ទំនុកដំកើង
Psalm 63
ឱព្រះអង្គអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្ត ព្រលឹងទូលបង្គំស្រេករកទ្រង់ រូបសាច់ទូលបង្គំរឭកចង់បានទ្រង់ នៅក្នុងស្រុករីងស្ងួត ហើយហួតហែង ដែលគ្មានទឹក សោះ
2 ដើម្បីឲ្យបានឃើញឥទ្ធិឫទ្ធិ និងសិរីល្អរបស់ទ្រង់ ដូចជាទូលបង្គំបានឃើញនៅក្នុងទីបរិសុទ្ធដែរ
3 ដ្បិតសេចក្ដីសប្បុរសនៃទ្រង់ នោះវិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរដល់ទ្រង់
4 គឺយ៉ាងនោះ ដែលទូលបង្គំនឹងលើកតម្កើងទ្រង់ ក្នុងកាលដែលនៅរស់នៅឡើយ ទូលបង្គំនឹងប្រទូលដៃឡើង ដោយនូវព្រះនាមទ្រង់
5 នោះព្រលឹងទូលបង្គំនឹងបានឆ្អែត ដូចជាបានបរិភោគខួរឆ្អឹង ហើយនិងខ្លាញ់ផង មាត់ទូលបង្គំក៏នឹងសរសើរទ្រង់ ដោយបបូរមាត់រីករាយ
6 ដោយទូលបង្គំនឹកដល់ទ្រង់ នៅលើដំណេក ហើយរំពឹងគិតពីទ្រង់ នៅអស់ទាំងយាមយប់
7 ដ្បិតទ្រង់បានធ្វើជាជំនួយដល់ទូលបង្គំ ទូលបង្គំនឹងមានចិត្តរីករាយនៅក្រោមម្លប់ស្លាបទ្រង់
8 ព្រលឹងទូលបង្គំតាមទ្រង់ប្រកិត ព្រះហស្តស្តាំនៃទ្រង់ក៏ទប់ទល់ទូលបង្គំ
9 តែអស់អ្នកដែលរកបំផ្លាញព្រលឹងនៃទូលបង្គំ នោះនឹងចុះទៅក្នុងជម្រៅនៃផែនដី
10 គេនឹងត្រូវប្រគល់ទៅក្នុងអំណាចដាវ គេនឹងបានជាអាហារដល់ឆ្កែព្រៃ
11 តែទូលបង្គំ ជាក្សត្រ នឹងរីករាយក្នុងព្រះវិញ អស់អ្នកណាដែលស្បថដោយនូវទ្រង់ នោះនឹងបានសរសើរដោយអរសាទរ ពីព្រោះមាត់នៃពួកមនុស្សកំភូតនឹងត្រូវបិទ។