ជនគណនា

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36


ជំពូក 22

ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​ទៅ​ទៀត រួច​ដំឡើង​ត្រសាល​នៅ​ត្រង់​វាល​នៃ​ស្រុក​ម៉ូអាប់ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​នេះ ទល់​មុខ និង​យេរីខូ។
2 រីឯ​បាឡាក​ជា​បុត្រា​ស៊ីបព័រ ទ្រង់​ក៏​ឃើញ​អស់​ទាំង​ការ ដែល​ពួក​អ៊ីស្រា‌អែល​បាន​ធ្វើ​ដល់​សាសន៍​អាម៉ូរី
3 ដូច្នេះ សាសន៍​ម៉ូអាប់​ក៏​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​មាន​ចិត្ត​ស្រយុត​រន្ធត់ នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដោយ​ព្រោះ​គេ​មាន​គ្នា​ច្រើន
4 នោះ​ពួក​ម៉ូអាប់​ក៏​និយាយ​ទៅ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​ម៉ាឌាន ថា ឥឡូវ​ពួក​នេះ​នឹង​ស៊ី​រំលីង​របស់​ទាំង​អស់​នៅ​ជុំវិញ​យើង​រាល់​គ្នា​ហើយ ដូច​ជា​គោ​ស៊ី​រំលីង​ស្មៅ​ខ្ចី​នៅ​វាល​ដែរ រីឯ​គ្រា​នោះ បាឡាក​ជា​បុត្រា​ស៊ីបព័រ ទ្រង់​ធ្វើ​ជា​ស្តេច​លើ​សាសន៍​ម៉ូអាប់
5 ទ្រង់​ក៏​ចាត់​សារ​ទៅ​ឯ​បាឡាម​ជា​កូន​បេអ៊រ នៅ​ក្រុង​ពេថោរ ដែល​នៅ​មាត់​ទន្លេ ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​សាសន៍​ទ្រង់ ដើម្បី​នឹង​ហៅ​មក​ដោយ​ពាក្យ​ថា មើល មាន​សាសន៍​១​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នៅ​ដេរ‌ដាស​ពេញ​លើ​ផែនដី ត្រង់​ទល់​មុខ​នឹង​អញ
6 ដូច្នេះ ចូរ​ឯង​មក​ឥឡូវ ដើម្បី​នឹង​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ឲ្យ​អញ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​អញ​ណាស់ ប្រហែល​ជា​អញ​នឹង​ឈ្នះ​គេ​បាន ហើយ​និង​វាយ​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ ដ្បិត​អញ​ដឹង​ថា អ្នក​ណា​ដែល​ឯង​ឲ្យ​ពរ នោះ​បាន​ពរ​មែន ហើយ​អ្នក​ណា​ដែល​ឯង​ដាក់​បណ្តាសា នោះ​ក៏​ត្រូវ​បណ្តាសា​ពិត។
7 លំដាប់​នោះ ពួក​ចាស់‌ទុំ​នៃ​សាសន៍​ម៉ូអាប់ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​ម៉ាឌាន គេ​នាំ​យក​រង្វាន់​នៃ​ការ​ទំនាយ​ចេញ​ទៅ ក៏​មក​ដល់​បាឡាម ហើយ​រៀប‌រាប់​ប្រាប់​តាម​ពាក្យ​របស់​បាឡាក
8 រួច​គាត់​ឆ្លើយ​ថា សូម​ដេក​នៅ​ទី​នេះ​១​យប់​សិន នោះ​ខ្ញុំ​នឹង​ឆ្លើយ​ប្រាប់​ដល់​អ្នក​រាល់​គ្នា តាម​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច្នេះ ពួក​មេ​នៃ​សាសន៍​ម៉ូអាប់​ក៏​ស្នាក់​នៅ​ជា​មួយ​នឹង​បាឡាម
9 នោះ​ព្រះ‌ទ្រង់​យាង​មក​ឯ​បាឡាម​សួរ​ថា តើ​មនុស្ស​ណា​នេះ ដែល​នៅ​ជា​មួយ​នឹង​ឯង
10 បាឡាម​ទូល​ឆ្លើយ​ថា បាឡាក​ជា​បុត្រា​ស៊ីបព័រ ដែល​ជា​ស្តេច​សាសន៍​ម៉ូអាប់ បាន​ចាត់​គេ​មក​ហៅ​ទូល‌បង្គំ​ថា
11 មើល សាសន៍​នេះ​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នៅ​ដេរ‌ដាស​ពេញ​លើ​ផែនដី ឥឡូវ ចូរ​ឲ្យ​ឯង​មក​ដាក់​បណ្តាសា​គេ​ឲ្យ​អញ ប្រហែល​ជា​អញ​នឹង​អាច​ច្បាំង​ជា​មួយ​នឹង​គេ ហើយ​បណ្តេញ​គេ​ចេញ​ទៅ​បាន
12 តែ​ព្រះ‌ទ្រង់​តប​ទៅ​បាឡាម​វិញ​ថា មិន​ត្រូវ​ឲ្យ​ឯង​ទៅ​មួយ​នឹង​គេ​ឡើយ ក៏​មិន​ត្រូវ​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ផង ដ្បិត​គេ​ជា​អ្នក​មាន​ពរ​ហើយ
13 បាឡាម​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ប្រាប់​ដល់​ពួក​មេ ដែល​មក​ពី​បាឡាក​ថា ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ស្រុក​វិញ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​បើក​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​ទេ
14 ពួក​មេ​សាសន៍​ម៉ូអាប់​ក៏​ក្រោក​វិល​ត្រឡប់​ទៅ​ឯ​បាឡាក​វិញ ទូល​ថា បាឡាម​មិន​ព្រម​មក​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ។
15 នោះ​បាឡាក​ក៏​ចាត់​ពួក​មេ​ជា​ច្រើន​ជាង ជា​អ្នក​មាន​សក្តិ‌យស​ខ្ពស់​ជាង​អ្នក​ទាំង​នោះ ឲ្យ​ទៅ​ទៀត
16 គេ​ក៏​មក​ដល់​បាឡាម​ប្រាប់​ថា បាឡាក​ជា​បុត្រា​ស៊ីបព័រ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​មាន​អ្វី​ឃាត់‌ឃាំង​ឯង​មិន​ឲ្យ​ទៅ​ឯ​អញ​នោះ​ឡើយ
17 ដ្បិត​អញ​នឹង​លើក​ឯង​ជា​ធំ ហើយ​ការ​អ្វីៗ​ដែល​ឯង​ប្រាប់​ដល់​អញ នោះ​អញ​នឹង​ធ្វើ​សម្រេច​តាម ដូច្នេះ ចូរ​ទៅ​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ឲ្យ​អញ
18 តែ​បាឡាម​ប្រកែក​ទៅ​ពួក​មហា‌តលិក​របស់​បាឡាក​ថា បើ‌សិន​ជា​ព្រះ‌រាជា​នឹង​ប្រទាន​មាស ហើយ​និង​ប្រាក់​ពេញ​ដំណាក់​ទ្រង់​មក​ខ្ញុំ នោះ​គង់​តែ​ខ្ញុំ​ពុំ​អាច​នឹង​រំលង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ និង​ធ្វើ​ការ​តិច ឬ​ច្រើន​ទៅ​បាន​ឡើយ
19 ដូច្នេះ សូម​ឲ្យ​អ្នក​រាល់​គ្នា​ដេក​នៅ​ទី​នេះ​១​យប់​សិន​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា​ព្រះ‌យេហូវ៉ា​នឹង​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ម្តេច​ទៀត
20 នៅ​វេលា​យប់​នោះ ព្រះ​ទ្រង់​ក៏​មក​ឯ​បាឡាម​មាន​ព្រះ‌បន្ទូល​ថា បើ​គេ​បាន​មក​ហៅ​ឯង នោះ​ឲ្យ​ឯង​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​គេ​ចុះ ប៉ុន្តែ ត្រូវ​ឲ្យ​ឯង​ធ្វើ​សម្រេច​តាម​បង្គាប់​អញ​តែ​ប៉ុណ្ណោះ។
21 បាឡាម​ក៏​ក្រោក​ឡើង​ពី​ព្រលឹម បំពាក់​កែប​លើ​លា​របស់​ខ្លួន ចេញ​ទៅ​ជា​មួយ​នឹង​ពួក​មេ​នៃ​សាសន៍​ម៉ូអាប់
22 នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​ក៏​កាត់​ឡើង ដោយ​ព្រោះ​គាត់​ចេញ​ទៅ​ដូច្នោះ ហើយ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ឈរ​ក្នុង​ផ្លូវ ដើម្បី​ទាស់​ទទឹង​នឹង​គាត់ ឯ​គាត់ៗ​ជិះ​នៅ​លើ​លា មាន​ទាំង​អ្នក​បម្រើ​២​នាក់​ទៅ​ជា​មួយ​ផង
23 លា​ក៏​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ឈរ​នៅ​ត្រង់​ផ្លូវ ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច​នៅ​ព្រះ‌ហស្ត នោះ​លា​ក៏​បែរ​ចេញ​ពី​ផ្លូវ​ទៅ​តាម​វាល​ទៅ ឯ​បាឡាម​គាត់​វាយ​លា ដើម្បី​នឹង​ទាញ​ញាក់​មក​ក្នុង​ផ្លូវ​វិញ
24 នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឈរ​នៅ​ត្រង់​ផ្លូវ​ច្រក នា​កណ្តាល​ចម្ការ​ទំពាំង‌បាយ‌ជូរ មាន​កំផែង​ថ្ម​នៅ​ជា​សង​ខាង
25 លា​ក៏​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទៀត រួច​វា​ចូល​ទៅ​អែប​ត្បៀត​ខ្លួន​នឹង​កំផែង គាប​ជើង​បាឡាម​នឹង​ថ្ម នោះ​គាត់​វាយ​វា​ម្តង​ទៀត
26 រួច​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ទៅ​ឈរ នៅ​ត្រង់​កន្លែង​ចង្អៀត​១​ទៀត ដែល​ឥត​មាន​ផ្លូវ​ណា នឹង​ងាក​បែរ​ទៅ ខាង​ឆ្វេង ឬ​ខាង​ស្តាំ​បាន​ឡើយ
27 លា​ក៏​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា រួច​វា​លុត​ជង្គង់​ក្រាប​ចុះ​ទាំង​បាឡាម​នៅ​លើ​ខ្នង នោះ​បាឡាម​ក៏​ខឹង​ក្តៅ​ឡើង ហើយ​វាយ​វា​នឹង​ឈើ​ច្រត់
28 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បើក​មាត់​លា វា​ក៏​និយាយ​ទៅ​បាឡាម​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដល់​លោក បាន​ជា​លោក​វាយ​ខ្ញុំ​៣​ដង​ហើយ​នេះ
29 បាឡាម​ឆ្លើយ​ទៅ​លា​ថា គឺ​ពី​ព្រោះ​ឯង​កៀច​នឹង​អញ​ណាស់ បើ‌សិន​ជា​អញ​មាន​ដាវ​នៅ​ដៃ​ឥឡូវ នោះ​អញ​នឹង​សម្លាប់​ឯង​ចោល​ហើយ
30 សត្វ​លា​តប​ថា តើ​ខ្ញុំ​មិន​មែន​ជា​លា​របស់​លោក ដែល​លោក​បាន​ជិះ​មក​តាំង​ពី​ខ្ញុំ​ជា​របស់​ផង​លោក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ទេ​ឬ​អី តើ​ខ្ញុំ​ដែល​ធ្លាប់​ធ្វើ​យ៉ាង​ដូច្នេះ ចំពោះ​លោក​ដែរ​ឬ នោះ​គាត់​ឆ្លើយ​ថា ទេ។
31 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បើក​បំភ្លឺ​ភ្នែក​បាឡាម ឲ្យ​ឃើញ​ទេវតា​នៃ​ទ្រង់ ដែល​ឈរ​នៅ​ត្រង់​ផ្លូវ ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច​នៅ​ព្រះ‌ហស្ត រួច​គាត់​ឱន​ក្បាល​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ
32 ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​សួរ​គាត់​ថា ហេតុ​អ្វី​បាន​ជា​ឯង​វាយ​លា​ដល់​ទៅ​៣​ដង​ដូច្នេះ មើល​អញ​បាន​ចេញ​មក​ទាស់​នឹង​ឯង ពី​ព្រោះ​ឯង​មាន​ចិត្ត​វៀច​នៅ​មុខ​អញ
33 លា​របស់​ឯង​បាន​ឃើញ​អញ ហើយ​បាន​ងាក​បែរ​ចេញ​ពី​អញ​៣​ដង​នេះ​ហើយ បើ​វា​មិន​បាន​បែរ​ចេញ​ពី​អញ​ទេ នោះ​ប្រាកដ​ជា​អញ​បាន​សម្លាប់​ឯង​ហើយ តែ​ទុក​ឲ្យ​វា​នៅ​រស់​វិញ
34 នោះ​បាឡាម​ក៏​ទូល​ទៅ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ថា ទូល‌បង្គំ​បាន​ធ្វើ​បាប​ហើយ ពី​ព្រោះ​ទូល‌បង្គំ​មិន​បាន​ដឹង​ជា​ទ្រង់​ឈរ​នៅ​ត្រង់​ផ្លូវ ទាស់​នឹង​ទូល‌បង្គំ​ទេ ដូច្នេះ បើ​ដំណើរ​នេះ​មិន​សព្វ​ព្រះ‌ហឫទ័យ​ដល់​ទ្រង់ នោះ​ទូល‌បង្គំ​នឹង​ត្រឡប់​ទៅ​វិញ​ឥឡូវ
35 តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​ថា ចូរ​ទៅ​ជា​មួយ​នឹង​គេ​ចុះ ប៉ុន្តែ ត្រូវ​ឲ្យ​ឯង​និយាយ​តែ​ពាក្យ​ដែល​អញ​ប្រាប់​ដល់​ឯង​ប៉ុណ្ណោះ ដូច្នេះ បាឡាម​ក៏​ទៅ​ជា​មួយ​នឹង​ពួក​មេ​របស់​បាឡាក​ទៅ។
36 កាល​បាឡាក​ឮ​ថា បាឡាម​មក​ដល់​ហើយ នោះ​ទ្រង់​ក៏​ចេញ​ទៅ​ទទួល​ដល់​ទី​ក្រុង​១​នៃ​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើណូន ជា​ព្រំ‌ដែន​ឆ្ងាយ​បំផុត
37 បាឡាក​មាន​ព្រះ‌បន្ទូល​ទៅ​បាឡាម​ថា តើ​អញ​មិន​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ឯង​មក​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​មក​ឯ​អញ តើ​អញ​មិន​អាច​នឹង​លើក​ឯង​ឲ្យ​បាន​ជា​ធំ​ទេ​ឬ​អី
38 បាឡាម​ក៏​ទូល​តប​ថា មើល ទូល‌បង្គំ​បាន​មក​ដល់​ទ្រង់​ហើយ តែ​ឥឡូវ​នេះ តើ​ទូល‌បង្គំ​មាន​អំណាច​នឹង​និយាយ​អ្វី​បាន ឯ​ពាក្យ​ណា​ដែល​ព្រះ‌ទ្រង់​សម្រេច​នៅ​មាត់​ទូល‌បង្គំ គឺ​ពាក្យ​នោះ​ដែល​ទូល‌បង្គំ​នឹង​និយាយ​វិញ
39 រួច​បាឡាម​ក៏​ទៅ​ជា​មួយ​នឹង​បាឡាក ដល់​ទៅ​គារយ៉ាត់-ហាសូត
40 នោះ​បាឡាក​ទ្រង់​ថ្វាយ​គោ និង​ចៀម​ជា​យញ្ញ‌បូជា រួច​ផ្ញើ​ទៅ​ឲ្យ​បាឡាម និង​ពួក​មេ​ដែល​នៅ​ជា​មួយ​នឹង​គាត់។
41 ដល់​ថ្ងៃ​ស្អែក បាឡាក​ទ្រង់​នាំ​យក​បាឡាម​ឡើង​ទៅ​លើ​អស់​ទាំង​ទី​ខ្ពស់​របស់​ផង​ព្រះ​បាល ហើយ​ពី​ទី​នោះ​គាត់​ក៏​ឃើញ​ចុង​បំផុត​នៃ​ពួក​សាសន៍​អ៊ីស្រា‌អែល។