ជនគណនា

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36


ជំពូក 31

ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា
2 ចូរ​សង‌សឹក​នឹង​សាសន៍​ម៉ាឌាន ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ ក្រោយ​នោះ​មក ឯង​នឹង​ត្រូវ​ប្រមូល​ទៅ​មូល​នឹង​ពួក​អយ្យកោ​ឯង​វិញ
3 នោះ​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​បណ្តា‌ជន​ថា ចូរ​ចាត់‌ចែង​គ្រឿង​ចម្បាំង​ឲ្យ​ដល់​ពួក​អ្នក​រាល់​គ្នា​ខ្លះ ដើម្បី​នឹង​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ប្រយោជន៍​នឹង​សម្រេច​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា​ទៅ​លើ​គេ
4 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចាត់​មនុស្ស​១​ពាន់​នាក់ ពី​គ្រប់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ទៅ​ច្បាំង
5 ដូច្នេះ គេ​ក៏​កេណ្ឌ​យក​១​ពាន់​នាក់ ក្នុង​គ្រប់​ទាំង​ពូជ​អំបូរ​ពី​ពួក​អ៊ីស្រា‌អែល​ទាំង​ពាន់ៗ បាន​១​ម៉ឺន​២​ពាន់​នាក់ ដែល​កាន់​គ្រឿង​សម្រាប់​ទៅ​ច្បាំង
6 រួច​ម៉ូសេ​ចាត់​គេ​ទៅ​ច្បាំង គឺ​១​ពាន់​នាក់​ពី​គ្រប់​ទាំង​ពូជ​អំបូរ​នោះ មាន​ទាំង​ភីនេ‌ហាស ជា​កូន​អេលាសារ​ដ៏​ជា​សង្ឃ នាំ​យក​គ្រឿង​ប្រដាប់​ទី​បរិសុទ្ធ និង​ត្រែ​សម្រាប់​ផ្លុំ​កាន់​នៅ​ដៃ​ទៅ​ជា​មួយ​ផង
7 គេ​ក៏​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ក៏​សម្លាប់​ពួក​ប្រុសៗ​ទាំង​អស់​ទៅ
8 ព្រម​ទាំង​សម្លាប់​ពួក​ស្តេច​សាសន៍​ម៉ាឌាន​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ទាំង​ប៉ុន្មាន​នោះ​ដែរ គឺ​អេវី​១ រេគេម​១ ស៊ើ​១ ហើយ​និង​រេបា​១ ជា​ស្តេច​សាសន៍​ម៉ាឌាន​ទាំង​៥​អង្គ ក៏​បាន​សម្លាប់​បាឡាម​ជា​កូន​បេអ៊រ​ដោយ​ដាវ​ដែរ
9 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ចាប់​យក​ពួក​ស្រីៗ​សាសន៍​ម៉ាឌាន និង​កូន​តូចៗ​ទាំង​ប៉ុន្មាន​នាំ​ទៅ​ជា​ឈ្លើយ ក៏​យក​ហ្វូង​គោ ហ្វូង​ចៀម និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ទុក​ជា​របឹប​ដែរ
10 ឯ​អស់​ទាំង​ទី​ក្រុង និង​ផ្ទះ‌សំបែង ហើយ​អស់​ទាំង​ទី​ដំឡើង​ត្រសាល​ទាំង​ប៉ុន្មាន នោះ​គេ​ក៏​ដុត​ដោយ​ភ្លើង​ទៅ
11 រួច​យក​អស់​ទាំង​របឹប ព្រម​ទាំង​សត្វ និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​គេ​ចាប់​បាន​នោះ
12 ហើយ​នាំ​ពួក​ឈ្លើយ សត្វ​ទាំង​នោះ និង​របឹង​ទាំង​ប៉ុន្មាន​ទៅ​ប្រគល់​ដល់​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ព្រម​ទាំង​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ត្រង់​ទី​ដំឡើង​ត្រសាល នា​ស្រុក​វាល​របស់​ម៉ូអាប់ ដែល​ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូ។
13 នោះ​ម៉ូសេ អេលាសារ​ដ៏​ជា​សង្ឃ ហើយ​និង​ពួក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ​ទាំង​អស់ ក៏​នាំ​គ្នា​ចេញ​ទៅ​ទទួល​គេ នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល
14 ឯ​ម៉ូសេ​លោក​ខឹង​នឹង​ពួក​មេ‌ទ័ព គឺ​នឹង​ពួក​មេ​លើ​១​ពាន់​នាក់ ហើយ​និង​ពួក​មេ​លើ​១០០​នាក់ ដែល​មក​ពី​ច្បាំង​វិញ​នោះ
15 លោក​សួរ​គេ​ថា តើ​បាន​ទុក​ឲ្យ​ស្រីៗ​ទាំង​អស់​រស់​នៅ​ឬ​អី
16 មើល គឺ​វា​រាល់​គ្នា​ហើយ​ដែល​បាន​នាំ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​រំលង ទាស់​នឹង​ព្រះ‌យេហូវ៉ា ពី​ដំណើរ​ពេអរ ដោយ‌សារ​សេចក្ដី​ទូន្មាន​របស់​បាឡាម ហើយ​យ៉ាង​នោះ ក៏​មាន​សេចក្ដី​វេទនា​កើត​ឡើង​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា
17 ដូច្នេះ ចូរ​សម្លាប់​អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​ក្មេង​ទាំង​ប៉ុន្មាន ព្រម​ទាំង​ស្រីៗ​ដែល​បាន​ស្គាល់​ប្រុស​ដោយ​រួម​ដំណេក​ហើយ​ឥឡូវ​ទៅ
18 តែ​ឯ​ពួក​ក្មេង​ស្រីៗ​ដែល​មិន​ទាន់​ស្គាល់​ប្រុស​ណា​ដោយ​រួម​ដំណេក​នៅ​ឡើយ នោះ​ទុក​សម្រាប់​ឯង​រាល់​គ្នា​វិញ​ចុះ
19 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​អស់​៧​ថ្ងៃ ឯ​អស់​អ្នក​ណា​ដែល​បាន​សម្លាប់​គេ ឬ​បាន​ប៉ះ‌ពាល់​ខ្មោច​ណា នោះ​ត្រូវ​សម្អាត​ខ្លួន​នៅ​ថ្ងៃ​ទី​៣ ហើយ​នៅ​ថ្ងៃ​ទី​៧​ទៀត គឺ​ទាំង​ឯង​រាល់​គ្នា ហើយ​និង​ពួក​ឈ្លើយ​ទាំង​ប៉ុន្មាន​ផង
20 ចំណែក​ខាង​សម្លៀក‌បំពាក់​ទាំង​ប៉ុន្មាន និង​អស់​ទាំង​របស់​ធ្វើ​ពី​ស្បែក ព្រម​ទាំង​របស់​ធ្វើ​ពី​រោម​ពពែ ហើយ​គ្រប់​ទាំង​របស់​ធ្វើ​ពី​ឈើ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សម្អាត​ដោយ​ខ្លួន​ឯង។
21 ឯ​អេលាសារ​ដ៏​ជា​សង្ឃ លោក​ប្រាប់​ដល់​ពួក​ទ័ព​ដែល​បាន​ទៅ​ច្បាំង​ថា នេះ​ជា​បញ្ញត្ត​ច្បាប់​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ​ថា
22 ឯ​មាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត និង​សំណ
23 គឺ​គ្រប់​ទាំង​ធាតុ​អ្វី​ដែល​ធន់​នៅ​នឹង​ភ្លើង​បាន នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​យក​ទៅ​ដុត​ភ្លើង​សម្អាត​ទៅ រួច​នឹង​បាន​ស្អាត ប៉ុន្តែ ត្រូវ​ឲ្យ​សម្អាត​នឹង​ទឹក​ដែល​សម្រាប់​សម្អាត​ដែរ ឯ​អស់​ទាំង​ធាតុ​អ្វី​ដែល​ធន់​នៅ​នឹង​ភ្លើង​មិន​បាន នោះ​ត្រូវ​ឲ្យ​លាង​នឹង​ទឹក​វិញ
24 ដល់​ថ្ងៃ​ទី​៧ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ នោះ​នឹង​បាន​ស្អាត រួច​សឹម​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​ចុះ។
25 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា
26 ចូរ​ឲ្យ​ឯង និង​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​និង​ពួក​មេ​ក្នុង​វង្សា‌នុវង្ស​នៃ​ពួក​ជំនុំ​រាប់​ចំនួន​របឹប គឺ​ទាំង​មនុស្ស ហើយ​និង​សត្វ​ផង ដែល​ចាប់​បាន​នោះ
27 រួច​បែង​ចែក​របឹប​ជា​២​ចំណែក ឲ្យ​ដល់​ពួក​ទាហាន​ដែល​បាន​ទៅ​ច្បាំង និង​ពួក​ជំនុំ​ទាំង​អស់​គ្នា
28 ហើយ​ត្រូវ​ហូត​យក​សួយ‌អាករ​ពី​ពួក​ទាហាន​ដែល​បាន​ទៅ​ច្បាំង​ដែរ គឺ​១​ក្នុង​៥០០ ទាំង​មនុស្ស ទាំង​គោ ទាំង​លា ហើយ​និង​ចៀម​ផង ទុក​សម្រាប់​ព្រះ‌យេហូវ៉ា
29 ត្រូវ​ឲ្យ​យក​ពី​ចំណែក​នៃ​ពួក​ទាហាន ប្រគល់​ដល់​អេលាសារ​ដ៏​ជា​សង្ឃ ទុក​ជា​តង្វាយ​លើក​ចុះ​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា
30 ឯ​ចំណែក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​ត្រូវ​ហូត​យក​១​ភាគ​ក្នុង​៥០​វិញ ទាំង​មនុស្ស ទាំង​គោ ទាំង​លា ហើយ​និង​ចៀម​ផង គឺ​ពី​គ្រប់​សត្វ​ទាំង​អស់ ប្រគល់​ដល់​ពួក​លេវី ដែល​ថែ​រក្សា​បញ្ញើ​នៃ​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា
31 នោះ​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។
32 រីឯ​ក្រៅ​ពី​របស់​អ្វីៗ​ដែល​ពួក​ទាហាន​បាន​យក នោះ​របឹប​ទាំង​អស់​មាន​ចំនួន​ដូច្នេះ គឺ​ចៀម​៦​សែន​៧​ម៉ឺន​៥​ពាន់
33 និង​គោ​៧​ម៉ឺន​២​ពាន់
34 សត្វ​លា​៦​ម៉ឺន​១​ពាន់
35 ឯ​មនុស្ស​ស្រី​ទាំង​ប៉ុន្មាន​ដែល​មិន​បាន​ស្គាល់​ប្រុស​ណា​ដោយ​រួម​ដំណេក​នឹង​គ្នា នោះ​មាន​ចំនួន​៣​ម៉ឺន​២​ពាន់​នាក់
36 ហើយ​ចំណែក​១​ដែល​បាន​ចែក​ឲ្យ​ពួក​អ្នក​ដែល​ចេញ​ទៅ​ច្បាំង នោះ​មាន​ចៀម​៣​សែន​៣​ម៉ឺន​៧​ពាន់​៥០០
37 ហើយ​ចៀម​ដែល​ជា​សួយ‌អាករ ទុក​សម្រាប់​ព្រះ‌យេហូវ៉ា នោះ​មាន​៦៧៥
38 ឯ​គោ នោះ​គេ​បាន​៣​ម៉ឺន​៦​ពាន់ ហើយ​សួយ‌អាករ​ថ្វាយ​ព្រះ‌យេហូវ៉ា​បាន​៧២
39 ក្នុង​សត្វ​លា នោះ​គេ​បាន​៣​ម៉ឺន​៥០០ ហើយ​សួយ‌អាករ​ថ្វាយ​ព្រះ‌យេហូវ៉ា​បាន​៦១
40 ឯ​មនុស្ស នោះ​គេ​បាន​១​ម៉ឺន​៦​ពាន់​នាក់ ហើយ​សួយ‌អាករ​ថ្វាយ​ព្រះ‌យេហូវ៉ា​បាន​៣២​នាក់
41 ម៉ូសេ​ក៏​ប្រគល់​សួយ‌អាករ​ទាំង​នោះ ដែល​ជា​តង្វាយ​លើក​ចុះ​ឡើង​របស់​ព្រះ‌យេហូវ៉ា ដល់​អេលាសារ​ដ៏​ជា​សង្ឃ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។
42 ឯ​១​ចំណែក​ទៀត ដែល​ត្រូវ​បាន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ជា​ចំណែក​ដែល​ម៉ូសេ​បាន​ហូត​យក​ពី​ពួក​អ្នក​ដែល​ទៅ​ច្បាំង
43 ឲ្យ​ដល់​ពួក​ជំនុំ​វិញ នោះ​មាន​ចៀម​៣​សែន​៣​ម៉ឺន​៧​ពាន់​៥០០
44 គោ​៣​ម៉ឺន​៦​ពាន់
45 សត្វ​លា​៣​ម៉ឺន​៥០០
46 ហើយ​មនុស្ស​១​ម៉ឺន​៦​ពាន់
47 ម៉ូសេ​ក៏​យក​១​ក្នុង​៥០ ទាំង​មនុស្ស​ទាំង​សត្វ ពី​ចំណែក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នោះ ប្រគល់​ឲ្យ​ដល់​ពួក​លេវី ដែល​ថែ​រក្សា​បញ្ញើ​នៃ​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។
48 រួច​ពួក​ទ័ព​ដែល​ត្រួត​លើ​ពល‌ទ័ព​ទាំង​ពាន់ៗ គឺ​ជា​ពួក​មេ​លើ​១​ពាន់​នាក់ ហើយ​ពួក​មេ​លើ​១០០​នាក់ គេ​ក៏​នាំ​គ្នា​ចូល​មក​ឯ​ម៉ូសេ ជម្រាប​ថា
49 យើង​ខ្ញុំ ជា​អ្នក​បម្រើ​លោក បាន​រាប់​ពួក​ពល‌ទ័ព​ដែល​នៅ​ក្រោម​អំណាច​យើង​ខ្ញុំ​ទាំង​អស់​ហើយ ឥត​មាន​ខ្វះ​មនុស្ស​ណា​មួយ​ក្នុង​ពួក​យើង​ខ្ញុំ​ឡើយ
50 ហើយ​យើង​ខ្ញុំ​បាន​យក​តង្វាយ​នេះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​របស់​ដែល​គ្រប់​គ្នា​ចាប់​យក​បាន គឺ​ជា​គ្រឿង​មាស ខ្សែ កង​ដៃ ចិញ្ចៀន កាវ ហើយ​និង​ខ្សែ​ក ដើម្បី​នឹង​ថ្វាយ​ឲ្យ​ធួន​នឹង​ជីវិត​យើង​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
51 ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ក៏​ទទួល​យក​មាស​ទាំង​នោះ​ពី​គេ សុទ្ធ​តែ​ជា​គ្រឿង​រចនា​ទាំង​អស់
52 ឯ​មាស​ទាំង​អស់​ដែល​គេ​បាន​ថ្វាយ ដោយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា គឺ​ដែល​ពួក​មេ​លើ​១​ពាន់​នាក់ និង​ពួក​មេ​លើ​១០០​នាក់​បាន​ថ្វាយ នោះ​មាន​ទំងន់​១​ម៉ឺន​៦​ពាន់​៧៥០​ដំឡឹង
53 ដ្បិត​ពួក​ទ័ព​បាន​ចាប់​យក​របស់​ទាំង​នោះ​ទុក​សម្រាប់​ខ្លួន​គេ
54 ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ក៏​ទទួល​យក​មាស​ទាំង​នោះ​ពី​ពួក​មេ​លើ​១​ពាន់​នាក់ ហើយ​ពី​ពួក​មេ​លើ​១០០​នាក់ ទៅ​ទុក​ដាក់​ក្នុង​ត្រសាល​ជំនុំ ទុក​ជា​សេចក្ដី​រំឭក​សម្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។