ជនគណនា
ជំពូក 28
ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នៅវេលាកំណត់ នោះត្រូវឲ្យឯងរាល់គ្នានឹកចាំនឹងថ្វាយតង្វាយដល់អញ គឺជាអាហាររបស់អញ ដែលសម្រាប់ដុត ទុកជាក្លិនឈ្ងុយដល់អញ។
3 ត្រូវឲ្យឯងប្រាប់គេទៀតថា នេះជាតង្វាយដុតដែលឯងរាល់គ្នាថ្វាយដល់ព្រះយេហូវ៉ា គឺរាល់តែថ្ងៃត្រូវថ្វាយចៀមឈ្មោល២ឥតខ្ចោះ អាយុ១ខួប ទុកជាតង្វាយដុតជានិច្ច
4 ឯកូនចៀម១ ត្រូវថ្វាយនៅពេលព្រឹក ហើយ១ទៀតនៅពេលល្ងាច
5 ព្រមទាំងម្សៅយ៉ាងម៉ដ្ត១ខ្ញឹង លាយដោយប្រេងយ៉ាងសំរាំង២កំប៉ុង ទុកជាតង្វាយម្សៅ
6 នេះជាតង្វាយដុតជានិច្ច ដែលបានចាប់តាំងថ្វាយនៅភ្នំស៊ីណាយ ទុកជាតង្វាយដុត សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
7 ហើយត្រូវថ្វាយតង្វាយច្រួចផង គឺជា២កំប៉ុងសម្រាប់កូនចៀម១ ត្រូវច្រួចថ្វាយជាស្រាទំពាំងបាយជូរសុទ្ធដល់ព្រះយេហូវ៉ានៅក្នុងទីបរិសុទ្ធ
8 ឯកូនចៀម១ទៀត នោះត្រូវថ្វាយនៅពេលល្ងាច ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួច ដូចជានៅពេលព្រឹកដែរ ទុកជាតង្វាយដុត សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
9 នៅថ្ងៃឈប់សម្រាក ត្រូវថ្វាយកូនចៀមឈ្មោល២ឥតខ្ចោះ អាយុ១ខួប ព្រមទាំងតង្វាយម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយដោយប្រេង និងតង្វាយច្រួចផង
10 នេះជាតង្វាយដុត ដែលត្រូវថ្វាយរាល់តែថ្ងៃឈប់សម្រាក លើសពីតង្វាយដុតដែលតែងតែថ្វាយជានិច្ច ព្រមទាំងតង្វាយច្រួចនោះផង។
11 ហើយនៅរាល់តែថ្ងៃដើមខែ នោះត្រូវឲ្យឯងថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ាដែរ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ កូនចៀមឈ្មោល៧ឥតខ្ចោះអាយុ១ខួប
12 ព្រមទាំងម្សៅយ៉ាងម៉ដ្ត៣ខ្ញឹង លាយដោយប្រេង ទុកជាតង្វាយម្សៅ ដែលថ្វាយជាមួយនឹងគោ១ ហើយម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយដោយប្រេង ទុកជាតង្វាយម្សៅ ដែលថ្វាយជាមួយនឹងចៀមឈ្មោល១
13 ហើយម្សៅយ៉ាងម៉ដ្ត១ខ្ញឹង លាយដោយប្រេង ទុកជាតង្វាយម្សៅដែលថ្វាយជាមួយនឹងកូនចៀម១ នេះជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
14 ហើយនិងតង្វាយច្រួចផង គឺជាស្រាទំពាំងបាយជូរ៤កំប៉ុង សម្រាប់គោ១ និង៣កំប៉ុងសម្រាប់ចៀមឈ្មោល១ ហើយ២កំប៉ុងសម្រាប់កូនចៀម១ នេះជាតង្វាយដែលត្រូវដុតថ្វាយ រាល់តែខែក្នុងឆ្នាំជានិច្ច
15 ហើយត្រូវថ្វាយពពែឈ្មោល១ដល់ព្រះយេហូវ៉ាទុកជាតង្វាយលោះបាប លើសពីតង្វាយ ដែលតែងដុតថ្វាយជានិច្ច និងតង្វាយច្រួចនោះផង។
16 លុះដល់១៤ខែចេត្រ នោះគឺជាថ្ងៃបុណ្យរំលងផងព្រះយេហូវ៉ា
17 ដល់ថ្ងៃ១៥ក្នុងខែនោះជាថ្ងៃបុណ្យដែរ ត្រូវឲ្យបរិភោគនំបុ័ងឥតដំបែរអស់៧ថ្ងៃ
18 នៅថ្ងៃដំបូងនោះត្រូវប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យឯងរាល់គ្នាធ្វើការរកស៊ីអ្វីឲ្យសោះ
19 ត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ាវិញ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ កូនចៀមឈ្មោល៧អាយុ១ខួប សុទ្ធតែជាសត្វឥតមានខ្ចោះ
20 ព្រមទាំងតង្វាយម្សៅផង គឺជាម្សៅយ៉ាងម៉ដ្ត៣ខ្ញឹង លាយដោយប្រេង សម្រាប់គោ១ ហើយ២ខ្ញឹង សម្រាប់ចៀមឈ្មោល១
21 និង១ខ្ញឹងសម្រាប់កូនចៀមមួយៗក្នុងកូនចៀមទាំង៧នោះ
22 ហើយពពែឈ្មោល១សម្រាប់ជាតង្វាយលោះបាប ដើម្បីនឹងថ្វាយឲ្យធួននឹងឯងរាល់គ្នា
23 ត្រូវឲ្យឯងរាល់គ្នាថ្វាយតង្វាយទាំងនេះ ឲ្យលើសពីតង្វាយដុតពេលព្រឹក ជាតង្វាយដែលតែងថ្វាយជានិច្ច
24 គឺយ៉ាងនោះដែលត្រូវថ្វាយព្រះស្ងោយ ដែលជាតង្វាយដុតរាល់តែថ្ងៃក្នុង៧ថ្ងៃនោះ ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា នេះត្រូវថ្វាយឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច ហើយនិងតង្វាយច្រួចនោះផង
25 លុះដល់ថ្ងៃទី៧ នោះត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ។
26 មួយទៀត នៅថ្ងៃបុណ្យផលដំបូង កាលណាឯងរាល់គ្នាថ្វាយតង្វាយម្សៅថ្មីដល់ព្រះយេហូវ៉ា ក្នុងវេលាបុណ្យអាទិត្យទី៧ នោះត្រូវឲ្យប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ
27 ត្រូវឲ្យថ្វាយតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាវិញ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ និងកូនចៀមឈ្មោល៧ អាយុ១ខួប
28 ព្រមទាំងតង្វាយម្សៅផង គឺម្សៅយ៉ាងម៉ដ្ត៣ខ្ញឹងលាយដោយប្រេង សម្រាប់គោឈ្មោល១ ២ខ្ញឹងសម្រាប់ចៀមឈ្មោល១
29 និង១ខ្ញឹងសម្រាប់កូនចៀមមួយៗក្នុងកូនចៀមទាំង៧នោះ
30 ហើយពពែឈ្មោល១ សម្រាប់ឲ្យធួននឹងឯងរាល់គ្នា
31 ត្រូវឲ្យថ្វាយតង្វាយទាំងនេះឲ្យលើសពីតង្វាយដុតដែលតែងថ្វាយជានិច្ច ហើយនិងតង្វាយម្សៅ និងតង្វាយច្រួចនោះផង សត្វទាំងនោះត្រូវតែបានឥតខ្ចោះទាំងអស់។