ឈាមដែលឥតមានទោសផង
22 ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់ជាទីពឹងយ៉ាងខ្ពស់នៃទូលបង្គំ គឺព្រះនៃទូលបង្គំ ទ្រង់ជាថ្មដា ដែលទូលបង្គំពឹងពាក់បាន
23 ទ្រង់បានទម្លាក់ការទុច្ចរិតរបស់គេទៅលើគេវិញ ហើយនិងកាត់គេចេញ ដោយអំពើអាក្រក់របស់ខ្លួនគេ គឺព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ទ្រង់នឹងកាត់កាល់គេចេញ។