ជនគណនា

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36


ជំពូក 11

ឯ​ពួក​បណ្តា‌ជន​គេ​រទូ‌រទាំ ហើយ​សេចក្ដី​នោះ​ក៏​អាក្រក់ នៅ​ព្រះ‌កាណ៌​នៃ​ព្រះ‌យេហូវ៉ា កាល​ទ្រង់​បាន​ឮ នោះ​សេចក្ដី​ខ្ញាល់​ទ្រង់​ក៏​កាត់​ឡើង ហើយ​ភ្លើង​នៃ​ទ្រង់​បាន​ឆេះ​នៅ​កណ្តាល​ពួក​គេ ទាំង​ឆេះ​បំផ្លាញ​នៅ​ចុង​បំផុត​នៃ​ទី​ដំឡើង​ត្រសាល​ទៅ
2 នោះ​បណ្តា‌ជន​ក៏​ស្រែក​រក​ម៉ូសេ ហើយ​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា រួច​ភ្លើង​បាន​រលត់​ទៅ
3 ដូច្នេះ គេ​ហៅ​ទី​នោះ​ថា តាបេរ៉ា ពី​ព្រោះ​ភ្លើង​នៃ​ព្រះ‌យេហូវ៉ា​បាន​ឆេះ​ក្នុង​ពួក​គេ។
4 រីឯ​ពួក​សាសន៍​ដទៃ ដែល​នៅ​លាយ‌ឡំ​ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ក៏​នឹក​ចង់​បាន​ម្ហូប​ជា​ខ្លាំង​ពន់‌ពេក ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យំ​ម្តង​ទៀត​តាម​គេ​ដែរ ដោយ​ពាក្យ​ថា តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិភោគ
5 យើង​នឹក​រំឭក​ពី​ត្រី​ដែល​យើង​បាន​បរិភោគ​នៅ​ស្រុក​អេស៊ីព្ទ​ជា​ឥត​ថ្លៃ ហើយ​ពី​ត្រសក់ ឪឡឹក ខ្ទឹម​ខ្យល់ ខ្ទឹម​សំឡ និង​ខ្ទឹម​ស​ផង
6 តែ​ឥឡូវ​នេះ យើង​រីង​ស្លាប់​ហើយ ដ្បិត​គ្មាន​អ្វី​សោះ មាន​តែ​នំ​ម៉ាន៉ា ដែល​នៅ​ចំពោះ​ភ្នែក​យើង​នេះ​ប៉ុណ្ណោះ
7 រីឯ​នំ​ម៉ាន៉ា​នោះ មាន​ភាព​ដូច​ជា​គ្រាប់​ល្ង មាន​សម្បុរ​ដូច​ជា​កែវ‌មុក្តា
8 ពួក​បណ្តា‌ជន​ក៏​ចេញ​ទៅ​រើស​យក​មក កិន​នឹង​ត្បាល់​កិន ឬ​បុក​ក្នុង​ត្បាល់​បុក រួច​ចំអិន​ក្នុង​ឆ្នាំង​ធ្វើ​ជា​នំ ក៏​មាន​រស‌ជាតិ​ដូច​ជា​រស‌ជាតិ​នៃ​ប្រេង​ថ្មី
9 នៅ​វេលា​យប់ កាល​ទឹក​សន្សើម​ធ្លាក់​មក​លើ​ទី​ដំឡើង​ត្រសាល នោះ​នំ​ម៉ាន៉ា​ក៏​ធ្លាក់​មក​ជា​មួយ
10 ម៉ូសេ​ក៏​ឮ​បណ្តា‌ជន​យំ នៅ​គ្រប់​ទាំង​គ្រួសារ​គេ គឺ​គ្រប់​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​របស់​ខ្លួន នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ជា​ខ្លាំង ហើយ​ម៉ូសេ​ក៏​អន់​ចិត្ត​ដែរ
11 រួច​ម៉ូសេ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ទុក្ខ​ដល់​ទូល‌បង្គំ ជា​អ្នក​បម្រើ​ទ្រង់​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​មិន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់ គឺ​ទ្រង់​បាន​ផ្ទុក​មនុស្ស​ទាំង​នេះ​ជា​បន្ទុក​លើ​ទូល‌បង្គំ​វិញ
12 តើ​ទូល‌បង្គំ​ជា​ឪពុក​នៃ​មនុស្ស​ទាំង​នេះ​ឬ តើ​ទូល‌បង្គំ​បាន​បង្កើត​គេ​មក​ឬ​អី បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល ចូរ​បី​គេ ដូច​ជា​មេ‌ដោះ​បី​កូន​ដែល​នៅ​បៅ នាំ​ទៅ​ឯ​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​គេ​ដូច្នេះ
13 តើ​ទូល‌បង្គំ​នឹង​បាន​សាច់​ពី​ណា​មក ឲ្យ​មនុស្ស​ទាំង​នេះ​បរិភោគ​បាន ដ្បិត​គេ​យំ​តាម​ទូល‌បង្គំ​ថា ចូរ​ឲ្យ​សាច់​មក​យើង​បរិភោគ​ផង
14 រូប​ទូល‌បង្គំ​តែ​ម្នាក់​ឯង នឹង​បី​ទ្រ​មនុស្ស​ទាំង​នេះ​មិន​បាន​ទេ ដ្បិត​គេ​ជា​បន្ទុក​ធ្ងន់​ហួស​កម្លាំង​ទូល‌បង្គំ​ហើយ
15 បើ​ទ្រង់​ប្រព្រឹត្ត​នឹង​ទូល‌បង្គំ​យ៉ាង​ដូច្នេះ ហើយ​បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ពិត នោះ​សូម​សម្លាប់​ទូល‌បង្គំ​ទៅ​វិញ​ចុះ ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​នៅ​ឃើញ​សេចក្ដី​វេទនា របស់​ទូល‌បង្គំ​ទៀត។
16 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ប្រមូល​៧០​នាក់​ពី​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល ដែល​ឯង​ដឹង​ថា ជា​ចាស់‌ទុំ​ក្នុង​បណ្តា‌ជន និង​ជា​នាយក​ត្រួត‌ត្រា​លើ​គេ​មែន ឲ្យ​គេ​មក​ឯ​អញ ត្រូវ​នាំ​គេ​មក​ឯ​ត្រសាល​ជំនុំ ឲ្យ​ឈរ​នៅ​ទី​នោះ​ជា​មួយ​នឹង​ឯង
17 អញ​នឹង​ចុះ​មក​និយាយ​នឹង​ឯង ហើយ​និង​ចែក​ព្រះ‌វិញ្ញាណ​ដែល​សណ្ឋិត​លើ​ឯង​ទៅ​ដាក់​លើ​គេ​ផង នោះ​គេ​នឹង​ជួយ​ផ្ទុក​នូវ​បន្ទុក​បណ្តា‌ជន​នេះ​ជា​មួយ​នឹង​ឯង ដើម្បី​កុំ​ឲ្យ​ឯង​ត្រូវ​ផ្ទុក​តែ​ម្នាក់​ឯង​ឡើយ
18 ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​បណ្តា‌ជន​ថា ចូរ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ឲ្យ​ទាន់​នៅ​ថ្ងៃ​ស្អែក នោះ​នឹង​បាន​សាច់​បរិភោគ​ហើយ ដ្បិត​ឯង​រាល់​គ្នា​បាន​យំ​ដាក់​ព្រះ‌កាណ៌​នៃ​ព្រះ‌យេហូវ៉ា​ថា តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិភោគ ដ្បិត​ដែល​យើង​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ នោះ​ស្រួល​ណាស់ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​សាច់​មក ហើយ​ឯង​រាល់​គ្នា​នឹង​បរិភោគ​ផង
19 មិន​មែន​ត្រឹម​តែ​១​ថ្ងៃ ២​ថ្ងៃ ឬ​៥​ថ្ងៃ ១០​ថ្ងៃ ឬ​២០​ថ្ងៃ​ប៉ុណ្ណោះ​ទេ
20 គឺ​ឯង​រាល់​នឹង​បរិភោគ​ពេញ​១​ខែ​វិញ ទាល់​តែ​សាច់​នោះ​ចេញ​តាម​រន្ធ​ច្រមុះ​ឯង​មក ហើយ​ឯង​នឹង​ធុញ‌ទ្រាន់​ចំពោះ​សាច់​នោះ ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​ជិន‌ណាយ​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គង់​កណ្តាល​ពួក​ឯង ហើយ​បាន​យំ​នៅ​ចំពោះ​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ។
21 រួច​ម៉ូសេ​ទូល​សួរ​ថា បណ្តា​មនុស្ស​ដែល​ទូល‌បង្គំ​នៅ​ជា​មួយ​នេះ មាន​ពួក​ថ្មើរ​ជើង​ចំនួន​៦​សែន​នាក់ ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នឹង​ឲ្យ​សាច់​ដល់​គេ​គ្រប់​គ្នា ឲ្យ​បាន​បរិភោគ​ពេញ​១​ខែ​ឬ
22 តើ​ត្រូវ​សម្លាប់​ហ្វូង​សត្វ​ទាំង​ធំ​ទាំង​តូច ឲ្យ​ល្មម​ដល់​គេ​ឬ​អី ឬ​ត្រូវ​ប្រមូល​ត្រី​ក្នុង​សមុទ្រ​ទាំង​អស់​មក ឲ្យ​ល្មម​ដល់​គេ​ដែរ
23 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​នឹង​ម៉ូសេ​ថា តើ​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា​បាន​រួញ​ខ្លី​ឬ​អី ឥឡូវ​នេះ ឯង​នឹង​ឃើញ​ពិត បើ​ពាក្យ​អញ​ថា​នឹង​កើត​មក​ដល់​ឯង​មែន ឬ​មិន​មែន។
24 ម៉ូសេ​ក៏​នាំ​យក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ចេញ​ទៅ​ប្រាប់​ដល់​បណ្តា‌ជន រួច​លោក​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​បណ្តា‌ជន​៧០​នាក់ មក​ដាក់​ឲ្យ​ឈរ​នៅ​ជុំវិញ​ត្រសាល​ជំនុំ
25 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​ក្នុង​ពពក មាន​ព្រះ‌បន្ទូល​នឹង​លោក រួច​ក៏​ចែក​ព្រះ‌វិញ្ញាណ ដែល​សណ្ឋិត​លើ​លោក​ទៅ​ដាក់​លើ​ពួក​ចាស់‌ទុំ​ទាំង​៧០​នាក់​នោះ​ផង កាល​ព្រះ‌វិញ្ញាណ​បាន​សណ្ឋិត​លើ​គេ​ហើយ នោះ​ស្រាប់​តែ​គេ​ទាយ​ទំនាយ​ម្តង តែ​មិន​បាន​ទាយ​ត​ទៅ​មុខ​ទៀត​ទេ។
26 រីឯ​មាន​ពួក​គេ​២​នាក់ រារង់​នៅ​ឯ​ទី​ដំឡើង​ត្រសាល ១​ឈ្មោះ​អែលដាត ១​ទៀត​ឈ្មោះ​មីដាត ជា​ពួក​អ្នក​ដែល​ចុះ​ឈ្មោះ​រួច​ហើយ តែ​មិន​បាន​ចេញ​ទៅ​ឯ​រោង​ឧបោសថ​ទេ ព្រះ‌វិញ្ញាណ​ក៏​សណ្ឋិត​លើ​គេ​ដែរ ហើយ​គេ​ទាយ​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល
27 នោះ​មាន​មនុស្ស​កំលោះ​ម្នាក់​រត់​ទៅ​ជម្រាប​ម៉ូសេ​ពី​រឿង​នោះ​ថា អែលដាត និង​មីដាត គេ​កំពុង​តែ​ទាយ​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល
28 រួច​យ៉ូស្វេ ជា​កូន​នុន ដែល​ជា​អ្នក​ជំនិត​របស់​ម៉ូសេ តាំង​ពី​កំលោះ​មក​ក៏​និយាយ​ថា លោក​ម្ចាស់​ខ្ញុំ​អើយ សូម​ហាម​គេ​ទៅ
29 តែ​ម៉ូសេ​ឆ្លើយ​ថា តើ​ឯង​ច្រណែន​ជំនួស​អញ​ឬ​អី អញ​សុខ​ចិត្ត​ឲ្យ​បណ្តា‌ជន​ទាំង‌ឡាយ​របស់​ព្រះ‌យេហូវ៉ា​ចេះ​ទាយ​ដែរ ហើយ​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ដាក់​ព្រះ‌វិញ្ញាណ​ទ្រង់​លើ​គេ​គ្រប់​គ្នា​ចុះ
30 នោះ​ម៉ូសេ ព្រម​ទាំង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ដំឡើង​ត្រសាល​វិញ។
31 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​នាំ​សុទ្ធ​តែ​សត្វ​ក្រួច​ពី​សមុទ្រ​មក ឲ្យ​រាច​ចេញ​នៅ​គ្រប់​ជុំវិញ​ទី​ដំឡើង​ត្រសាល មាន​ចម្ងាយ​ដើរ​១​ថ្ងៃ​ខាង​ណេះ ហើយ​១​ថ្ងៃ​ខាង​ណោះ នៅ​ព័ទ្ធ​ជុំវិញ ហើយ​កំពស់​ពី​ដី​ឡើង ប្រហែល​ជា​២​ហត្ថ
32 ឯ​បណ្តា‌ជន​ទាំង‌ឡាយ គេ​ក៏​ក្រោក​ឡើង ឈរ​ចាប់​ក្រួច​ពេញ​១​ថ្ងៃ​១​យប់​នោះ ហើយ​១​ថ្ងៃ​ស្អែក​ទៀត អ្នក​ណា​ដែល​ចាប់​បាន​តិច​ជាង​គេ នោះ​បាន​ដល់​១០​ហាប រួច​គេ​ហាល​សាច់​សត្វ​ទាំង​នោះ នៅ​គ្រប់​ជុំវិញ​ទី​ដំឡើង​ត្រសាល​ទុក​សម្រាប់​ខ្លួន​គេ
33 តែ​កាល​សាច់​នោះ​កំពុង​តម្កល់​នៅ​នា​ធ្មេញ មិន​ទាន់​ទំពារ​នៅ​ឡើយ នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា ក៏​ឆួល​ក្តៅ​ឡើង​ទាស់​នឹង​គេ ហើយ​ទ្រង់​វាយ​បណ្តា‌ជន​ទាំង‌ឡាយ ដោយ​សេចក្ដី​វេទនា​យ៉ាង​ធំ
34 ឯ​ឈ្មោះ​កន្លែង​នោះ​គេ​ក៏​ហៅ​ថា គីប្រុត​ហាតាវ៉ា ពី​ព្រោះ​នៅ​ទី​នោះ គេ​បាន​កប់​ខ្មោច​នៃ​ពួក​អ្នក​ដែល​នឹក​ប៉ង‌ប្រាថ្នា​នោះ
35 រួច​បណ្តា‌ជន​គេ​ធ្វើ​ដំណើរ​ពី​គីប្រុត-ហាតាវ៉ា ទៅ​ដល់​ហាសិរ៉ូត ហើយ​ក៏​ឈប់​នៅ​ត្រង់​ហាសិរ៉ូត​នោះ។