ជនគណនា
ជំពូក 2
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនិងអើរ៉ុនថា
2 ត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលដំឡើងត្រសាលនៅក្បែរទង់ជ័យរបស់ខ្លួន តាមគោលដំរុយគ្រួរបស់ឪពុកខ្លួន គេត្រូវនៅជុំវិញ ប្រឈមមុខនឹងត្រសាលជំនុំ។
3 ឯពួកដែលដំឡើងត្រសាលនៅទិសឯកើតខាងថ្ងៃរះ នោះត្រូវជាពួកទង់ជ័យរបស់ទីដំឡើងត្រសាល នៃពូជអំបូរយូដា តាមពួកកងគេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅយូដា នោះគឺជាណាសូន ជាកូនអ័មីន៉ាដាប់
4 ឯពួកកងរបស់លោក នោះមានចំនួន៧ម៉ឺន៤ពាន់៦០០នាក់ តាមដែលគេកំណត់រាប់ហើយ
5 ពួកដែលត្រូវដំឡើងត្រសាលនៅក្បែរលោក នោះត្រូវជាពូជអំបូរអ៊ីសាខារ ហើយអ្នកដែលជាកំពូលលើពួកកូនចៅអ៊ីសាខារ គឺនេថានេលជាកូនស៊ូហារ
6 ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៤ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ
7 ពួក១ទៀតជាពូជអំបូរសាប់យូល៉ូន ហើយអ្នកដែលជាកំពូលលើពួកកូនចៅសាប់យូល៉ូន គឺអេលាបជាកូនហេល៉ូន
8 ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៧ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ
9 អស់ពួកអ្នកដែលបានរាប់ក្នុងទីដំឡើងត្រសាលរបស់ពួកយូដានេះ រួមទាំងអស់មាន១សែន៨ម៉ឺន៦ពាន់៤០០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរមុនគេ។
10 ឯខាងត្បូង នោះត្រូវមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួករូបេន តាមពួកកងរបស់គេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅរូបេន គឺអេលីស៊ើរ ជាកូនសេដេអ៊ើរ
11 ឯពួកកងរបស់លោក នោះមានចំនួន៤ម៉ឺន៦ពាន់៥០០នាក់ តាមដែលគេកំណត់រាប់ហើយ
12 ពួកដែលដំឡើងត្រសាលនៅក្បែរលោក នោះត្រូវជាពូជអំបូរស៊ីម្មាន ហើយអ្នកដែលជាកំពូលលើពួកកូនចៅស៊ីម្មាន គឺស៊្លូមាលជាកូនស៊ូរីសាដាយ
13 ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៩ពាន់៣០០នាក់ តាមដែលគេកំណត់រាប់ហើយ
14 ពួក១ទៀតជាពូជអំបូរកាឌ់ ហើយអ្នកដែលជាកំពូលលើពួកកូនចៅកាឌ់ គឺអេលាសាប់ជាកូនដេហ៊ូអែល
15 ឯពួកកងរបស់លោក នោះមានចំនួន៤ម៉ឺន៥ពាន់៦៥០នាក់ តាមដែលគេកំណត់រាប់ហើយ
16 អស់ពួកអ្នកដែលបានរាប់ក្នុងទីដំឡើងត្រសាលរបស់ពួករូបេននេះ រួមទាំងអស់មាន១សែន៥ម៉ឺន១ពាន់៤៥០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរបន្ទាប់។
17 លំដាប់នោះមក ត្រូវឲ្យពួកលេវីចេញដើរទៅជាកណ្តាលនៃអស់ទាំងពួក នាំយកទាំងត្រសាលជំនុំទៅផង គេត្រូវចេញដើរទៅតាមរបៀប ដែលគេនៅក្នុងទីដំឡើងត្រសាលមុនក្រោយ គឺគ្រប់គ្នានៅកន្លែងរបស់ខ្លួន តាមទង់ជ័យរៀងខ្លួន។
18 ឯខាងលិច នោះត្រូវមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកអេប្រាអិម តាមពួកកងរបស់គេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅអេប្រាអិម គឺអេលីសាម៉ា ជាកូនអាំមីហ៊ូត
19 ឯពួកកងរបស់លោក នោះមានចំនួន៤ម៉ឺន៥០០នាក់ តាមដែលគេកំណត់រាប់ហើយ
20 ឯពួកដែលនៅក្បែរលោក នោះត្រូវជាពូជអំបូរម៉ាន៉ាសេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅម៉ាន៉ាសេ គឺកាម៉ាលាល ជាកូនផ្តាស៊ើរ
21 ឯពួកកងរបស់លោក នោះមានចំនួន៣ម៉ឺន២ពាន់២០០នាក់ តាមដែលគេកំណត់រាប់ហើយ
22 ពួក១ទៀតជាពូជអំបូរបេនយ៉ាមីន ហើយអ្នកដែលជាកំពូលលើពួកកូនចៅបេនយ៉ាមីន គឺអ័ប៊ីដាន ជាកូនគីដាហូនី
23 ឯពួកកងរបស់លោក នោះមានចំនួន៣ម៉ឺន៥ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ
24 អស់ពួកអ្នកដែលបានរាប់ក្នុងទីដំឡើងត្រសាលរបស់ពួកអេប្រាអិម រួមទាំងអស់មាន១សែន៨ពាន់១០០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរទី៣។
25 ឯខាងជើង នោះត្រូវមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកដាន់ តាមពួកកងរបស់គេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅដាន់ គឺអ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ
26 ឯពួកកងរបស់លោក នោះមានចំនួន៦ម៉ឺន២ពាន់៧០០នាក់ តាមដែលគេកំណត់រាប់ហើយ
27 ពួកដែលនៅក្បែរលោក នោះត្រូវជាពូជអំបូរអេស៊ើរ ហើយអ្នកដែលជាកំពូល លើពួកកូនចៅអេស៊ើរ គឺប៉ាគីហ៊ាល ជាកូនអុក្រាន
28 ឯពួកកងរបស់លោក នោះមានចំនួន៤ម៉ឺន១ពាន់៥០០នាក់ តាមដែលគេកំណត់រាប់ហើយ
29 ពួក១ទៀតជាពូជអំបូរណែបថាលី ហើយអ្នកដែលជាកំពូល លើពួកកូនចៅណែបថាលី គឺអ័ហ៊ីរ៉ា ជាកូនអេណាន់
30 ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៣ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ
31 អស់ពួកអ្នកដែលបានរាប់ ក្នុងទីដំឡើងត្រសាលរបស់ពួកដាន់ រួមទាំងអស់មាន១សែន៥ម៉ឺន៧ពាន់៦០០នាក់ ពួកនេះជាអ្នកដើរខាងក្រោយបង្អស់ តាមទង់ជ័យរបស់គេរៀងខ្លួន។
32 នេះហើយជាពួកអ្នកដែលបានរាប់ក្នុងពួកកូនចៅអ៊ីស្រាអែល តាមវង្សានុវង្សនៃពួកអយ្យកោគេ គឺគ្រប់បណ្តាមនុស្សទាំងអស់ដែលគេបានរាប់ក្នុងទីដំឡើងត្រសាលទាំងប៉ុន្មាន តាមពួកកងរបស់គេ នោះរួមទាំងអស់មាន៦សែន៣ពាន់៥៥០នាក់
33 តែឯពូជលេវី នោះគេមិនបានរាប់បញ្ចូលក្នុងពួកកូនចៅអ៊ីស្រាអែលទេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
34 ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ គឺគេបានដំឡើងត្រសាលរបស់គេត្រង់ទង់ជ័យរបស់ខ្លួន ហើយគ្រប់គ្នាក៏ចេញដំណើរទៅតាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។