ជនគណនា
ជំពូក 18
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា ត្រូវឲ្យខ្លួនឯង និងកូនចៅឯង ព្រមទាំងពួកឪពុកឯងទាំងអស់គ្នា រ៉ាប់រងសេចក្ដីកំហុសដែលអ្នកណាធ្វើក្នុងរោងឧបោសថ ហើយត្រូវឲ្យខ្លួនឯង និងកូនចៅឯងរ៉ាប់រងសេចក្ដីកំហុស ដែលកើតមកក្នុងការងារជាសង្ឃដែរ
2 ឯពួកលេវីជាបងប្អូនឯង គឺជាពូជអំបូរនៃអយ្យកោឯង នោះត្រូវនាំមកជិតជាមួយនឹងឯង ឲ្យបានភ្ជាប់ពួកជាមួយគ្នា ហើយជួយការងារផង តែឯង ហើយនិងកូនចៅឯង ត្រូវនៅចំពោះមុខត្រសាលនៃសេចក្ដីបន្ទាល់វិញ
3 ត្រូវឲ្យគេរក្សាបញ្ញើរបស់ឯង និងបញ្ញើនៃត្រសាលទាំងមូលដែរ ប៉ុន្តែ មិនត្រូវឲ្យគេចូលទៅជិតប្រដាប់ប្រដាណាមួយរបស់ទីបរិសុទ្ធ ឬជិតអាសនៈឡើយ ក្រែងលោគេត្រូវស្លាប់ ព្រមទាំងឯងផង
4 ត្រូវឲ្យគេនៅជាប់ ធ្វើការជាមួយនឹងឯង ហើយរក្សាបញ្ញើរបស់ត្រសាលជំនុំ សម្រាប់ក្រសួងទាំងប៉ុន្មាននៃត្រសាលនោះ តែមិនត្រូវឲ្យអ្នកដទៃណាចូលទៅជិតឯងឡើយ
5 ឯឯងត្រូវឲ្យរក្សាបញ្ញើ នៃទីបរិសុទ្ធ និងបញ្ញើនៃអាសនៈ ដើម្បីកុំឲ្យមានសេចក្ដីក្រោធមកលើពួកកូនចៅអ៊ីស្រាអែលទៀតឡើយ
6 ឯអញ មើល អញបានទទួលយកពួកលេវី ជាបងប្អូនឯង ពីពួកកូនចៅអ៊ីស្រាអែល ដែលគេថ្វាយដល់ព្រះយេហូវ៉ា ហើយបានប្រគល់ដល់ឯង សម្រាប់ធ្វើការងារក្នុងត្រសាលជំនុំ
7 ត្រូវឲ្យឯង និងកូនចៅឯង រក្សាការងារជាសង្ឃរបស់ឯង សម្រាប់ការទាំងអស់ខាងឯអាសនៈ ហើយខាងក្នុងវាំងននផង គឺឯងរាល់គ្នាដែលត្រូវធ្វើការងារនោះ អញឲ្យការងារជាសង្ឃដល់ឯងរាល់គ្នាទុកជាអំណោយ បើអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់។
8 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា ឯអញ មើល អញបានប្រគល់អស់ទាំងតង្វាយដែលថ្វាយដោយលើកចុះឡើង ក្នុងតង្វាយទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលទុកនឹងឯង អញបានឲ្យតង្វាយទាំងនោះចំពោះឯង និងពួកកូនចៅឯង ទុកជាកម្រៃនៅអស់កល្បជានិច្ច ដោយព្រោះការចាក់ប្រេងតាំងជាសង្ឃ
9 ក្នុងតង្វាយបរិសុទ្ធបំផុតទាំងប៉ុន្មាន ដែលមិនត្រូវដុតនោះ របស់ទាំងនេះត្រូវបានជារបស់ផងឯង គឺគ្រប់ទាំងតង្វាយរបស់គេ ទោះបើជាតង្វាយម្សៅ ឬតង្វាយលោះបាប ឬតង្វាយថ្វាយដោយព្រោះការរំលងក្តី ដែលគេនឹងថ្វាយដល់អញ នោះជាបរិសុទ្ធបំផុតសម្រាប់ឯង ហើយនិងកូនចៅឯង
10 ត្រូវឲ្យឯងបរិភោគរបស់ទាំងនោះ នៅកន្លែងបរិសុទ្ធបំផុត គ្រប់ទាំងប្រុសៗ ត្រូវបរិភោគចុះ គឺជារបស់បរិសុទ្ធដល់ឯង
11 ហើយនេះជារបស់ផងឯងដែរ គឺអស់ទាំងតង្វាយលើកចុះឡើង និងតង្វាយគ្រវីរបស់ផងពួកកូនចៅអ៊ីស្រាអែល អញឲ្យរបស់ទាំងនោះដល់ឯង និងកូនប្រុសកូនស្រីឯងផង ទុកជាកម្រៃនៅអស់កល្បជានិច្ច អស់អ្នកណាដែលស្អាតនៅក្នុងផ្ទះឯង នោះនឹងបរិភោគរបស់ទាំងនោះបាន
12 ហើយប្រេងល្អបំផុតទាំងអស់ និងស្រាទំពាំងបាយជូរល្អបំផុតទាំងអស់ ព្រមទាំងស្រូវផង គឺជាផលដំបូងដែលគេថ្វាយដល់ព្រះយេហូវ៉ា នោះអញឲ្យមកឯងទាំងអស់ហើយ
13 ឯផលដំបូងពីរបស់ទាំងអស់នៅក្នុងស្រុកគេ ដែលយកមកថ្វាយដល់ព្រះយេហូវ៉ា នោះត្រូវបានជារបស់ផងឯងដែរ អស់អ្នកណានៅក្នុងគ្រួសារឯង ដែលស្អាត នឹងបរិភោគរបស់ទាំងនោះបាន
14 គ្រប់របស់អ្វីដែលថ្វាយដាច់នៅក្នុងពួកអ៊ីស្រាអែល នោះក៏ជារបស់ផងឯង
15 គ្រប់ទាំងអស់ដែលកើតពីពោះម្តាយមកមុនគេ ក្នុងគ្រប់ទាំងតង្វាយដែលត្រូវថ្វាយដល់ព្រះយេហូវ៉ា ទោះមនុស្ស ឬសត្វក្តី នោះត្រូវបានជារបស់ផងឯង ឯកូនច្បងរបស់មនុស្ស នោះត្រូវឲ្យឯងលោះចេញវិញមិនខាន ព្រមទាំងសត្វមិនស្អាតដែលកើតមកមុនបង្អស់ផង
16 ហើយរូបណាមួយដែលត្រូវលោះចេញ នោះត្រូវឲ្យលោះចាប់តាំងពីអាយុ១ខែ តាមតម្លៃដែលឯងសម្រេចឲ្យ គឺជាប្រាក់៥រៀល តាមប្រាក់រៀលដែលគេប្រើក្នុងទីបរិសុទ្ធ (គឺ១រៀលត្រូវជា១០កាក់)
17 ប៉ុន្តែ មិនត្រូវឲ្យឯងលោះកូនគោ ឬកូនចៀម ឬកូនពពែ ដែលកើតមកមុនបង្អស់នោះទេ ដ្បិតជាសត្វបរិសុទ្ធ ត្រូវឲ្យឯងប្រោះឈាមសត្វនោះ នៅលើអាសនៈវិញ ហើយដុតខ្លាញ់ជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
18 ឯសាច់របស់សត្វទាំងនោះ ត្រូវបានជារបស់ផងឯង ដូចជាទ្រូងដែលគ្រវី ហើយស្មាស្តាំក៏ជារបស់ផងឯងដែរ
19 គឺគ្រប់ទាំងតង្វាយលើកចុះឡើង ពីតង្វាយបរិសុទ្ធទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលនឹងថ្វាយដល់ព្រះយេហូវ៉ា នោះអញបានឲ្យដល់ឯង និងពួកកូនប្រុសកូនស្រីឯងហើយ ទុកជាកម្រៃនៅអស់កល្បជានិច្ច គឺជាសេចក្ដីសញ្ញា ដែលតាំងឡើងដោយសារអំបិលដល់ឯង និងពូជឯង នៅចំពោះព្រះយេហូវ៉ានៅអស់កល្បជានិច្ច។
20 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា មិនត្រូវឲ្យឯងមានកេរអាករនៅក្នុងស្រុកគេឡើយ ក៏មិនត្រូវមានចំណែកអ្វីជាមួយនឹងគេដែរ គឺអញជាចំណែកដល់ឯង ហើយជាកេរអាកររបស់ឯង ក្នុងពួកកូនចៅអ៊ីស្រាអែលវិញ
21 ឯពួកកូនចៅលេវី នោះអញបានឲ្យអស់ទាំងតង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ១ភាគក្នុង១០ ទុកជាមរដកដល់គេហើយ ដើម្បីឲ្យបានជាកម្រៃនៃការងារដែលគេធ្វើ គឺជាក្រសួងការរបស់ត្រសាលជំនុំ
22 ដូច្នេះ អំពីនេះទៅមុខ មិនត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលចូលមកជិតត្រសាលជំនុំទៀតឡើយ ក្រែងលោគេធ្វើបាបអ្វី ហើយត្រូវស្លាប់
23 គឺពួកលេវីវិញ ដែលធ្វើការងារក្នុងត្រសាលជំនុំ ហើយគេត្រូវតែរ៉ាប់រងសេចក្ដីកំហុសរបស់គេ នេះជាបញ្ញត្តច្បាប់ដ៏នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណឯងរាល់គ្នាតរៀងទៅ តែគេគ្មានកេរអាករអ្វីនៅក្នុងពួកកូនចៅអ៊ីស្រាអែលទេ
24 ដ្បិតអស់ទាំងតង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ១ភាគក្នុង១០ដល់ព្រះយេហូវ៉ា ទុកជាតង្វាយលើកចុះឡើង នោះអញបានឲ្យដល់ពួកលេវីទុកជាមរដកហើយ ហេតុនោះបានជាអញបានប្រាប់គេថា គេគ្មានកេរអាករនៅក្នុងពួកអ៊ីស្រាអែលទេ។
25 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
26 ឲ្យប្រាប់សេចក្ដី១ទៀតដល់ពួកលេវីថា កាលណាឯងរាល់គ្នាទទួលយកតង្វាយ១ភាគក្នុង១០ ពីពួកកូនចៅអ៊ីស្រាអែល ដែលអញយកពីគេឲ្យដល់ឯងរាល់គ្នា ទុកជាមរដក នោះឯងរាល់គ្នាត្រូវហូត១ភាគក្នុង១០ ពីតង្វាយ១ភាគក្នុង១០របស់គេ ទុកជាតង្វាយលើកចុះឡើងថ្វាយព្រះយេហូវ៉ា
27 ដូច្នេះ តង្វាយដែលឯងថ្វាយដោយលើកចុះឡើងនោះ នឹងបានរាប់ទុកដូចជាស្រូវ ដែលទើបនឹងបញ្ជាន់នៅទីលាន ហើយដូចជាទឹកទំពាំងបាយជូរ ដែលទើបនឹងគាបដែរ
28 យ៉ាងនោះឯងរាល់គ្នាក៏នឹងបានថ្វាយតង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា ពីតង្វាយ១ភាគក្នុង១០ ដែលឯងទទួលពីពួកកូនចៅអ៊ីស្រាអែលដែរ ត្រូវឲ្យប្រគល់តង្វាយលើកចុះឡើងផងព្រះយេហូវ៉ានោះ ដល់អើរ៉ុនដ៏ជាសង្ឃ
29 ឯអស់ទាំងតង្វាយដែលឯងរាល់គ្នាទទួលនោះ ត្រូវឲ្យរើសយកចំណែកល្អបំផុត សម្រាប់នឹងថ្វាយជាតង្វាយទាំងប៉ុន្មានរបស់ផងព្រះយេហូវ៉ា គឺជាចំណែកដែលបរិសុទ្ធក្នុងតង្វាយទាំងនោះ
30 ដូច្នេះ ត្រូវឲ្យឯងប្រាប់គេថា បើកាលណាឯងរាល់គ្នារើសយកចំណែកល្អបំផុត ពីតង្វាយទាំងនោះ ទៅថ្វាយជាតង្វាយលើកចុះឡើង នោះនឹងបានរាប់ទុកដូចជាផលចម្រើនដែលបញ្ជាន់នៅទីលាន ហើយដូចជាផលចម្រើនដែលគាបក្នុងឃ្នាបដល់ពួកលេវី
31 ឯងរាល់គ្នា ព្រមទាំងគ្រួសាររបស់ឯងផង នឹងបរិភោគរបស់ទាំងនោះ នៅកន្លែងណាក៏បាន ដ្បិតជាកម្រៃនៃការងារដែលឯងធ្វើក្នុងត្រសាលជំនុំ
32 ដូច្នេះ កាលណាឯងរាល់គ្នាបានថ្វាយចំណែកល្អបំផុត ជាតង្វាយលើកចុះឡើងហើយ នោះមិនមានទោសដោយព្រោះរបស់ទាំងនោះទេ តែមិនត្រូវបង្អាប់ដល់តង្វាយបរិសុទ្ធរបស់ពួកកូនចៅអ៊ីស្រាអែលឡើយ យ៉ាងនោះឯងរាល់គ្នាមិនត្រូវស្លាប់ទេ។