ជនគណនា
ជំពូក 23
នោះបាឡាមទូលទៅបាឡាកថា សូមទ្រង់ធ្វើអាសនៈ៧នៅទីនេះឲ្យទូលបង្គំ ហើយរៀបគោឈ្មោល៧ និងចៀមឈ្មោល៧ផង
2 បាឡាកទ្រង់ក៏ធ្វើដូចជាបាឡាមបានថា នោះបាឡាក ហើយនិងបាឡាមក៏ថ្វាយគោ និងចៀមមួយៗនៅលើអាសនៈទាំងនោះ
3 រួចបាឡាមគាត់ទូលទៅបាឡាកថា សូមទ្រង់ឈរនៅជិតតង្វាយទ្រង់នេះចុះ ទូលបង្គំនឹងទៅ ប្រហែលជាព្រះយេហូវ៉ានឹងយាងមកជួបនឹងទូលបង្គំ បើសេចក្ដីណាដែលទ្រង់បង្ហាញមកទូលបង្គំ នោះទូលបង្គំនឹងនាំមកទូលដល់ទ្រង់ រួចគាត់ក៏ឡើងទៅឯទីខ្ពស់
4 ឯព្រះទ្រង់ក៏មកជួបនឹងបាឡាម រួចគាត់ទូលទ្រង់ថា ទូលបង្គំបានរៀបចំអាសនៈទាំង៧ ហើយបានថ្វាយគោ និងចៀមមួយៗ នៅលើអាសនៈទាំងនោះ
5 នោះព្រះយេហូវ៉ាទ្រង់ដាក់ព្រះបន្ទូលនៅក្នុងមាត់បាឡាម ហើយប្រាប់ថា ចូរត្រឡប់ទៅឯបាឡាកវិញទៅ ហើយត្រូវនិយាយដូច្នេះ
6 គាត់ក៏ត្រឡប់ទៅឯបាឡាក ឃើញទ្រង់កំពុងតែឈរនៅជិតតង្វាយរបស់ទ្រង់នៅឡើយ មានអស់ទាំងមេរបស់សាសន៍ម៉ូអាប់នៅជាមួយ
7 រួចគាត់ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា បាឡាកជាស្តេចនៃសាសន៍ម៉ូអាប់ ទ្រង់បាននាំខ្ញុំពីស្រុកអើរ៉ាមមក គឺពីស្រុកភ្នំទិសខាងកើត ដោយប្រាប់ថា ចូរមក ចូរដាក់បណ្តាសាដល់ពួកយ៉ាកុបឲ្យអញ ហើយថា ចូរមក ចូរប្រកួតនឹងសាសន៍អ៊ីស្រាអែលចុះ
8 តែធ្វើដូចម្តេចឲ្យខ្ញុំដាក់បណ្តាសាដល់អ្នកណា ដែលព្រះទ្រង់មិនបានដាក់បណ្តាសាទៅកើត ហើយធ្វើដូចម្តេចឲ្យខ្ញុំប្រកួតនឹងអ្នកណា ដែលព្រះយេហូវ៉ាមិនបានប្រកួតចំពោះគេបាន
9 ដ្បិតខ្ញុំបានឃើញគេពីលើកំពូលថ្មដា ខ្ញុំបានរំពឹងមើលគេពីលើភ្នំទាំងប៉ុន្មាន មើលសាសន៍នេះគេនៅតែដោយពួកគេទេ គេមិនបានរាប់បញ្ចូលក្នុងនគរទាំងប៉ុន្មានឡើយ
10 តើអ្នកណានឹងរាប់ធូលីរបស់យ៉ាកុបបាន ឬរាប់ចំនួននៃសាសន៍អ៊ីស្រាអែល១ភាគក្នុង៤បាន សូមតែឲ្យខ្ញុំបានស្លាប់ដូចជាពួកសុចរិតនោះចុះ ហើយសូមឲ្យទីបំផុតនៃជីវិតរបស់ខ្ញុំបានដូចជាគេដែរ។
11 នោះបាឡាកទ្រង់មានព្រះបន្ទូលទៅបាឡាមថា តើឯងបានធ្វើយ៉ាងដូចម្តេចនឹងអញ គឺអញបាននាំឯងមកឲ្យដាក់បណ្តាសាដល់ពួកខ្មាំងសត្រូវរបស់អញ តែមើល ឯងបានឲ្យពរដល់គេវិញ
12 គាត់ទូលឆ្លើយថា តើមិនត្រូវឲ្យទូលបង្គំប្រយ័ត នឹងនិយាយតែសេចក្ដី ដែលព្រះយេហូវ៉ាទ្រង់សម្រេចនៅក្នុងមាត់ទូលបង្គំទេឬអី។
13 រួចបាឡាកមានព្រះបន្ទូលនឹងគាត់ថា ចូរមកជាមួយនឹងអញ ទៅឯកន្លែង១ទៀត ជាកន្លែងដែលល្មមឲ្យឯងមើលគេឃើញ ឯងនឹងឃើញតែពួកគេខាងចុងបង្អស់ ឥតឃើញទាំងអស់ទេ រួចចូរឯងដាក់បណ្តាសាគេពីទីនោះឲ្យអញ។
14 នោះទ្រង់នាំគាត់ទៅឯវាលសូភិម នៅលើភ្នំពីសកា ក៏ធ្វើអាសនៈ៧ ហើយថ្វាយគោ និងចៀមមួយៗនៅលើអាសនៈទាំងនោះ
15 បាឡាមទូលទៅបាឡាកថា សូមទ្រង់ឈរនៅជិតតង្វាយទ្រង់នេះចុះ ចាំទូលបង្គំទៅជួបនឹងព្រះសិន
16 ព្រះយេហូវ៉ាទ្រង់ក៏យាងមកជួបនឹងបាឡាម ហើយដាក់ព្រះបន្ទូលទៅក្នុងមាត់គាត់ រួចប្រាប់ថា ចូរវិលត្រឡប់ទៅឯបាឡាកវិញចុះ ហើយត្រូវនិយាយដូច្នេះ
17 គាត់ក៏មកឯបាឡាក ឃើញទ្រង់កំពុងតែឈរនៅជិតតង្វាយរបស់ទ្រង់នៅឡើយ មានទាំងពួកមេនៃសាសន៍ម៉ូអាប់នៅជាមួយ រួចបាឡាកសួរថា តើព្រះយេហូវ៉ាមានព្រះបន្ទូលថាដូចម្តេច
18 នោះគាត់ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា សូមឈរឡើង ព្រះរាជាអើយ សូមទ្រង់ស្តាប់សិន ឱបុត្រស៊ីបព័រអើយ សូមផ្ទៀងព្រះស្រោត្រស្តាប់ទូលបង្គំចុះ
19 ព្រះទ្រង់មិនមែនជាមនុស្ស ទ្រង់មិនចេះកុហកឡើយ ក៏មិនមែនជាកូនមនុស្សដែរ ទ្រង់មិនត្រូវការនឹងប្រែគំនិតទេ សេចក្ដីដែលទ្រង់មានវាចាហើយ តើទ្រង់មិនធ្វើតាមឬអី ឬសេចក្ដីដែលទ្រង់មានព្រះបន្ទូល តើមិនសម្រេចតាមទេឬអី
20 មើល ទូលបង្គំបានទទួលបង្គាប់មកថា ត្រូវឲ្យពរ ព្រះទ្រង់ក៏បានឲ្យពរហើយ ដូច្នេះ ទូលបង្គំពុំអាចនឹងបំផ្លាស់ទៅបានទេ
21 ទ្រង់មិនបានឃើញជាពួកយ៉ាកុបមានសេចក្ដីទុច្ចរិតអ្វីទេ ក៏មិនឃើញជាមានសេចក្ដីអាក្រក់ណានៅក្នុងពួកអ៊ីស្រាអែលដែរ ព្រះយេហូវ៉ាជាព្រះនៃគេ ទ្រង់គង់នៅជាមួយនឹងគេ ក៏មានឮសម្រែកនៃស្តេចនៅកណ្តាលពួកគេ
22 ព្រះទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក គេមានកម្លាំងបែបដូចជាកម្លាំងនៃសត្វរមាស
23 គ្មានមន្តវិជ្ជាការណានឹងដាក់ពួកយ៉ាកុប ឬអំពើអំពាន់ណាដាក់សាសន៍អ៊ីស្រាអែលត្រូវទេ លុះដល់កំណត់ នោះនឹងមានពាក្យដំណាលពីយ៉ាកុប ហើយពីអ៊ីស្រាអែលថា យីអើ ទ្រង់បានធ្វើអ្វីនេះហ្ន៎
24 មើល បណ្តាជននេះគេក្រោកឡើងដូចជាសិង្ហញី ក៏ឈរឡើងដូចជាសិង្ហឈ្មោល គេមិនដេកវិញទាល់តែបានស៊ីរំពាហើយ ព្រមទាំងផឹកឈាមនៃពួកដែលបានសម្លាប់ផង។
25 នោះបាឡាកមានព្រះបន្ទូលទៅបាឡាមថា បើមិនប្រទេចផ្តាសាគេទេ នោះក៏មិនត្រូវឲ្យពរគេដែរ
26 តែបាឡាមទូលឆ្លើយថា តើទូលបង្គំមិនបានទូលទ្រង់ទេឬអីថា គ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល នោះទូលបង្គំត្រូវតែធ្វើតាម។
27 រួចបាឡាកទ្រង់មានព្រះបន្ទូលទៅបាឡាមថា ចូរមក អញនឹងនាំឯងទៅកន្លែង១ទៀត ប្រហែលជាព្រះនឹងសព្វព្រះហឫទ័យឲ្យឯងដាក់បណ្តាសាដល់គេពីទីនោះឲ្យអញ
28 បាឡាកក៏នាំបាឡាមទៅលើកំពូលភ្នំពេអរ ដែលបែរទៅខាងឯទីរហោស្ថាន
29 នោះបាឡាមទូលទៅបាឡាកថា សូមទ្រង់ធ្វើអាសនៈ៧នៅទីនេះឲ្យទូលបង្គំ ហើយសូមរៀបគោ៧ និងចៀម៧ ឲ្យទូលបង្គំទៀត
30 រួចបាឡាកក៏ធ្វើដូចជាបាឡាមបានមានវាចា គឺបានថ្វាយគោ និងចៀមមួយៗនៅលើអាសនៈទាំងនោះ។