ទំនុកដំកើង
Psalm 55
ឱព្រះអង្គអើយ សូមផ្ទៀងព្រះកាណ៌ ស្តាប់សេចក្ដីដែលទូលបង្គំអធិស្ឋាន សូមកុំលាក់ព្រះអង្គនឹងពាក្យដែលទូលបង្គំទូលអង្វរឡើយ
2 សូមសំកាំងស្តាប់ ហើយឆ្លើយមកទូលបង្គំផង ទូលបង្គំអន្ទះអន្ទែង ហើយថ្ងូរ ដោយសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំ
3 គឺដោយព្រោះសំឡេងរបស់ខ្មាំងសត្រូវ និងសេចក្ដីសង្កត់សង្កិនរបស់មនុស្សអាក្រក់ ដ្បិតគេទម្លាក់ការទុច្ចរិតមកលើទូលបង្គំ ព្រមទាំងបៀតបៀនទូលបង្គំដោយសេចក្ដីកំហឹង
4 ចិត្តទូលបង្គំអន្ទះសានៅក្នុងខ្លួន ហើយសេចក្ដីស្ញែងខ្លាចចំពោះសេចក្ដីស្លាប់ បានគ្របសង្កត់លើទូលបង្គំ
5 ទូលបង្គំបានកើតមានសេចក្ដីភ័យខ្លាច ហើយញាប់ញ័រ សេចក្ដីតក់ស្លុតបានបង្គ្របទូលបង្គំហើយ
6 នោះទូលបង្គំបានពោលថា ឱបើសិនណាជាមានស្លាបដូចជាព្រាបទៅរ៉ា នោះអញនឹងហើរចេញទៅ ឲ្យបានសេចក្ដីសុខ
7 អើ យ៉ាងនោះទូលបង្គំនឹងបានទៅឆ្ងាយ ស្នាក់នៅឯទីរហោស្ថានវិញ។
8 ៙ ទូលបង្គំនឹងបានរត់ជាប្រញាប់ទៅឯទីជ្រក ឲ្យបានរួចពីខ្យល់គំហុក និងព្យុះសង្ឃរា
9 ឱព្រះអម្ចាស់អើយ សូមបំផ្លាញគំនិតគេ ឲ្យគេនិយាយសុទ្ធតែខុសគ្នា ដ្បិតទូលបង្គំបានឃើញសេចក្ដីច្រឡោត និងសេចក្ដីទាស់ទែងគ្នា នៅក្នុងទីក្រុង
10 ទាំងយប់ទាំងថ្ងៃ គេប្រព្រឹត្តយ៉ាងនោះ នៅលើកំផែងជុំវិញទីក្រុង នៅខាងក្នុង មានសុទ្ធតែសេចក្ដីនឿយហត់ ហើយព្រួយចិត្ត
11 មានការអាក្រក់នៅកណ្តាលទីក្រុង សេចក្ដីសង្កត់សង្កិន ហើយឆបោក មិនចេះបាត់ពីផ្លូវក្រុងឡើយ។
12 ៙ មិនមែនជាខ្មាំងសត្រូវដែលបកកេរ្តិ៍ខ្ញុំ យ៉ាងនោះខ្ញុំនឹងធន់ទ្រាំបាន ក៏មិនមែនជាអ្នកស្អប់ខ្ញុំដែលលើកខ្លួនទាស់នឹងខ្ញុំ នោះខ្ញុំនឹងបានពួនខ្លួនឲ្យរួចពីគេ
13 គឺជាអ្នកឯងវិញ ជាមនុស្សស្មើគ្នានឹងខ្ញុំ ជាភឿន ហើយជាសំឡាញ់ស្និទ្ធស្នាលនឹងខ្ញុំ
14 យើងបានធ្លាប់ប្រឹក្សាគ្នាយ៉ាងផ្អែមល្ហែម ក៏ដើរជាមួយគ្នា នៅកណ្តាលហ្វូងមនុស្ស ក្នុងដំណាក់ព្រះ
15 សូមឲ្យសេចក្ដីស្លាប់លោមកគ្របលើគេ ឲ្យគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ដ្បិតមានអំពើអាក្រក់នៅក្នុងទីលំនៅរបស់គេ ហើយនៅខាងក្នុងគេផង
16 ចំណែកខ្ញុំនឹងអំពាវនាវដល់ព្រះ ហើយព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះខ្ញុំ
17 ខ្ញុំនឹងអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងពេលល្ងាច ពេលព្រឹក និងថ្ងៃត្រង់ផង ហើយទ្រង់នឹងស្តាប់សំឡេងខ្ញុំជាមិនខាន
18 ទ្រង់បានដោះព្រលឹងខ្ញុំ ឲ្យរួចពីសឹកសង្គ្រាម ដោយសុខសាន្ត ដ្បិតមានគេទាស់ទទឹងខ្ញុំជាច្រើន
19 ព្រះទ្រង់នឹងឮ ហើយនិងធ្វើសបដល់គេ គឺជាព្រះដែលគង់នៅតាំងពីអស់កល្ប រៀងមកនោះហើយ។ –បង្អង់ ៙ គេមិនព្រមប្រែចិត្តសោះ ក៏មិនកោតខ្លាចដល់ព្រះដែរ
20 គេបានលូកដៃទៅទាស់នឹងមិត្ត ដែលជាមេត្រីនឹងគេ គេបានក្បត់ចំពោះសញ្ញារបស់ខ្លួនហើយ
21 មាត់គេរឥលជាងខ្លាញ់ តែចិត្តគេមានពេញដោយការចម្បាំងវិញ វាចាគេទន់ល្វន់ជាងប្រេង ប៉ុន្តែ ពាក្យទាំងនោះសុទ្ធតែជាដាវហូតស្រាប់
22 ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ
23 តែឱព្រះអង្គអើយ ទ្រង់នឹងឲ្យគេចុះទៅឯរណ្តៅនៃសេចក្ដីហិនវិនាស ពួកមនុស្សកម្ចាយឈាម ហើយមនុស្សឧបាយកល នឹងរស់នៅមិនដល់ត្រឹមពាក់កណ្តាលអាយុផង តែទូលបង្គំនឹងទុកចិត្តដល់ទ្រង់វិញ។