ជនគណនា

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36


ជំពូក 5

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា
2 ចូរ​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​គេ​បណ្តេញ​អស់​អ្នក​ដែល​កើត​ឃ្លង់ ឬ​មាន​ហូរ​ខ្ទុះ ឬ​ដែល​មិន​ស្អាត​ដោយ​ព្រោះ​ខ្មោច​ស្លាប់ ឲ្យ​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ
3 ត្រូវ​ឲ្យ ទាំង​ប្រុស ទាំង​ស្រី ចេញ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ចុះ ដើម្បី​កុំ​ឲ្យ​គេ​នាំ​ឲ្យ​ទី​ដំឡើង​ត្រសាល ជា​ទី​ដែល​អញ​នៅ​ជា​កណ្តាល​គេ ទៅ​ជា​ស្មោក‌គ្រោក​ឡើយ
4 ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​យ៉ាង​នោះ គឺ​គេ​ឲ្យ​ពួក​អ្នក​ទាំង​នោះ​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​សម្រេច​ដូច្នោះ។
5 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា
6 បើ​កាល​ណា​មនុស្ស​ប្រុស ឬ​ស្រី នឹង​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​អ្នក​ណា ទាំង​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា​ផង ហើយ​មាន​ទោស​ដូច្នោះ
7 នោះ​ត្រូវ​ឲ្យ​លន់‌តួ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ប្រគល់​អ្វីៗ​នោះ​ទៅ​វិញ​ទាំង​មូល ព្រម​ទាំង​ថែម​១​ភាគ​ក្នុង​៥​ទៀត ឲ្យ​ដល់​អ្នក​ដែល​ខ្លួន​មាន​ទោស​ចំពោះ​គេ​ផង
8 តែ​បើ​គ្មាន​អ្នក​ណា​មាន​ច្បាប់​នឹង​ទទួល​សំណង​ដែល​ខ្លួន​សង ដើម្បី​នឹង​លោះ​បាប​ខ្លួន​នោះ​ទេ នោះ​សំណង​ដែល​សង​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទោស​ខ្លួន នឹង​ត្រូវ​បាន​ជា​របស់​សង្ឃ​វិញ ព្រម​ទាំង​ពពែ​ឈ្មោល​ដែល​សម្រាប់​ឲ្យ​ធួន​នឹង​បាប ដែល​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​នោះ​ផង
9 ហើយ​គ្រប់​ទាំង​តង្វាយ​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង ពី​តង្វាយ​បរិសុទ្ធ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​គេ​នាំ​យក​មក​ប្រគល់​ដល់​សង្ឃ នោះ​ត្រូវ​បាន​ជា​របស់​ផង​លោក
10 ហើយ​អស់​ទាំង​របស់​អ្វី​ដែល​មនុស្ស​ណា​នឹង​ញែក​ជា​បរិសុទ្ធ គឺ​របស់​ណា​ក៏​ដោយ​ដែល​មនុស្ស​នឹង​ប្រគល់​ដល់​សង្ឃ នោះ​ត្រូវ​បាន​ជា​របស់​ផង​លោក​ហើយ។
11 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ
12 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា បើ​ប្រពន្ធ​របស់​អ្នក​ណា​បែរ​ចេញ​ទៅ​ប្រព្រឹត្ត​ក្បត់​នឹង​ប្ដី
13 ហើយ​មាន​អ្នក​ណា​សេព‌សម្ភព​នឹង​នាង តែ​ការ​នោះ​នៅ​កំបាំង​នឹង​ភ្នែក​ប្ដី ឥត​អ្នក​ណា​មួយ​ដឹង​សោះ គឺ​នាង​បាន​ទៅ​ជា​សៅ‌ហ្មង ដោយ​ស្ងាត់​កំបាំង ហើយ​គ្មាន​អ្នក​ធ្វើ​បន្ទាល់​ទាស់​នឹង​នាង ក៏​គ្មាន​អ្នក​ណា​មួយ​បាន​ទាន់​ដែរ
14 រួច​ប្ដី​កើត​មាន​ចិត្ត​ប្រចណ្ឌ​នឹង​ប្រពន្ធ ដោយ​មាន​សេចក្ដី​សង្ស័យ ហើយ​នាង​ក៏​សៅ‌ហ្មង​មែន ឬ​បើ​ប្ដី​កើត​មាន​ចិត្ត​ប្រចណ្ឌ ដោយ​មាន​សេចក្ដី​សង្ស័យ តែ​ប្រពន្ធ​មិន​បាន​សៅ‌ហ្មង​ទេ
15 នោះ​ប្ដី​ត្រូវ​នាំ​ប្រពន្ធ​ខ្លួន​ទៅ​ឯ​សង្ឃ ព្រម​ទាំង​យក​តង្វាយ​ជា​ម្សៅ​ឱក​១​ខ្ញឹង​សម្រាប់​ប្រពន្ធ​ផង មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​កំញាន​ពី​លើ​ទេ ដ្បិត​ជា​តង្វាយ​ខាង​ឯ​សេចក្ដី​ប្រចណ្ឌ ទុក​ជា​តង្វាយ​រំឭក សម្រាប់​នឹង​រំឭក​ពី​អំពើ​ដ៏​លាមក
16 ត្រូវ​ឲ្យ​សង្ឃ​នាំ​នាង​នោះ​មក​ជិត ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
17 រួច​ត្រូវ​យក​ទឹក​បរិសុទ្ធ ចាក់​ក្នុង​ចាន​ដី ហើយ​យក​ធូលី​ដី​ក្នុង​រោង​ឧបោសថ​ដាក់​ចុះ​ក្នុង​ទឹក​នោះ
18 ត្រូវ​ឲ្យ​សង្ឃ ឲ្យ​នាង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​បើក​ក្បាល​នៅ​ទទេ រួច​ត្រូវ​ដាក់​ជា​តង្វាយ​រំឭក គឺ​ជា​តង្វាយ​ខាង​ឯ​សេចក្ដី​ប្រចណ្ឌ​នោះ​នៅ​បាត​ដៃ​នាង ហើយ​សង្ឃ​ត្រូវ​កាន់​ទឹក​ល្វីង ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នោះ​នៅ​ក្នុង​ដៃ
19 រួច​ត្រូវ​ឲ្យ​នាង​ស្បថ ដោយ​ប្រាប់​ថា បើ​គ្មាន​ប្រុស​ដទៃ​ណា​រួម​ដំណេក​នឹង​នាង ឬ​បើ​នាង​មិន​បាន​បែរ​ទៅ​ឯ​សេចក្ដី​សៅ‌ហ្មង ដើម្បី​នឹង​ក្បត់​ប្ដី​ទេ នោះ​ឲ្យ​នាង​រួច​ពី​ទឹក​ល្វីង ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នេះ​ចុះ
20 តែ​បើ​នាង​ដែល​នៅ​ក្រោម​អំណាច​ប្ដី បាន​បែរ​ចេញ​ទៅ​រួម​ដំណេក​នឹង​ប្រុស​ដទៃ​ណា​ក្រៅ​ពី​ប្ដី​ខ្លួន ឲ្យ​មាន​សេចក្ដី​សៅ‌ហ្មង​វិញ
21 យ៉ាង​នោះ​សង្ឃ​ត្រូវ​ឲ្យ​នាង​ស្បថ ដោយ​សម្បថ​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា រួច​នឹង​បញ្ចេញ​វាចា​ថា សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​នាង​ទៅ​ជា​អ្នក​រង​ពាក្យ​ដំណៀល និង​ពាក្យ​ប្រមាថ​នៅ​ក្នុង​សាសន៍​របស់​ខ្លួន​ចុះ ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ភ្លៅ​នាង​រលួយ ហើយ​ឲ្យ​ពោះ​នាង​ហើម​ប៉ោង​ឡើង
22 ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នេះ នឹង​ចូល​ទៅ​ក្នុង​ពោះ​នាង ព្រម​ទាំង​ធ្វើ​ឲ្យ​ពោះ​នាង​ហើម​ប៉ោង​ឡើង ហើយ​ឲ្យ​ភ្លៅ​នាង​រលួយ​ទៅ រួច​ស្ត្រី​នោះ​ត្រូវ​ទទួល​ថា អាម៉ែន អាម៉ែន
23 ត្រូវ​ឲ្យ​សង្ឃ​នោះ​កត់​សេចក្ដី​បណ្តាសា​ទាំង​នេះ ចុះ​ក្នុង​សៀវភៅ ហើយ​យក​ទឹក​ល្វីង​មក​លុប​ចេញ
24 រួច​ត្រូវ​ឲ្យ​នាង​ផឹក​ទឹក​ល្វីង​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​ទៅ ទឹក​នោះ​នឹង​ចូល​ទៅ​ក្នុង​នាង ត្រឡប់​ទៅ​ជា​ល្វីង
25 រួច​ត្រូវ​ឲ្យ​សង្ឃ​យក​តង្វាយ​នោះ ដែល​ត្រូវ​ខាង​សេចក្ដី​ប្រចណ្ឌ ពី​ដៃ​នាង​មក​គ្រវី​ថ្វាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​យក​ទៅ​ឯ​អាសនៈ
26 នោះ​ត្រូវ​ឲ្យ​សង្ឃ​យក​ម្សៅ ពី​តង្វាយ​នោះ​១​ក្តាប់ ទុក​ជា​សេចក្ដី​រំឭក​ទៅ​ដុត​លើ​អាសនៈ រួច​សឹម​ឲ្យ​នាង​ផឹក​ទឹក​នោះ
27 កាល​ណា​បាន​ឲ្យ​ផឹក​ទឹក​រួច​ហើយ បើ​នាង​មាន​សៅ‌ហ្មង​មែន ដោយ​បាន​ក្បត់​ប្ដី នោះ​ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នឹង​ចូល​ទៅ​ក្នុង​នាង ត្រឡប់​ទៅ​ជា​ល្វីង ពោះ​នាង​នឹង​ហើម​ប៉ោង​ឡើង ហើយ​ភ្លៅ​នាង​នឹង​រលួយ​ទៅ នាង​នឹង​ទៅ​ជា​អ្នក​រង​សេចក្ដី​ដំណៀល​ទៅ​ក្នុង​សាសន៍​របស់​ខ្លួន
28 តែ​បើ​មិន​បាន​សៅ‌ហ្មង​ទេ គឺ​នាង​បរិសុទ្ធ​ស្អាត​វិញ នោះ​នឹង​បាន​រួច ហើយ​និង​មាន​កូន​ផង
29 នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​សេចក្ដី​ប្រចណ្ឌ កាល​ណា​ស្ត្រី​ណា ដែល​នៅ​ក្រោម​អំណាច​ប្ដី នឹង​បែរ​ចេញ​ទៅ​ក្បត់​ប្ដី​ខ្លួន​ឲ្យ​មាន​សៅ‌ហ្មង
30 ឬ​បើ​មាន​មនុស្ស​ណា​កើត​មាន​ចិត្ត​ប្រចណ្ឌ​នឹង​ប្រពន្ធ ដោយ​មាន​សេចក្ដី​សង្ស័យ នោះ​ត្រូវ​នាំ​នាង​ទៅ​ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​ឲ្យ​សង្ឃ​ធ្វើ​សម្រេច​តាម​ច្បាប់​នេះ​គ្រប់​
31 គឺ​យ៉ាង​ដូច្នោះ ដែល​មនុស្ស​នោះ​នឹង​បាន​វៀរ​រួច​ពី​សេចក្ដី​ទុច្ចរិត តែ​ឯ​ស្ត្រី​នោះ ត្រូវ​ទ្រាំ‌ទ្រ​នឹង​អំពើ​ដ៏​លាមក​របស់​ខ្លួន​វិញ។