ជនគណនា
ជំពូក 14
គ្រានោះ ពួកជំនុំនៃពួកកូនចៅអ៊ីស្រាអែល ក៏ឡើងសំឡេងស្រែក ហើយនៅយប់នោះ បណ្តាជនក៏យំគ្រប់គ្នា
2 នោះគេរទូរទាំទាស់នឹងម៉ូសេ ហើយនិងអើរ៉ុន ពួកជំនុំទាំងអស់គ្នានិយាយថា ស៊ូឲ្យយើងបានស្លាប់នៅស្រុកអេស៊ីព្ទ ឬនៅក្នុងទីរហោស្ថាននេះវិញ យើងសុខចិត្តឲ្យស្លាប់ទៅជាជាង
3 តើហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់នាំយើងមកក្នុងកន្លែងនេះ ឲ្យត្រូវស្លាប់ដោយដាវដូច្នេះ ហើយឲ្យប្រពន្ធកូនយើងទៅជារំពាគេផង ចុះបើយើងវិលត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ នោះតើមិនមានប្រយោជន៍ជាជាងទេឬអី
4 រួចគេនិយាយគ្នាទៅវិញទៅមកថា ចូរយើងរើសយកមេម្នាក់ ហើយត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញទៅ។
5 នោះម៉ូសេ និងអើរ៉ុន លោកទម្លាក់ខ្លួនចុះផ្កាប់មុខនៅចំពោះមុខពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា
6 ហើយយ៉ូស្វេ ជាកូននុន និងកាលែប ជាកូនយេភូនេ ដែលនៅក្នុងពួកអ្នកដើរសង្កេតមើលស្រុក គេក៏ហែកសម្លៀកបំពាក់ខ្លួន
7 ព្រមទាំងនិយាយទៅពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា ស្រុកដែលយើងបានដើរកាត់សង្កេតមើលនោះ ជាស្រុកល្អក្រៃលែង
8 បើសិនជាព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងយើងរាល់គ្នា នោះទ្រង់នឹងនាំយើងឲ្យបានចូលទៅក្នុងស្រុកនោះជាមិនខាន ហើយនិងប្រទានមកយើងផង គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំដ៏ហូរហៀរ
9 កុំឲ្យតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាចមនុស្សនៅស្រុកនោះប៉ុណ្ណោះ ដ្បិតគេជាអាហារសម្រាប់យើងរាល់គ្នាទេ ទីពឹងជ្រករបស់គេបានរើចេញទៅបាត់ហើយ ព្រះយេហូវ៉ាក៏គង់នៅខាងយើងរាល់គ្នាដែរ កុំឲ្យខ្លាចគេឡើយ
10 ឯពួកជំនុំទាំងអស់ក៏ប្រាប់គ្នាថា ចូរចោលគេនឹងថ្មទៅ តែសិរីល្អនៃព្រះយេហូវ៉ាបានលេចមកក្នុងត្រសាលជំនុំ ឲ្យពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាឃើញ។
11 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា តើជនទាំងឡាយនេះនឹងនៅតែមើលងាយអញដល់កាលណាទៀត តើដល់កាលណាទៀតដែលគេនៅតែមិនជឿដល់អញ ទោះបើឃើញអស់ទាំងទីសម្គាល់ ដែលអញបានធ្វើនៅកណ្តាលគេជាច្រើនម៉្លេះផង
12 ដូច្នេះ អញនឹងវាយគេ ដោយជំងឺអាសន្នរោគ ហើយនិងកាត់កាល់គេចោលចេញ រួចអញនឹងបង្កើតសាសន៍១ដ៏ធំជាង ហើយពូកែជាងពីឯងវិញ។
13 តែម៉ូសេទូលទៅព្រះយេហូវ៉ាថា បើដូច្នោះ ពួកសាសន៍អេស៊ីព្ទនឹងឮដែរ (ដ្បិតទ្រង់បាននាំបណ្តាជននេះពីកណ្តាលគេ ឡើងមកដោយព្រះចេស្តាទ្រង់)
14 នោះគេនឹងប្រាប់តៗមក ដល់មនុស្សនៅស្រុកនេះ ដែលបានឮថា ព្រះយេហូវ៉ាទ្រង់តែងគង់នៅកណ្តាលពួកជននេះ ក៏ឮថា ពួកជននេះតែងឃើញព្រះយេហូវ៉ានៅប្រទល់មុខ ហើយថា ពពករបស់ទ្រង់តែងស្ថិតនៅពីលើគេ ទ្រង់ក៏យាងនាំមុខគេក្នុងបង្គោលពពកនៅវេលាថ្ងៃ និងក្នុងបង្គោលភ្លើងនៅវេលាយប់
15 ដូច្នេះ បើទ្រង់សម្លាប់ពួកជនទាំងនេះ ដូចជាមនុស្សតែម្នាក់ នោះសាសន៍ទាំងប៉ុន្មាន ដែលបានឮល្បីពីទ្រង់ គេនឹងដៀលថា
16 ដោយព្រោះតែព្រះយេហូវ៉ាពុំអាចនឹងនាំពួកនោះចូលទៅក្នុងស្រុកដែលទ្រង់បានស្បថថា នឹងឲ្យទៅគេ នោះបានជាទ្រង់ត្រឡប់ជាសម្លាប់គេ នៅក្នុងទីរហោស្ថានវិញ
17 ឥឡូវនេះ ទូលបង្គំសូមអង្វរដល់ទ្រង់ ឲ្យព្រះចេស្តានៃព្រះអម្ចាស់បានធំ ដូចជាទ្រង់មានព្រះបន្ទូលរួចហើយថា
18 ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្ដីមេត្តាករុណាជាបរិបូរ ទ្រង់តែងអត់ទោសនៃសេចក្ដីទុច្ចរិត និងការរំលង តែមិនមែនរាប់មនុស្សមានទោស ទុកជាគ្មាននោះឡើយ គឺទ្រង់តែងធ្វើទោសនៃការទុច្ចរិតរបស់ឪពុកទៅដល់កូនចៅទាំង៣តំណ ហើយ៤តំណផង
19 ទូលបង្គំសូមអង្វរទ្រង់ សូមអត់ទោសនៃការទុច្ចរិតរបស់ពួកជននេះ ដោយសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដូចជាទ្រង់បានអត់ទោសដល់គេតាំងពីស្រុកអេស៊ីព្ទ រហូតមកដល់ទីនេះដែរ។
20 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញអត់ទោសឲ្យតាមពាក្យឯងហើយ
21 ប៉ុន្តែ អញស្បថដោយនូវព្រះជន្មអញថា ផែនដីទាំងមូលត្រូវបានពេញដោយសិរីល្អនៃព្រះយេហូវ៉ា
22 ហើយពិតប្រាកដជាពួកអ្នកទាំងនេះដែលបានឃើញសិរីល្អអញ និងទីសម្គាល់ទាំងប៉ុន្មានដែលអញបានធ្វើនៅស្រុកអេស៊ីព្ទ ហើយនៅទីរហោស្ថាននេះ
23 គេនឹងមិនដែលឃើញស្រុកដែលអញបានស្បថនឹងឲ្យដល់ពួកអយ្យកោគេ គឺពួកដែលមើលងាយអញនោះ គេនឹងមិនដែលឃើញស្រុកនោះឡើយ ដោយព្រោះគេបានល្បងលអញ ទាំង១០ដងនេះហើយ ក៏មិនបានស្តាប់តាមសំឡេងអញផង
24 តែឯកាលែប ជាអ្នកបម្រើរបស់អញ នោះអញនឹងនាំចូលទៅក្នុងស្រុក ដែលគាត់បានទៅមើលនោះ ហើយពូជគាត់នឹងបានស្រុកនោះជាកេរអាករ ពីព្រោះមានវិញ្ញាណផ្សេងសណ្ឋិតលើគាត់ ហើយគាត់ក៏បានប្រព្រឹត្តតាមអញគ្រប់Chapter
25 (រីឯសាសន៍អាម៉ាលេក ហើយនិងសាសន៍កាណាន គេអាស្រ័យនៅក្នុងវាលច្រកភ្នំនោះ) ដល់ស្អែកនេះ ចូរឯងរាល់គ្នាវិលដើរទៅក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហមវិញ។
26 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនិងអើរ៉ុនថា
27 តើត្រូវឲ្យអញទ្រាំទ្រនឹងពួកជំនុំអាក្រក់ ដែលគេរទូរទាំទាស់នឹងអញនេះ ដល់កាលណាទៀត អញបានឮពាក្យដែលពួកកូនចៅអ៊ីស្រាអែលរទូរទាំទាស់នឹងអញនោះហើយ
28 ចូរប្រាប់គេថា ព្រះយេហូវ៉ាទ្រង់ស្បថដោយនូវព្រះជន្មទ្រង់ថា ពិតប្រាកដជាអញនឹងប្រព្រឹត្តនឹងឯងរាល់គ្នា តាមពាក្យដែលបាននិយាយដាក់ត្រចៀកអញនោះជាមិនខាន
29 គឺខ្មោចរបស់ឯងរាល់គ្នា ជាពួកអ្នកដែលគេបានរាប់បញ្ចូលក្នុងបញ្ជី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលបានរទូរទាំទាស់នឹងអញ នោះនឹងត្រូវដួលនៅទីរហោស្ថាននេះឯង ដរាបដល់គ្រប់ចំនួននោះ
30 ពិតប្រាកដជាឯងរាល់គ្នានឹងមិនបានចូលទៅក្នុងស្រុកនោះ ដែលអញបានស្បថថា នឹងឲ្យឯងរាល់គ្នាអាស្រ័យនៅនោះឡើយ ចូលបានតែកាលែប ជាកូនយេភូនេ និងយ៉ូស្វេ ជាកូននុនប៉ុណ្ណោះ
31 ឯអស់ទាំងកូនតូចៗរបស់ឯងរាល់គ្នា ដែលឯងបានថា វានឹងទៅជារំពាដល់គេ នោះអញនឹងនាំវារាល់គ្នាចូលវិញ ហើយវានឹងបានស្គាល់ស្រុកនោះ ដែលឯងរាល់គ្នាមិនបានទាំងរាប់អានផង
32 តែចំណែកឯងរាល់គ្នា នោះខ្មោចឯងនឹងត្រូវដួលនៅក្នុងទីរហោស្ថាននេះ
33 ហើយកូនចៅរបស់ឯងរាល់គ្នា និងដើរសាត់ព្រាត់នៅក្នុងទីរហោស្ថាននេះអស់៤០ឆ្នាំ ព្រមទាំងទ្រាំទ្រនឹងសេចក្ដីកំផិតរបស់ឯងរាល់គ្នា ដរាបដល់ខ្មោចឯងទាំងប៉ុន្មានបានរលួយទៅ នៅទីរហោស្ថាននេះ
34 ឯងរាល់គ្នានឹងត្រូវទ្រាំទ្រចំពោះសេចក្ដីទុច្ចរិតរបស់ឯងអស់៤០ឆ្នាំ តាមចំនួនថ្ងៃដែលបានដើរសង្កេតមើលក្នុងស្រុកនោះ គឺជា៤០ថ្ងៃ ក្នុង១ថ្ងៃទុកជា១ឆ្នាំ នោះឯងរាល់គ្នានឹងស្គាល់សណ្ឋានដែលឥតពីអញទៅ ជាយ៉ាងណា
35 អញនេះគឺព្រះយេហូវ៉ា អញបានចេញវាចាហើយ ពិតប្រាកដជាអញនឹងប្រព្រឹត្តនឹងពួកជំនុំខូចអាក្រក់ ដែលបានប្រមូលគ្នាទាស់នឹងអញនេះយ៉ាងដូច្នេះ គឺគេនឹងត្រូវស្លាប់រោយរៀវទៅ នៅក្នុងទីរហោស្ថាននេះ។
36 ឯពួកមនុស្សដែលម៉ូសេបានចាត់ទៅសង្កេតមើលក្នុងស្រុកនោះ ដែលគេត្រឡប់មកវិញ បណ្តាលឲ្យពួកជំនុំទាំងអស់រទូរទាំទាស់នឹងលោក ដោយនាំដំណឹងអាក្រក់ពីស្រុកនោះ
37 ពួកអ្នកនោះឯង ដែលបាននាំដំណឹងអាក្រក់ពីស្រុកនោះមក គេក៏ស្លាប់នៅចំពោះព្រះយេហូវ៉ាដោយការប្រហាររបស់ទ្រង់ទៅ
38 ដូច្នេះ ក្នុងពួកមនុស្សដែលបានទៅសង្កេតមើលស្រុកនោះ មានតែយ៉ូស្វេ ជាកូននុន និងកាលែប ជាកូនយេភូនេប៉ុណ្ណោះទេដែលនៅរស់។
39 ម៉ូសេក៏ប្រាប់សេចក្ដីទាំងនេះ ដល់ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន រួចគេយំទួញជាខ្លាំង
40 គេភ្ញាក់ពីព្រហាមរៀងឡើងទៅឯកំពូលភ្នំ ដោយពាក្យថា មើលយើងខ្ញុំដល់នេះហើយ ដូច្នេះ យើងខ្ញុំនឹងឡើងទៅឯកន្លែងដែលព្រះយេហូវ៉ាបានសន្យាទុកនោះ ដ្បិតយើងខ្ញុំបានធ្វើបាបមែន។
41 នោះម៉ូសេតបថា ម្តេចក៏ឯងរាល់គ្នារំលងបង្គាប់ព្រះយេហូវ៉ាទៀត ធ្វើដូច្នោះមិនកើតទេ
42 កុំឲ្យឡើងទៅធ្វើអី ដ្បិតព្រះយេហូវ៉ាមិនគង់ជាមួយឯងរាល់គ្នាទេ ក្រែងឯងរាល់គ្នាចាញ់ពួកខ្មាំងសត្រូវវិញ
43 ដ្បិតមានសាសន៍អាម៉ាលេក និងសាសន៍កាណាននៅខាងមុខឯងរាល់គ្នានោះហើយ ឯងនឹងត្រូវដួលដោយដាវរបស់គេជាមិនខាន ព្រះយេហូវ៉ាទ្រង់មិនព្រមគង់នៅជាមួយទេ ពីព្រោះឯងបានថយចេញពីព្រះយេហូវ៉ាហើយ
44 ប៉ុន្តែ គេចេះតែខំឡើងទៅឯកំពូលភ្នំ ដោយអួតអាងវិញ តែឯហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ព្រមទាំងម៉ូសេផង មិនបានចេញពីទីដំឡើងត្រសាលឡើយ
45 ដូច្នេះ ពួកសាសន៍អាម៉ាលេក និងសាសន៍កាណាន ដែលនៅលើភ្នំនោះ ក៏ចុះមកវាយផ្តួល ហើយដេញតាមគេរហូតដល់ស្រុកហោម៉ា។