ជនគណនា

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36


ជំពូក 20

រីឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ជា​ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ចេត្រ ហើយ​អាស្រ័យ​នៅ​ត្រង់​កាដេស ឯ​ម៉ារាម​នាង​ក៏​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​នាង​នៅ​ទី​នោះ​ទៅ។
2 កន្លែង​នោះ​គ្មាន​ទឹក​ឲ្យ​ពួក​ជំនុំ​ផឹក​សោះ ដូច្នេះ គេ​ក៏​មូល​គ្នា​មក​ទាស់​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន
3 គេ​រក​រឿង​ឈ្លោះ​នឹង​ម៉ូសេ​ថា ស៊ូ​ឲ្យ​យើង​រាល់​គ្នា​បាន​ស្លាប់ ក្នុង​កាល​ដែល​បង​ប្អូន​យើង​ស្លាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នោះ​ចុះ
4 ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា​មក​ក្នុង​ទី​រហោ‌ស្ថាន ឲ្យ​យើង​ត្រូវ​ស្លាប់​នៅ​ទី​នេះ ព្រម​ទាំង​ហ្វូង​សត្វ​របស់​យើង​ផង​ដូច្នេះ
5 ម្តេច​ក៏​លោក​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ក្នុង​ទី​ហិន‌ហោច​នេះ​ធ្វើ​អី ទី​នេះ​មិន​មែន​ជា​កន្លែង​ដែល​នឹង​សាប‌ព្រោះ​ទៅ​បាន ឬ​ដែល​មាន​ល្វា មាន​ទំពាំង‌បាយ‌ជូរ ឬ​ទទឹម​ទេ សូម្បី​តែ​ទឹក​ផឹក​ក៏​គ្មាន​ផង
6 ឯ​ម៉ូសេ និង​អើរ៉ុន ក៏​ចេញ​ពី​ពួក​ជំនុំ​ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ ទម្លាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​ចុះ នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ឲ្យ​ឃើញ
7 ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា
8 ចូរ​យក​ដំបង​របស់​ឯង ហើយ​ប្រជុំ​ពួក​ជំនុំ​ទៅ គឺ​ឯង និង​អើរ៉ុន​ជា​បង​ឯង​ផង រួច​បង្គាប់​ដល់​ថ្មដា​នៅ​មុខ​គេ ឲ្យ​មាន​ទឹក​ចេញ​មក​ចុះ នោះ​ឯង​នឹង​បាន​នាំ​ទឹក​ឲ្យ​ចេញ​ពី​ថ្ម​មក​ឲ្យ​គេ​ហើយ ដូច្នេះ ឯង​នឹង​ឲ្យ​ពួក​ជំនុំ ព្រម​ទាំង​ហ្វូង​សត្វ​គេ​ផឹក​បាន
9 ម៉ូសេ​ក៏​យក​ដំបង​ពី​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក
10 រួច​លោក និង​អើរ៉ុន ក៏​ប្រមូល​ពួក​ជំនុំ​មក​នៅ​មុខ​ថ្មដា ដោយ​ពាក្យ​ថា ចូរ​ស្តាប់​ចុះ ពួក​បះ‌បោរ​អើយ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្មដា​នេះ សម្រាប់​អ្នក​រាល់​គ្នា​ឬ​អី
11 រួច​ម៉ូសេ​លើក​ដៃ​ឡើង វាយ​ថ្ម​នោះ​ដោយ​ដំបង​អស់​២​ដង នោះ​ក៏​មាន​ទឹក​ហូរ​ចេញ​មក​ជា​បរិបូរ ឯ​ពួក​ជំនុំ និង​ហ្វូង​សត្វ​គេ​ក៏​នាំ​គ្នា​ផឹក​ទៅ។
12 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​ថា ពី​ព្រោះ​ឯង​មិន​បាន​ជឿ​អញ ដើម្បី​នឹង​លើក​អញ​ជា​បរិសុទ្ធ ចំពោះ​ភ្នែក​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ បាន​ជា​ឯង​នឹង​នាំ​ពួក​ជំនុំ​នេះ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​គេ​ពុំ​បាន​ឡើយ
13 ទឹក​នោះ​ជា​ទឹក​មេរីបា ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​រក​រឿង​នឹង​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​សម្ដែង​សេចក្ដី​បរិសុទ្ធ​របស់​ទ្រង់ ដោយ‌សារ​ទឹក​នោះ​ឯង។
14 ម៉ូសេ​ក៏​ចាត់​សារ​ពី​កាដេស​ទៅ​ឯ​ស្តេច​ស្រុក​អេដុម​ទូល​ថា អ៊ីស្រា‌អែល​ជា​ប្អូន​ទ្រង់​មាន​វាចា​ដូច្នេះ​ថា ទ្រង់​ជ្រាប​ចំពោះ​ការ​នឿយ‌ហត់ ដែល​កើត​មក​ដល់​យើង​ខ្ញុំ​រាល់​គ្នា​ហើយ
15 គឺ​ដែល​ពួក​អយ្យកោ​យើង​ខ្ញុំ​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យើង​ខ្ញុំ​ក៏​បាន​នៅ​ស្រុក​នោះ​ជា​យូរ​ឆ្នាំ​ដែរ ឯ​ពួក​សាសន៍​អេស៊ីព្ទ​គេ​បាន​ធ្វើ​បាប​ដល់​យើង​ខ្ញុំ និង​ពួក​អយ្យកោ​យើង​ខ្ញុំ​ផង
16 តែ​កាល​យើង​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​ឮ​សំឡេង​យើង​ខ្ញុំ ហើយ​ទ្រង់​ចាត់​ទេវតា​១​មក នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឥឡូវ​នេះ មើល យើង​ខ្ញុំ​នៅ​ត្រង់​កាដេស ជា​ទី​ក្រុង​នៅ​ចុង​ព្រំ​ស្រុក​របស់​ទ្រង់
17 ដូច្នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ទ្រង់​ផង យើង​ខ្ញុំ​នឹង​មិន​ដើរ​កាត់​ស្រែ ឬ​ចម្ការ​ទេ ក៏​មិន​ផឹក​ទឹក​អណ្តូង​ដែរ គឺ​យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ផ្លូវ​ថ្នល់ របស់​ស្តេច​វិញ ឥត​មាន​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ទាល់​តែ​បាន​ឆ្លង​ហួស​ពី​ព្រំ‌ដែន​ទ្រង់​ទៅ
18 តែ​ស្តេច​ស្រុក​អេដុម​មាន​ព្រះ‌បន្ទូល​តប​ថា មិន​ត្រូវ​ឲ្យ​ឯង​ដើរ​កាត់​ស្រុក​របស់​យើង​ឡើយ បើ​ធ្វើ​ដូច្នោះ នោះ​យើង​នឹង​យក​ដាវ​ចេញ​មក​ច្បាំង​នឹង​ឯង​ហើយ
19 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​អង្វរ​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​គ្រាន់​តែ​ដើរ​តាម​ថ្នល់​ធំ​ទេ បើ‌សិន​ជា​យើង​ខ្ញុំ ឬ​ហ្វូង​សត្វ​យើង​ខ្ញុំ​ផឹក​ទឹក​របស់​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​ចេញ​ថ្លៃ​សង​ថ្វាយ​ទ្រង់ សូម​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​ទ្រង់​ប៉ុណ្ណោះ​ចុះ
20 តែ​ស្តេច​នោះ​មាន​ព្រះ‌បន្ទូល​ថា មិន​ត្រូវ​ឲ្យ​ឯង​ទៅ​ទេ ហើយ​ស្តេច​អេដុម​ក៏​ចេញ​មក​ទាស់​នឹង​គេ ព្រម​ទាំង​នាំ​យក​មនុស្ស​ជា​ច្រើន​មក មាន​អំណាច​ជា​ខ្លាំង
21 ដូច្នេះ ស្តេច​អេដុម​មិន​ព្រម​បើក​ឲ្យ​ពួក​អ៊ីស្រា‌អែល​ដើរ​កាត់​ស្រុក​ទ្រង់​ទេ បាន​ជា​ពួក​អ៊ីស្រា‌អែល​គេ​បែរ​ចេញ​ពី​ទ្រង់​ទៅ។
22 ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ពួក​ជំនុំ​ទាំង​មូល ក៏​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​កាដេស​មក​ដល់​ភ្នំ​ហោរ
23 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​នៅ​ភ្នំ​ហោរ​នោះ ត្រង់​ព្រំ‌ដែន​ស្រុក​អេដុម​ថា
24 អើរ៉ុន​នឹង​ត្រូវ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​អយ្យកោ​ហើយ ដ្បិត​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទេ ពី​ព្រោះ​ឯង​ទាំង​២​នាក់​បាន​ចចេស​នឹង​បង្គាប់​អញ នៅ​ត្រង់​ទឹក​មេរីបា
25 ដូច្នេះ ឲ្យ​យក​អើរ៉ុន និង​អេលាសារ ជា​កូន​លោក នាំ​ឡើង​ទៅ​លើ​ភ្នំ​ហោរ​ទៅ
26 រួច​ដោះ​សម្លៀក‌បំពាក់ ពី​អើរ៉ុន យក​ទៅ​បំពាក់​ឲ្យ​អេលាសារ​ជា​កូន​វិញ នោះ​អើរ៉ុន​នឹង​ត្រូវ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​អយ្យកោ គឺ​ត្រូវ​ស្លាប់​នៅ​ទី​នោះ
27 ម៉ូសេ​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គេ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ហោរ នៅ​ចំពោះ​ភ្នែក​នៃ​ពួក​ជំនុំ​ទាំង​អស់​គ្នា
28 នោះ​ម៉ូសេ​ក៏​ដោះ​សម្លៀក‌បំពាក់​ពី​អើរ៉ុន យក​ទៅ​បំពាក់​ឲ្យ​អេលាសារ​ជា​កូន​វិញ រួច​អើរ៉ុន​ស្លាប់​នៅ​លើ​កំពូល​ភ្នំ​នោះ​ទៅ ឯ​ម៉ូសេ និង​អេលាសារ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​វិញ
29 កាល​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​បាន​ឃើញ​ថា អើរ៉ុន​ស្លាប់​ហើយ នោះ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​កាន់​ទុក្ខ​នឹង​លោក​អស់​៣០​ថ្ងៃ។