ជនគណនា
ជំពូក 34
ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកកាណានហើយ (គឺស្រុកនោះហើយដែលឯងរាល់គ្នានឹងបានទុកជាមរដក ជាស្រុកកាណានតាមព្រំដែនទាំងប៉ុន្មាន)
3 នោះដែនស្រុករបស់ឯងខាងត្បូង ត្រូវចាប់តាំងពីទីរហោស្ថានស៊ីន ជាប់នឹងស្រុកអេដុម ហើយព្រំស្រុកខាងត្បូង នោះត្រូវចាប់តាំងពីចុងសមុទ្រអំបិលទៅទិសខាងកើត
4 រួចត្រូវបត់ទៅខាងត្បូងតាមច្រកចោតឈ្មោះអេក្រាប៊ីម រហូតទៅត្រឹមស៊ីន ហើយចេញទៅខាងត្បូងកាដេស-បារនា ដល់ទៅហាសា-អាដា រហូតដល់អាសម៉ូន
5 ពីអាសម៉ូនត្រូវបត់ទៅខាងស្ទឹងស្រុកអេស៊ីព្ទទៅទល់នឹងសមុទ្រ។
6 ឯព្រំដែនខាងលិច នោះមានសមុទ្រធំជាព្រំប្រទល់ សមុទ្រនោះត្រូវបានជាព្រំស្រុកខាងលិចរបស់ឯងរាល់គ្នា។
7 ឯព្រំដែនខាងជើង នោះត្រូវឲ្យឯងកាត់តម្រង់ចាប់តាំងពីសមុទ្រធំទៅដល់ភ្នំហោរ
8 ពីភ្នំហោរត្រូវកាត់តម្រង់ទៅដល់ទ្វារស្រុកហាម៉ាតរៀងទៅត្រឹមសេដាត់
9 រួចត្រូវចេញទៅតាមស៊ីប្រុន រហូតដល់ហាសា-អេណាន នោះហើយជាព្រំស្រុករបស់ឯងខាងជើង។
10 រួចត្រូវឲ្យឯងរាល់គ្នាសម្រេចព្រំដែនខាងកើត ចាប់តាំងពីហាសា-អេណាន ទៅដល់សេផាម
11 ពីសេផាមចុះទៅដល់រីមឡា ដែលនៅខាងកើតអាយីន ហើយចុះទៅទល់នឹងកៀនសមុទ្រគេនេសារ៉ែតខាងកើត
12 រួចចុះទៅតាមទន្លេយ័រដាន់ ទៅទល់នឹងសមុទ្រអំបិល នោះហើយជាស្រុករបស់ឯងរាល់គ្នា តាមព្រំប្រទល់ជុំវិញ។
13 ម៉ូសេក៏បង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នេះហើយជាស្រុកដែលឯងរាល់គ្នាត្រូវទទួលទុកជាមរដក ដោយចាប់ឆ្នោត ជាស្រុកដែលព្រះយេហូវ៉ាបានបង្គាប់ថា ត្រូវចែកឲ្យដល់ពូជអំបូរទាំង៩ និង១ចំហៀងទៀតនោះ
14 ពីព្រោះពូជអំបូរនៃកូនចៅរូបេន តាមវង្សានុវង្សរបស់ឪពុកគេ បានទទួលមរដកគេហើយ ព្រមទាំងពូជអំបូរនៃកូនចៅកាឌ់ តាមវង្សានុវង្សរបស់ឪពុកគេ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងផង គេសុទ្ធតែទទួលមរកដរបស់គេហើយ
15 ពូជអំបូរទាំង២ ហើយនិងពូជអំបូរ១ចំហៀងទៀតនោះ គេបានទទួលមរដករបស់គេនៅត្រើយទន្លេយ័រដាន់ខាងអាយ ទល់មុខនឹងយេរីខូខាងកើតនេះ គឺខាងទិសថ្ងៃរះ។
16 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
17 ឯឈ្មោះពួកអ្នកដែលត្រូវចែកស្រុកនោះ ទុកជាមរដកឲ្យឯងរាល់គ្នា នោះគឺអេលាសារដ៏ជាសង្ឃ ហើយនិងយ៉ូស្វេជាកូននុន
18 ហើយត្រូវយកម្នាក់ៗដែលជាកំពូលពីគ្រប់ទាំងពូជអំបូរមក ឲ្យចែកស្រុកទុកជាមរដក
19 ឯឈ្មោះពួកអ្នកទាំងនោះ គឺកាលែប ជាកូនយេភូនេ ពីពូជអំបូរយូដា១
20 សាំយូអែល ជាកូនអាំមីហ៊ូត ពីពូជអំបូរស៊ីម្មាន១
21 អេលីដាត ជាកូនគីស្លូន ពីពូជអំបូរបេនយ៉ាមីន១
22 អ្នកដែលជាកំពូល ឈ្មោះប៊ូគី ជាកូនយុកលី ពីពូជអំបូរនៃកូនចៅដាន់១
23 ឯខាងពួកកូនចៅយ៉ូសែប នោះគឺអ្នកដែលជាកំពូលឈ្មោះហានាល ជាកូនអេផូត ពីពូជអំបូរនៃកូនចៅម៉ាន៉ាសេ១
24 និងអ្នកដែលជាកំពូល ឈ្មោះកេមយួល ជាកូនស៊ីបតាន ពីពូជអំបូរនៃកូនចៅអេប្រាអិម១
25 អ្នកដែលជាកំពូលឈ្មោះអេលីសាផាន ជាកូនប៉ារណាក ពីពូជអំបូរនៃកូនចៅសាប់យូល៉ូន១
26 អ្នកដែលជាកំពូល ឈ្មោះប៉ាលទាល ជាកូនអាស្សាន់ ពីពូជអំបូរនៃកូនចៅអ៊ីសាខារ១
27 អ្នកដែលជាកំពូល ឈ្មោះអ័ហ៊ីហ៊ូត ជាកូនសេឡូមី ពីពូជអំបូរនៃកូនចៅអេស៊ើរ១
28 ហើយអ្នកដែលជាកំពូល ឈ្មោះពេដាហិល ជាកូនអាំមីហ៊ូត ពីពូជអំបូរនៃកូនចៅណែបថាលី១
29 នេះហើយជាពួកអ្នក ដែលព្រះយេហូវ៉ាបានបង្គាប់ ឲ្យចែកស្រុកកាណាន ទុកជាមរដក ដល់ពួកកូនចៅអ៊ីស្រាអែល។