ជនគណនា

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36


ជំពូក 32

ឯ​ពួក​កូន​ចៅ​រូបេន និង​ពួក​កូន​ចៅ​កាឌ់ គេ​មាន​ហ្វូង​សត្វ​សន្ធឹក​ណាស់ ដូច្នេះ កាល​គេ​បាន​ឃើញ​ស្រុក​យ៉ាស៊ើរ និង​ស្រុក​កាឡាត ថា​ជា​ស្រុក​ស្រួល​ល្មម​ឲ្យ​ចិញ្ចឹម​ហ្វូង​សត្វ​បាន
2 នោះ​គេ​ក៏​មក​ជម្រាប​ដល់​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ព្រម​ទាំង​ពួក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ​ថា
3 ក្រុង​អាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ ហើយ​បេអុន
4 គឺ​ស្រុក​នេះ​ឯង​ដែល​ព្រះ‌យេហូវ៉ា​បាន​វាយ នៅ​មុខ​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ស្រុក​ស្រួល​ល្មម​នឹង​ចិញ្ចឹម​ហ្វូង​សត្វ​បាន ឯ​យើង​ខ្ញុំ​ប្របាទ​ជា​អ្នក​មាន​ហ្វូង​សត្វ​ហើយ
5 ដូច្នេះ បើ​យើង​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​នៃ​លោក នោះ​សូម​ប្រគល់​ស្រុក​នេះ​ឲ្យ​បាន​ជា​កេរ‌អាករ​ដល់​យើង​ខ្ញុំ​ប្របាទ​ផង សូម​កុំ​នាំ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ឡើយ។
6 ម៉ូសេ​លោក​ឆ្លើយ​ទៅ​ពួក​កូន​ចៅ​កាឌ់ និង​ពួក​កូន​ចៅ​រូបេន​ថា តើ​ត្រូវ​ឲ្យ​បង​ប្អូន​ឯង​រាល់​គ្នា​ទៅ​ច្បាំង ហើយ​ឯង​រាល់​គ្នា​អង្គុយ​ព្រងើយ​នៅ​ទី​នេះ​វិញ​ឬ​អី
7 ម្តេច​ក៏​ឯង​រាល់​គ្នា​ចង់​រំសាយ​ចិត្ត​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល មិន​ឲ្យ​គេ​ឆ្លង​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​គេ​ដូច្នេះ
8 ពួក​ឪពុក​ឯង​រាល់​គ្នា​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ ក្នុង​កាល​ដែល​អញ​ចាត់​គេ​ពី​កាដេស-បារនា ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​នោះ
9 ដ្បិត​កាល​គេ​បាន​ឡើង​ទៅ​ដល់​ជ្រោះ​អែស‌កុល​ឃើញ​ស្រុក​នោះ​ហើយ នោះ​គេ​បាន​រំសាយ​ចិត្ត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ ដើម្បី​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ
10 ហើយ​នៅ​ថ្ងៃ​នោះ​ឯង សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​បាន​កាត់​ឡើង ទ្រង់​ក៏​ស្បថ​ថា
11 ក្នុង​ពួក​មនុស្ស​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ឃើញ​ស្រុក​ដែល​អញ​បាន​ស្បថ នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក ហើយ​យ៉ាកុប នោះ​ឡើយ ពី​ព្រោះ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​អញ​គ្រប់​Chapter
12 លើក​តែ​កាលែប​ជា​កូន​យេភូនេ​ក្នុង​ពូជ​កេណាស​១ និង​យ៉ូស្វេ​ជា​កូន​នុន​១​ប៉ុណ្ណោះ ពី​ព្រោះ​អ្នក​ទាំង​២​នោះ បាន​ប្រព្រឹត្ត​តាម​អញ​គ្រប់​Chapter
13 ដូច្នេះ សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា ក៏​កាត់​ឡើង​ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល ហើយ​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ដើរ​វីម‌វាម​នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ ទាល់​តែ​ដំណ​មនុស្ស​ដែល​បាន​ប្រព្រឹត្ត​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​នោះ បាន​វិនាស​ទាំង​អស់​ទៅ
14 ហើយ​មើល ឯង​រាល់​គ្នា​បាន​កើត​ឡើង ជា​ដំណាង​នៃ​ឪពុក​ឯង ជា​ពួក​មនុស្ស​មាន​បាប ដែល​ចម្រើន​កាន់​តែ​ច្រើន​ឡើង ចង់​តែ​បន្ថែម​សេចក្ដី​ក្រោធ​ដ៏​សហ័ស​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​រឹង‌រឹត​តែ​ក្តៅ​ឡើង ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល​ទៅ​ទៀត
15 ដ្បិត​បើ​ឯង​រាល់​គ្នា​បែរ​ចេញ​ពី​ទ្រង់ នោះ​ទ្រង់​នឹង​ទុក​ឯង​ចោល​នៅ​ទី​រហោ‌ស្ថាន​ត​ទៅ ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​បណ្តា‌ជន​ទាំង​នេះ​ត្រូវ​វិនាស​បង់។
16 តែ​គេ​ចូល​ទៅ​ជិត​ជម្រាប​លោក​ថា យើង​ខ្ញុំ​នឹង​ធ្វើ​ក្រោល​សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ហើយ​និង​ទី​ក្រុង​សម្រាប់​កូន​ចៅ​យើង​ខ្ញុំ
17 តែ​ខ្លួន​យើង​ខ្ញុំ​នឹង​មាន​គ្រឿង​ប្រុង​ជា​ស្រេច ដើម្បី​នឹង​ជូន​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ទាល់​តែ​បាន​នាំ​គេ​រហូត​ទៅ​ដល់​ទី​កន្លែង​របស់​គេ ឯ​កូន​ចៅ​យើង​ខ្ញុំ គេ​នឹង​នៅ​ក្នុង​ទី​ក្រុង​មាន​កំផែង ដោយ​ខ្លាច​ដល់​មនុស្ស​នៅ​ស្រុក​នេះ
18 យើង​ខ្ញុំ​មិន​ត្រឡប់​មក​ឯ​ផ្ទះ​យើង​ខ្ញុំ​វិញ​ទេ ដរាប​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស៊ី​មរដក​របស់​គេ​រៀង​ខ្លួន
19 ដ្បិត​យើង​ខ្ញុំ​រាល់​គ្នា​នឹង​មិន​ស៊ី​មរដក​ជា​មួយ​នឹង​គេ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ម្ខាង​ទៀត​ទេ ពី​ព្រោះ​មរដក​របស់​ផង​យើង​ខ្ញុំ​បាន​ធ្លាក់​មក​ដល់​យើង​ខ្ញុំ នៅ​ត្រើយ​ខាង​កើត​នេះ​ហើយ។
20 រួច​ម៉ូសេ​លោក​ឆ្លើយ​ឡើង​ថា បើ​ឯង​រាល់​គ្នា​ធ្វើ​យ៉ាង​នោះ គឺ​បើ​ឯង​នឹង​យក​គ្រឿង​ចេញ​ទៅ​ច្បាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
21 ហើយ​ពួក​ឯង​គ្រប់​គ្នា ដែល​មាន​គ្រឿង​ចម្បាំង​នឹង​ឆ្លង​ទន្លេ​យ័រដាន់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដរាប​ដល់​ទ្រង់​បាន​បណ្តេញ​ពួក​ខ្មាំង​សត្រូវ​ពី​ចំពោះ​ទ្រង់​ចេញ
22 គឺ​ដល់​កាល​ណា​ស្រុក​នោះ​បាន​ទទួល​ចុះ​ចាញ់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​ឯង​រាល់​គ្នា​នឹង​ត្រឡប់​មក​វិញ ឥត​មាន​ទោស​ចំពោះ​ព្រះ‌យេហូវ៉ា ឬ​ចំពោះ​សាសន៍​អ៊ីស្រា‌អែល​ឡើយ ហើយ​ស្រុក​នេះ​ក៏​នឹង​បាន​ជា​កេរ‌អាករ​របស់​ឯង​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
23 តែ​បើ​មិន​ព្រម​ធ្វើ​ដូច្នោះ​ទេ នោះ​នឹង​មាន​បាប​ចំពោះ​ព្រះ‌យេហូវ៉ា​វិញ ហើយ​ត្រូវ​ដឹង​ជា​ប្រាកដ​ថា បាប​ឯង​រាល់​គ្នា​នឹង​តាម​ឯង​ទាន់
24 ចូរ​សង់​ទី​ក្រុង​សម្រាប់​កូន​ចៅ​ឯង ហើយ​និង​ក្រោល​សម្រាប់​ហ្វូង​សត្វ​ផង ឲ្យ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​មាត់​ឯង​នោះ​ចុះ
25 នោះ​ពួក​កូន​ចៅ​កាឌ់ និង​កូន​ចៅ​រូបេន​ក៏​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​ប្របាទ​នឹង​ធ្វើ​ដូច​ជា​លោក​ម្ចាស់​បង្គាប់​មក
26 ប្រពន្ធ​កូន ហើយ​និង​ហ្វូង​គោ ហ្វូង​ចៀម​របស់​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន នឹង​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​កាឡាត​នេះ
27 តែ​យើង​ខ្ញុំ​ប្របាទ​ដែល​មាន​គ្រឿង​ចម្បាំង​រៀប​ជា​ស្រេច យើង​ខ្ញុំ​នឹង​ឆ្លង​ទៅ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​ម្ចាស់​បាន​បង្គាប់​មក។
28 ដូច្នេះ ម៉ូសេ​ក៏​បង្គាប់​ដល់​អេលាសារ​ដ៏​ជា​សង្ឃ និង​យ៉ូស្វេ ជា​កូន​នុន ព្រម​ទាំង​ពួក​មេ​លើ​វង្សា‌នុវង្ស​នៃ​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ពី​ដំណើរ​គេ
29 លោក​ប្រាប់​អ្នក​ទាំង​នោះ​ថា បើ‌សិន​ជា​ពួក​កូន​ចៅ​កាឌ់ និង​ពួក​កូន​ចៅ​រូបេន ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​គ្រប់​គ្នា​មាន​គ្រឿង​ចម្បាំង​ប្រុង​ជា​ស្រេច ដូច្នេះ កាល​ណា​ស្រុក​នោះ​បាន​ចុះ​ចាញ់​នៅ​មុខ​ឯង​រាល់​គ្នា​ហើយ នោះ​ត្រូវ​ចែក​ស្រុក​កាឡាត​នេះ​ឲ្យ​ដល់​គេ ទុក​ជា​កេរ‌អាករ​ចុះ
30 តែ​បើ​គេ​មិន​ឆ្លង​ទៅ​ជា​មួយ​ដោយ​មាន​គ្រឿង​ចម្បាំង​ប្រុង​ជា​ស្រេច​ទេ នោះ​គេ​ត្រូវ​បាន​កេរ‌អាករ​នៅ​កណ្តាល​ឯង​រាល់​គ្នា ក្នុង​ស្រុក​កាណាន​វិញ
31 ពួក​កូន​ចៅ​កាឌ់ និង​កូន​ចៅ​រូបេន​ក៏​ឆ្លើយ​ឡើង​ថា សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​យើង​ខ្ញុំ​ប្របាទ នោះ​យើង​ខ្ញុំ​នឹង​ធ្វើ​តាម
32 យើង​ខ្ញុំ​នឹង​ឆ្លង​ទៅ ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ​នៅ​ដៃ ចូល​ទៅ​ក្នុង​ស្រុក​កាណាន នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​កេរ‌អាករ​ជា​មរដក​របស់​យើង​ខ្ញុំ នឹង​នៅ​ឯ​ត្រើយ​ទន្លេ​យ័រដាន់ ខាង‌អាយ​នេះ​វិញ។
33 ម៉ូសេ លោក​ក៏​ឲ្យ​នគរ​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី និង​នគរ​របស់​អុក ជា​ស្តេច​បាសាន គឺ​ស្រុក​ទាំង​មូល តាម​ចំនួន​ទី​ក្រុង​គេ រហូត​ដល់​ព្រំ​ប្រទល់ ព្រម​ទាំង​ទី​ក្រុង នៅ​ព័ទ្ធ​ជុំវិញ​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​កាឌ់ និង​ពួក​កូន​ចៅ​រូបេន ហើយ​ដល់​១​ចំហៀង​នៃ​ពូជ​អំបូរ​ម៉ាន៉ាសេ ជា​កូន​យ៉ូសែប
34 នោះ​ពួក​កូន​ចៅ​កាឌ់​ក៏​សង់​ទី​ក្រុង​ឌីបូន អាថារ៉ូត អារ៉ូអ៊ើរ
35 អាត្រូត-សូផាន យ៉ាស៊ើ យ៉ុក‌បិហា
36 បេត-នីមរ៉ា ហើយ​និង​បេត-ហារ៉ាន សុទ្ធ​តែ​ជា​ទី​ក្រុង​មាន​កំផែង ព្រម​ទាំង​ធ្វើ​ក្រោល​សម្រាប់​ហ្វូង​សត្វ​គេ​ផង
37 ហើយ​ពួក​កូន​ចៅ​រូបេន គេ​ក៏​សង់​ក្រុង​ហែសបូន អេលាលេ គារយ៉ា-ថែម
38 នេបូរ បាល-មេយ៉ូន (ឯ​ទី​ក្រុង​ទាំង​នោះ គេ​បាន​ផ្លាស់​ឈ្មោះ​ចេញ) ហើយ​ស៊ីបម៉ា​ផង គេ​ដាក់​ឈ្មោះ​ជា​ថ្មី​ដល់​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​គេ​បាន​សង់​ឡើង​វិញ​នោះ
39 រីឯ​ពួក​កូន​ចៅ​ម៉ាគារ ជា​កូន​ម៉ាន៉ាសេ គេ​ក៏​ទៅ​វាយ​យក​ស្រុក​កាឡាត ព្រម​ទាំង​កំចាត់​សាសន៍​អាម៉ូរី​ដែល​នៅ​ស្រុក​នោះ​ចេញ
40 ដូច្នេះ ម៉ូសេ​ក៏​ឲ្យ​ស្រុក​កាឡាត ទៅ​ម៉ាគារ​ជា​កូន​ម៉ាន៉ាសេ ហើយ​គាត់​តាំង​ទី​លំនៅ​ស្រុក​នោះ​ទៅ
41 ឯ​យ៉ាអ៊ារ ជា​កូន​ម៉ាន៉ាសេ គាត់​ក៏​ទៅ​វាយ​យក​អស់​ទាំង​ភូមិ​នៅ​ស្រុក​នោះ ហើយ​គាត់​ហៅ​ភូមិ​ទាំង​នោះ​ថា ហាវ៉ុត-យ៉ាអ៊ារ
42 ចំណែក​ណូបាស​ក៏​ទៅ​វាយ​យក​ក្រុង​កេណាត ព្រម​ទាំង​តំបន់​របស់​ទី​ក្រុង​នោះ​ទាំង​ប៉ុន្មាន ហើយ​ដាក់​ឈ្មោះ​ថា ក្រុង​ណូបាស តាម​ឈ្មោះ​របស់​ខ្លួន។