Psalm 124

បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ដែល​កាន់ ខាង​ពួក​យើង នោះ​គួរ​ឲ្យ​អ៊ីស្រា‌អែល​និយាយ​ឥឡូវ​ថា
2 បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ដែល​កាន់​ខាង​យើង​ទេ ក្នុង​កាល​ដែល​មនុស្ស​បាន​លើក​គ្នា​ទាស់​នឹង​យើង
3 នោះ​ប្រាកដ​ជា​គេ​បាន​លេប​យើង​ទាំង​អស់​ហើយ គឺ​ក្នុង​កាល​ដែល​សេចក្ដី​ក្រោធ​របស់​គេ បាន​ក្តៅ​ឡើង​ទាស់​នឹង​ពួក​យើង
4 យ៉ាង​នោះ ប្រាកដ​ជា​ទឹក​ជំនន់​បាន​លិច​យើង គឺ​ទឹក​ជ្រោះ​បាន​ហូរ​មក​គ្រប​លើ​ព្រលឹង​យើង​ហើយ
5 អើ ទឹក​វល់​ច្របល់​បាន​ហូរ​មក​គ្រប​លើ​ព្រលឹង​យើង
6 សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ដែល​ទ្រង់​មិន​បាន​ប្រគល់​ពួក​យើង ឲ្យ​ជា​រំពា​ដល់​ធ្មេញ​គេ
7 ព្រលឹង​យើង​បាន​រួច ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ រួច​ពី​អន្ទាក់​របស់​នាយ​ព្រាន អន្ទាក់​គេ​បាន​ដាច់ ហើយ​យើង​បាន​រួច​ចេញ
8 ឯ​សេចក្ដី​ជំនួយ​របស់​យើង គឺ​ដោយ​ពឹង​ដល់ ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។