ទំនុកដំកើង
Psalm 40
ខ្ញុំបានរង់ចាំព្រះយេហូវ៉ា ដោយអំណត់ ទ្រង់ក៏បានផ្អៀងព្រះកាណ៌មកស្តាប់ ហើយទទួលតាមសម្រែករបស់ខ្ញុំ
2 ទ្រង់បានស្រង់ខ្ញុំចេញពីអន្លង់គួរស្បើម ឲ្យរួចពីភក់ស្អិត ក៏ដាក់ជើងខ្ញុំលើថ្មដា ព្រមទាំងតាំងជំហានខ្ញុំឲ្យខ្ជាប់ខ្ជួន
3 ទ្រង់បានបណ្តាលឲ្យមានទំនុកថ្មីនៅក្នុងមាត់ខ្ញុំ គឺជាសេចក្ដីសរសើរដល់ព្រះនៃយើងខ្ញុំ មនុស្សជាច្រើននឹងឃើញ ព្រមទាំងមានសេចក្ដីកោតខ្លាច ហើយនិងទុកចិត្តដល់ព្រះយេហូវ៉ាផង
4 មានពរហើយ អ្នកណាដែលយកព្រះយេហូវ៉ាជាទីពឹង ឥតយល់ដល់មនុស្សឆ្មើងឆ្មៃ ឬពួកអ្នកដែលបែរទៅឯសេចក្ដីភូតភរឡើយ។
5 ៙ ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ការអស្ចារ្យដែលទ្រង់បានធ្វើ នោះមានច្រើនណាស់ ព្រមទាំងគំនិតដែលទ្រង់នឹកដល់យើងខ្ញុំផង គ្មានអ្នកណាអាចនឹងរៀបរាប់ដោយលំដាប់ ពីការទាំងនោះ នៅចំពោះទ្រង់បានឡើយ បើទូលបង្គំនឹងចង់និទានប្រាប់ នោះមានច្រើនហួសកំណត់នឹងរាប់បាន
6 ឯយញ្ញបូជា ហើយនិងតង្វាយ នោះទ្រង់មិន សព្វព្រះហឫទ័យទេ ទ្រង់បានបើកត្រចៀកឲ្យទូលបង្គំស្តាប់តាម ទ្រង់មិនចង់បានតង្វាយដុត ឬយញ្ញបូជាលោះបាបនោះទេ
7 បានជាទូលបង្គំទូលថា មើល ទូលបង្គំមកហើយ សេចក្ដីនេះបានកត់ទុកពីទូលបង្គំនៅក្នុងគម្ពីរហើយ
8 គឺថា ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីអំណរ នឹងធ្វើតាមព្រះហឫទ័យទ្រង់ អើ ក្រឹត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ
9 ទូលបង្គំបានប្រកាសដំណឹងល្អពីសេចក្ដីសុចរិត នៅក្នុងជំនុំធំ មើល ឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបហើយថា ទូលបង្គំនឹងមិនទប់មាត់ឡើយ
10 ទូលបង្គំមិនបានលាក់សេចក្ដីសុចរិតរបស់ទ្រង់ នៅក្នុងចិត្តទេ គឺបានថ្លែងប្រាប់ពីសេចក្ដីស្មោះត្រង់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់វិញ ក៏មិនបានបំបិទសេចក្ដីសប្បុរស និងសេចក្ដីពិត របស់ទ្រង់ នៅក្នុងជំនុំធំដែរ
11 ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងសេចក្ដីមេត្តាករុណា របស់ទ្រង់ចំពោះទូលបង្គំឡើយ សូមឲ្យសេចក្ដីសប្បុរស និងសេចក្ដីពិតត្រង់របស់ទ្រង់ បានថែរក្សាទូលបង្គំជានិច្ច
12 ដ្បិតមានសេចក្ដីអាក្រក់ឥតគណនាព័ទ្ធទូលបង្គំជុំវិញ អំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយ បានជាទូលបង្គំមិនអាចនឹងងើបឡើងមើលបានឡើយ អំពើទាំងនោះច្រើនជាងសរសៃសក់លើក្បាលទូលបង្គំ ចិត្តទូលបង្គំក៏អស់សង្ឃឹមទៅ
13 ឱព្រះយេហូវ៉ាអើយ សូមទ្រង់សព្វព្រះហឫទ័យនឹងជួយ ទូលបង្គំឲ្យរួច ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងជួយទូលបង្គំផង
14 ឯអស់អ្នកដែលរកបំផ្លាញព្រលឹងទូលបង្គំ នោះសូមឲ្យគេត្រូវមានសេចក្ដីខ្មាស ហើយលាក់មុខ ទាំងអស់គ្នា ឯពួកអ្នកដែលប៉ងប្រទូស្តនឹងទូលបង្គំ នោះសូមឲ្យគេត្រូវថយចេញ ព្រមទាំងមានសេចក្ដីអាប់យសផង
15 ឯអស់អ្នកដែលនិយាយមកទូលបង្គំថា ន៏ ន៏ នោះសូមឲ្យគេត្រូវស្រឡាំងកាំង ដោយសេចក្ដី ខ្មាសរបស់គេទៅ
16 ចំណែកពួកអស់អ្នកដែលស្វែងរកទ្រង់ នោះសូមឲ្យគេបានរីករាយសប្បាយក្នុងទ្រង់ចុះ សូមឲ្យអស់អ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះនៃទ្រង់ បានពោលជានិច្ចថា សូមឲ្យព្រះយេហូវ៉ាបានថ្កើងឡើង
17 ឯទូលបង្គំៗក្រីក្រ ហើយទុគ៌ត ប៉ុន្តែ ព្រះអម្ចាស់ទ្រង់នឹកដល់ទូលបង្គំដែរ ទ្រង់ជាជំនួយ ហើយជាអ្នកប្រោសឲ្យទូលបង្គំរួចផង ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ។