ទំនុកដំកើង
Psalm 146
ចូរសរសើរដល់ព្រះយេហូវ៉ា នែ ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ
2 កាលខ្ញុំកំពុងរស់នៅឡើយ នោះខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា ខ្ញុំនឹងច្រៀងសរសើរដល់ព្រះនៃខ្ញុំ ក្នុងកាលដែលនៅមានជីវិតតទៅ
3 កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយ គេនឹងជួយឯងមិនបានទេ
4 គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ
5 សប្បាយហើយ អ្នកណាដែលមានព្រះនៃយ៉ាកុប ជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាជាព្រះនៃខ្លួន
6 ជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ និងរបស់សព្វសារពើ ដែលនៅស្ថានទាំងនោះផង ទ្រង់ក៏រក្សាសេចក្ដីពិតត្រង់ជាដរាប
7 ទ្រង់សម្រេចសេចក្ដីសុចរិតដល់ពួកអ្នក ដែលត្រូវគេសង្កត់សង្កិន ក៏ប្រទានអាហារដល់អស់អ្នកដែលឃ្លានដែរ ព្រះយេហូវ៉ាទ្រង់ស្រាយពួកអ្នក ដែលជាប់ចំណង ឲ្យរួចចេញ
8 ព្រះយេហូវ៉ាទ្រង់បំភ្លឺភ្នែករបស់មនុស្សខ្វាក់ ព្រះយេហូវ៉ាទ្រង់លើកអស់អ្នកដែលត្រូវឱន ឲ្យត្រង់ឡើងវិញ ព្រះយេហូវ៉ាទ្រង់ស្រឡាញ់ពួកមនុស្សសុចរិត
9 ព្រះយេហូវ៉ាទ្រង់ការពារពួកអ្នកប្រទេសដទៃ ទ្រង់ទប់ទល់ពួកកូនកំព្រា និងស្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់ នោះទ្រង់បំបត់បំបែនវិញ
10 ព្រះយេហូវ៉ាទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ច គឺព្រះនៃឯង ឱក្រុងស៊ីយ៉ូនអើយ ទ្រង់នឹងសោយរាជ្យ ដរាបដល់អស់ទាំងដំណតទៅ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។