ជនគណនា
ជំពូក 13
នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
2 ចូរចាត់មនុស្សឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដែលអញឲ្យដល់ពួកកូនចៅអ៊ីស្រាអែលចុះ ត្រូវចាត់ម្នាក់ពីគ្រប់ទាំងពូជអំបូរនៃពួកអយ្យកោ ដែលគ្រប់គ្នាជាកំពូលលើពួកខ្លួន
3 រួចម៉ូសេក៏ចាត់ពួកនោះពីទីរហោស្ថានប៉ារ៉ានទៅតាមបង្គាប់ព្រះយេហូវ៉ា អ្នកទាំងនោះសុទ្ធតែជាមេលើពួកកូនចៅអ៊ីស្រាអែល
4 ឯឈ្មោះរបស់គេ នោះគឺសាំមួរជាកូនសាគើរ ក្នុងពូជអំបូររូបេន១
5 សាផាតជាកូនហូរី ក្នុងពូជអំបូរស៊ីម្មាន១
6 កាលែបជាកូនយេភូនេ ក្នុងពូជអំបូរយូដា១
7 យីកាលជាកូនយ៉ូសែប ក្នុងពូជអំបូរអ៊ីសាខារ១
8 ហូសេជាកូននុន ក្នុងពូជអំបូរអេប្រាអិម១
9 ប៉ាលធីជាកូនរ៉ាភូរ ក្នុងពូជអំបូរបេនយ៉ាមីន១
10 កាឌាលជាកូនសូឌី ក្នុងពូជអំបូរសាប់យូល៉ូន១
11 កាឌីជាកូនស៊ូស៊ី ក្នុងពូជអំបូរយ៉ូសែប គឺក្នុងពូជអំបូរម៉ាន៉ាសេ១
12 អាំមាលជាកូនកេម៉ាលី ក្នុងពូជអំបូរដាន់១
13 សេធើរជាកូនមីកែល ក្នុងពូជអំបូរអេស៊ើរ១
14 ណាស់ប៊ីជាកូនវ៉ុបស៊ី ក្នុងពូជអំបូរណែបថាលី១
15 កេអួលជាកូនម៉ាគី ក្នុងពូជអំបូរកាឌ់១
16 នេះហើយជាឈ្មោះនៃពួកអ្នកដែលម៉ូសេបានចាត់ឲ្យទៅសង្កេតមើលក្នុងស្រុក ហើយម៉ូសេក៏ហៅហូសេ ជាកូននុនថា យ៉ូស្វេវិញ។
17 ម៉ូសេចាត់អ្នកទាំងនោះឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដោយពាក្យថា ត្រូវចូលទៅតាមផ្លូវពីខាងត្បូងនេះ ឡើងទៅឯស្រុកភ្នំ
18 ហើយសង្កេតមើលស្រុកនោះ តើជាយ៉ាងណា ព្រមទាំងមនុស្សដែលនៅស្រុកនោះផង តើជាខ្លាំងឬខ្សោយ ច្រើនឬតិច
19 ហើយស្រុកដែលគេនៅនោះ តើល្អ ឬអាក្រក់ និងទីលំនៅទាំងប៉ុន្មានរបស់គេ តើជាយ៉ាងណា សុទ្ធតែជារោងត្រសាល ឬជាទីក្រុងដ៏មាំមួន
20 ហើយនិងដីនៅស្រុកនោះ តើកើតផលជាបរិបូរ ឬគ្មាន មានព្រៃដែរឬទេ ចូរឲ្យឯងរាល់គ្នាមានចិត្តក្លាហាន ហើយនាំយកផលរបស់ស្រុកនោះមកវិញផង រីឯរដូវនោះ ជារដូវផ្លែទំពាំងបាយជូរជាដំបូង។
21 ដូច្នេះ គេក៏ឡើងទៅសង្កេតមើលក្នុងស្រុកនោះ ចាប់តាំងពីទីរហោស្ថានស៊ីន រហូតដល់ស្រុករេហុប ដែលនៅតាមផ្លូវទៅឯស្រុកហាម៉ាត
22 គេឡើងពីខាងត្បូងទៅដល់ហេប្រុន នៅស្រុកនោះមានអ័ហ៊ីម៉ាន សេសាយ និងតាលម៉ាយ ជាកូនអ័ណាក់ (ឯក្រុងហេប្រុននេះ បានសង់៧ឆ្នាំមុនក្រុងសូអាន ដែលនៅស្រុកអេស៊ីព្ទ)
23 រួចគេមកដល់ជ្រោះអែសកុល ហើយកាត់ផ្លែទំពាំងបាយជូរ១ចង្កោមសែងគ្នា២នាក់ ព្រមទាំងផ្លែទទឹម និងផ្លែល្វាផង
24 គេហៅទីនោះថា ជ្រោះអែសកុល ដោយព្រោះចង្កោមទំពាំងបាយជូរ ដែលពួកកូនចៅអ៊ីស្រាអែលបានកាត់នៅទីនោះ
25 រួចក្រោយមក៤០ថ្ងៃ គេក៏ត្រឡប់មកពីសង្កេតមើលស្រុកនោះវិញ។
26 គេត្រឡប់មកដល់ម៉ូសេ និងអើរ៉ុន ព្រមទាំងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ត្រង់កាដេសក្នុងទីរហោស្ថានប៉ារ៉ាន ក៏ជូនដំណឹងដល់លោក និងពួកជំនុំទាំងអស់គ្នា ហើយបង្ហាញផលនៃស្រុកនោះផង
27 គេជម្រាបថា យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឲ្យទៅនោះ ស្រុកនោះមានទឹកដោះ និងទឹកឃ្មុំហូរហៀរជាប្រាកដមែន នេះនែ ផលរបស់ស្រុកនោះ
28 ប៉ុន្តែ មនុស្សនៅស្រុកនោះ គេខ្លាំងពូកែណាស់ ទីក្រុងរបស់គេមានកំផែង ហើយក៏ធំណាស់ផង ១ទៀតយើងខ្ញុំបានឃើញកូនចៅអ័ណាក់ នៅស្រុកនោះដែរ
29 សាសន៍អាម៉ាលេកគេនៅស្រុកខាងត្បូង ហើយសាសន៍ហេត សាសន៍យេប៊ូស និងសាសន៍អាម៉ូរីគេនៅស្រុកភ្នំ ឯខាងសមុទ្រ ហើយនៅមាត់ទន្លេយ័រដាន់ នោះមានសាសន៍កាណានវិញ។
30 ឯកាលែប លោកឲ្យបណ្តាជននៅស្ងៀមចំពោះមុខម៉ូសេ រួចនិយាយថា ចូរយើងឡើងទៅចាប់យកស្រុកនោះជាប្រញាប់កុំខាន ដ្បិតយើងអាចនឹងយកបានដោយស្រួល
31 ប៉ុន្តែ មនុស្សដែលបានឡើងទៅជាមួយគ្នា គេប្រកែកថា យើងពុំអាចនឹងឡើងទៅទាស់នឹងគេបានទេ ដ្បិតគេខ្លាំងពូកែជាងយើងណាស់
32 អ្នកទាំងនោះក៏បង្កបង្កើតរឿងអាក្រក់ពីស្រុកដែលគេបានសង្កេតមើលនោះ ដោយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ស្រុកដែលយើងបានដើរកាត់ ហើយសង្កេតមើលនោះ ជាស្រុកដែលបង្ហិនបង្ហោចដល់ពួកអ្នកដែលអាស្រ័យនៅ ឯមនុស្សដែលយើងឃើញទាំងប៉ុន្មាន ក៏សុទ្ធតែមានមាឌធំៗ
33 នៅស្រុកនោះយើងបានឃើញពួកមនុស្សធំសម្បើម គឺជាកូនចៅអ័ណាក់ ដែលជាពូជមនុស្សមានមាឌធំសម្បើម យើងមើលទៅខ្លួនយើងដូចជាកណ្តូប ទោះបើនៅភ្នែកគេក៏ដូច្នោះដែរ។