ជនគណនា

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36


ជំពូក 4

ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ និង​អើរ៉ុន​ថា
2 ចូរ​រាប់​ចំនួន​ពួក​កូន​ចៅ​កេហាត់ ញែក​គេ​ចេញ​ពី​ពួក​កូន​ចៅ​លេវី​ទាំង​ប៉ុន្មាន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ
3 ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន
4 ឯ​ក្រសួង​របស់​ពួក​កូន​ចៅ​កេហាត់​ក្នុង​ត្រសាល​ជំនុំ នោះ​គឺ​ខាង​ឯ​របស់​បរិសុទ្ធ​បំផុត
5 កាល​ណា​ពួក​ជំនុំ​រៀប​ដំណើរ​ចេញ​ទៅ នោះ​អើរ៉ុន និង​ពួក​កូន​លោក ត្រូវ​ចូល​ទៅ​ដោះ​វាំង‌នន ដែល​បិទ​បាំង យក​ទៅ​គ្រប​លើ​ហឹប នៃ​សេចក្ដី​បន្ទាល់
6 រួច​ត្រូវ​គ្រប​ដោយ​ស្បែក​ផ្សោត ហើយ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ​ពី​លើ ទើប​ប្រហក​ឈើ​ស្នែង​ចូល​ទៅ
7 ត្រូវ​ឲ្យ​គេ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ នៅ​លើ​តុ​នៃ​នំបុ័ង​តាំង​ទុក ហើយ​ដាក់​ថាស ចាន ពែង និង​ប៉ាន់ ដែល​សម្រាប់​តង្វាយ​ច្រួច ព្រម​ទាំង​នំបុ័ង​ដែល​ដាក់​ជា​អចិន្ត្រៃយ៍​នៅ​លើ​តុ​នោះ​ដែរ
8 រួច​ត្រូវ​ក្រាល​សំពត់​ពណ៌​ក្រហម​លើ​របស់​ទាំង​នោះ ទាំង​គ្រប​ដោយ​ស្បែក​ផ្សោត​ពី​លើ​ទៀត រួច​ប្រហក​ឈើ​ស្នែង​ចូល​ទៅ
9 ក៏​ត្រូវ​យក​សំពត់​ពណ៌​ផ្ទៃ​មេឃ គ្រប​ពី​លើ​ជើង​ដែល​សម្រាប់​ដាក់​ចង្កៀង ព្រម​ទាំង​ចង្កៀង ឃ្នាប​ប្រឆេះ កន្ថោរ​រង​កម្ទេច និង​ដប​ប្រេង​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ការ​ថែ​ចង្កៀង​នោះ​ផង
10 រួច​ត្រូវ​ឲ្យ​គេ​យក​ចង្កៀង និង​ប្រដាប់​ទាំង​នោះ ដាក់​ក្នុង​ស្បែក​ផ្សោត ហើយ​ស៊ក​ឈើ​ស្នែង​ចូល
11 ឯ​អាសនៈ​មាស នោះ​ត្រូវ​ឲ្យ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ​នៅ​ពី​លើ ហើយ​គ្រប​ដោយ​ស្បែក​ផ្សោត រួច​ប្រហក​ឈើ​ស្នែង​ចូល​ដែរ
12 ត្រូវ​យក​ប្រដាប់‌ប្រដា​ទាំង​អស់​ដែល​សម្រាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទៅ​ដាក់​ក្នុង​សំពត់​ពណ៌​ផ្ទៃ​មេឃ ហើយ​គ្រប​នឹង​ស្បែក​ផ្សោត រួច​ស៊ក​ឈើ​ស្នែង​ចូល
13 ត្រូវ​កាយ​ផេះ​ពី​អាសនៈ​ចេញ ហើយ​ក្រាល​សំពត់​ពណ៌​ស្វាយ​ពី​លើ
14 ព្រម​ទាំង​ដាក់​ប្រដាប់‌ប្រដា​ដែល​សម្រាប់​ប្រើ​នៅ​អាសនៈ​នេះ​ផង គឺ​ជើង‌ពាន សម ចប‌ចូក ផើង និង​អស់​ទាំង​ប្រដាប់‌ប្រដា​នៃ​អាសនៈ​នោះ រួច​ត្រូវ​ក្រាល​ស្បែក​ផ្សោត​ពី​លើ ហើយ​ប្រហក​ឈើ​ស្នែង​ចូល
15 កាល​ណា​អើរ៉ុន និង​ពួក​កូន​លោក​បាន​គ្រប​ទី​បរិសុទ្ធ ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​ជា​ស្រេច​ហើយ ក្នុង​វេលា​ដែល​ពួក​ជំនុំ​រៀប​ដំណើរ​ចេញ​ទៅ នោះ​ពួក​កូន​ចៅ​កេហាត់​ត្រូវ​មក​លី‌សែង​របស់​ទាំង​នោះ តែ​មិន​ត្រូវ​ឲ្យ​ពាល់​ដល់​បរិសុទ្ធ​ណា​មួយ​ឡើយ ក្រែង​ត្រូវ​ស្លាប់ របស់​ទាំង​នោះ​ជា​បន្ទុក​លើ​ពួក​កូន​ចៅ​កេហាត់​ក្នុង​ត្រសាល​ជំនុំ។
16 ឯ​អេលាសារ​ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ នោះ​ត្រូវ​ត្រួត​ខាង​ប្រេង​សម្រាប់​ចង្កៀង គ្រឿង​ក្រអូប តង្វាយ​ម្សៅ​ដែល​ថ្វាយ​ជានិច្ច និង​ប្រេង​ចាក់​លាប ហើយ​ត្រូវ​ត្រួត‌ត្រា​លើ​រោង​ឧបោសថ​ទាំង​មូល ព្រម​ទាំង​ប្រដាប់‌ប្រដា​នៅ​ក្នុង​រោង​នោះ​ទាំង​ប៉ុន្មាន និង​ទី​បរិសុទ្ធ ហើយ​ប្រដាប់‌ប្រដា​សម្រាប់​ទី​នោះ​ផង។
17 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​ថា
18 កុំ​ឲ្យ​កាត់​ពូជ​គ្រួសារ​កេហាត់​ឲ្យ​បាត់​ពី​ពួក​លេវី​ឡើយ
19 គឺ​ត្រូវ​ធ្វើ​នឹង​គេ​យ៉ាង​នេះ​វិញ ដើម្បី​ឲ្យ​គេ​រស់​នៅ ឥត​ត្រូវ​ស្លាប់​ឡើយ ក្នុង​កាល​ដែល​គេ​ចូល​ទៅ​ឯ​របស់​ទាំង​ប៉ុន្មាន ដែល​បរិសុទ្ធ​បំផុត គឺ​ត្រូវ​ឲ្យ​អើរ៉ុន និង​ពួក​កូន​លោក ចូល​ទៅ​តម្រូវ​ការ‌ងារ និង​បន្ទុក​ឲ្យ​គេ​រៀង​ខ្លួន
20 តែ​មិន​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​មើល កំពុង​ដែល​គ្រប​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ឡើយ ក្រែង​ត្រូវ​ស្លាប់។
21 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា
22 ចូរ​រាប់​ចំនួន​នៃ​ពួក​កូន​ចៅ​គើសុន​ដែរ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ
23 ត្រូវ​រាប់​គេ​ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន
24 ឯ​ក្រសួង​របស់​ពួក​គ្រួសារ​គើសុន នោះ​គឺ​ជា​ការ​បម្រើ និង​ការ​លី‌សែង​ផង
25 ត្រូវ​ឲ្យ​គេ​សែង​ផ្ទាំង​សំពត់​ទាំង​ប៉ុន្មាន ដែល​សម្រាប់​រោង​ឧបោសថ ព្រម​ទាំង​ត្រសាល​ជំនុំ និង​គំរប​នៃ​ត្រសាល គំរប​ស្បែក​ផ្សោត​ដែល​គ្រប​ពី​លើ ហើយ​និង​រនាំង​បាំង​មាត់​ទ្វារ​ត្រសាល​ជំនុំ
26 រនាំង​ទីលាន រនាំង​បាំង​មាត់​ទ្វារ​ទីលាន ដែល​នៅ​ព័ទ្ធ​ជុំវិញ​រោង​ឧបោសថ ហើយ​និង​អាសនៈ និង​អស់​ទាំង​ខ្សែ ប្រដាប់‌ប្រដា​សម្រាប់​ការ‌ងារ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​របស់​អ្វី​ផ្សេងៗ​ឯ​ទៀត គឺ​ការ​នោះ​ឯង​ដែល​គេ​ត្រូវ​បម្រើ
27 ឯ​ក្រសួង​របស់​ពួក​កូន​ចៅ​គើសុន ក្នុង​ការ​លី‌សែង ឬ​ការ‌ងារ​អ្វី​ក្តី នោះ​ស្រេច​នៅ​អើរ៉ុន និង​ពួក​កូន​លោក គឺ​ត្រូវ​ឲ្យ​លោក​ចាត់‌ចែង​ការ​របស់​គេ​ទាំង​អស់
28 នេះ​ហើយ​ជា​ក្រសួង​នៃ​អស់​ទាំង​គ្រួសារ​របស់​ពួក​កូន​ចៅ​គើសុន ក្នុង​ត្រសាល​ជំនុំ ហើយ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​គេ នោះ​នៅ​ក្រោម​បង្គាប់​របស់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ។
29 ឯ​ពួក​កូន​ចៅ​ម្រ៉ារី នោះ​ត្រូវ​រាប់​គេ​តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ
30 ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន
31 នេះ​ជា​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​គេ​ឲ្យ​លី​សែង តាម​ក្រសួង​គេ​ក្នុង​ត្រសាល​ជំនុំ គឺ​ក្តារ​របស់​រោង​ឧបោសថ ព្រម​ទាំង​រនុក សសរ ហើយ​និង​ជើង
32 សសរ​ទីលាន​ដែល​នៅ​ជុំវិញ និង​ជើង ចំរ៉ឹង ខ្សែ ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន ហើយ​និង​របស់​ទាំង​អស់​ដែល​សម្រាប់​គាំពារ​ផង ត្រូវ​ឲ្យ​ឯង​តម្រូវ​ដោយ​ឈ្មោះ​ប្រដាប់‌ប្រដា​ដែល​ត្រូវ​ផ្ញើ​ទុក​ឲ្យ​គេ​លី‌សែង
33 នេះ​ហើយ​ជា​ក្រសួង​នៃ​អស់​ទាំង​គ្រួសារ​ពួក​កូន​ចៅ​ម្រ៉ារី តាម​ការ‌ងារ​គេ​ទាំង​ប៉ុន្មាន​ក្នុង​ត្រសាល​ជំនុំ ដែល​នៅ​ក្រោម​បង្គាប់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ។
34 រួច​ម៉ូសេ អើរ៉ុន និង​ពួក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ក៏​រាប់​ពួក​កូន​ចៅ​កេហាត់ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ
35 ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​បម្រើ​ក្នុង​ត្រសាល​ជំនុំ​បាន
36 ហើយ​ពួក​អ្នក​ដែល​បាន​រាប់​តាម​គ្រួសារ នោះ​មាន​ចំនួន​២​ពាន់​៧៥០​នាក់
37 នេះ​ហើយ​ជា​ពួក​អ្នក ដែល​បាន​រាប់​ក្នុង​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​កេហាត់ គឺ​អស់​អ្នក​ដែល​បម្រើ​ក្នុង​ត្រសាល​ជំនុំ​ដែល​ម៉ូសេ និង​អើរ៉ុន​បាន​រាប់ តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ។
38 ឯ​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​កូន​ចៅ​គើសុន​តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ
39 ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន
40 ពួក​នោះ​ដែល​បាន​រាប់​តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ នោះ​មាន​ចំនួន​២​ពាន់​៦៣០​នាក់
41 នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​គើសុន គឺ​អស់​ដែល​បម្រើ​ក្នុង​ត្រសាល​ជំនុំ ដែល​ម៉ូសេ និង​អើរ៉ុន​បាន​រាប់ តាម​បង្គាប់​ព្រះ‌យេហូវ៉ា។
42 ឯ​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​ម្រ៉ារី តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ
43 ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន
44 ពួក​នោះ​ដែល​បាន​រាប់​តាម​គ្រួសារ នោះ​មាន​ចំនួន​៣​ពាន់​២០០​នាក់
45 នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​ម្រ៉ារី ដែល​ម៉ូសេ និង​អើរ៉ុន​បាន​រាប់​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ។
46 ឯ​អស់​អ្នក​ដែល​ម៉ូសេ អើរ៉ុន និង​ពួក​ជា​កំពូល​ទាំង​ប៉ុន្មាន​លើ​សាសន៍​អ៊ីស្រា‌អែល បាន​រាប់​ក្នុង​ពួក​លេវី តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ
47 ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​បាន​ចូល​ទៅ​ធ្វើ​ការ‌ងារ ហើយ​លី‌សែង​ក្នុង​ត្រសាល​ជំនុំ
48 នោះ​រួម​គ្នា​ទាំង​អស់​មាន​៨​ពាន់​៥៨០​នាក់
49 ម៉ូសេ​បាន​រាប់​គេ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា គ្រប់​គ្នា​តាម​ក្រសួង​ការ តាម​បន្ទុក​របស់​ខ្លួន គឺ​យ៉ាង​នោះ​ហើយ​ដែល​លោក​បាន​រាប់​គេ តាម​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក។