អេសាយ
ជំពូក 62
ដោយយល់ដល់ក្រុងស៊ីយ៉ូន នោះអញមិនព្រមអត់ធ្មត់ទេ ហើយដោយយល់ដល់ក្រុងយេរូសាឡឹម នោះអញមិនព្រមបង្អង់ឡើយ ទាល់តែសេចក្ដីសុចរិតរបស់ក្រុងនោះបានភ្លឺចេញមក ដូចជារស្មីនៃពន្លឺ ហើយសេចក្ដីសង្គ្រោះរបស់គេបានដូចជាចង្កៀងដែលឆេះ
2 នោះអស់ទាំងសាសន៍នឹងឃើញសេចក្ដីសុចរិតរបស់ឯង ហើយស្ដេចទាំងឡាយនឹងឃើញសិរីល្អរបស់ឯងដែរ ឯងនឹងមានឈ្មោះថ្មី ជាឈ្មោះដែលព្រះឱស្ឋនៃព្រះយេហូវ៉ានឹងសម្រេចឲ្យ
3 ឯងនឹងជាមកុដដ៏រុងរឿងនៅព្រះហស្តនៃព្រះយេហូវ៉ា ហើយជាព្រះមាលារាជ្យនៅព្រះហស្តរបស់ព្រះនៃឯង
4 ឯងមិនត្រូវគេហៅថា ទីក្រុងចោលបង់ ហើយដីឯងក៏មិនត្រូវហៅថា ទីស្ងាត់ជ្រងំទៀតឡើយ គឺឯងនឹងត្រូវហៅថា «ទីស្រឡាញ់» ហើយដីរបស់ឯងថាជាអ្នកមានប្ដីវិញ ពីព្រោះព្រះយេហូវ៉ាទ្រង់មានសេចក្ដីរីករាយចំពោះឯង ហើយដីឯងនឹងបានរៀបការ
5 ដ្បិតដែលមនុស្សកំលោះយកស្រីក្រមុំធ្វើជាប្រពន្ធយ៉ាងណា នោះពួកកូនប្រុសៗរបស់ឯងនឹងមករួមនឹងឯងយ៉ាងនោះដែរ ហើយដែលប្ដីថ្មោងថ្មីមានចិត្តរីករាយចំពោះប្រពន្ធយ៉ាងណា នោះព្រះនៃឯងនឹងមានសេចក្ដីរីករាយចំពោះឯងយ៉ាងនោះដែរ។
6 ឱក្រុងយេរូសាឡឹមអើយ អញបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ ឬថ្ងៃផង ឯងរាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំឲ្យនៅស្ងៀមឡើយ
7 ហើយកុំឲ្យទ្រង់នៅទំនេរឲ្យសោះ ដរាបដល់ទ្រង់បានតាំងក្រុងយេរូសាឡឹមឡើង ឲ្យជាទីសរសើរនៅលើផែនដី
8 ព្រះយេហូវ៉ាទ្រង់បានស្បថដោយព្រះហស្តស្តាំទ្រង់ ហើយដោយព្រះពាហុដ៏មានឥទ្ធិឫទ្ធិរបស់ទ្រង់ថា ពិតប្រាកដជាអញនឹងមិនឲ្យស្រូវរបស់ឯងទៅធ្វើជាអាហារដល់ពួកខ្មាំងសត្រូវឯងទៀត ហើយពួកសាសន៍ដទៃនឹងមិនផឹកទឹកទំពាំងបាយជូរដែលឯងបានខំធ្វើទៀតឡើយ
9 គឺពួកអ្នកដែលបានច្រូតផលនោះនឹងស៊ីវិញ ហើយគេនឹងសរសើរដល់ព្រះយេហូវ៉ា ឯពួកអ្នកដែលបានប្រមូលផ្លែនោះ គេនឹងផឹកនៅក្នុងទីលាននៃទីបរិសុទ្ធរបស់អញ។
10 ចូរចូលទៅ ចូរចូលទៅតាមទ្វារចុះ ចូររៀបផ្លូវសម្រាប់ប្រជាជន ចូរលើក ចូរលើកថ្នល់ឡើង ចូរប្រមូលយកថ្មចេញ ហើយបង្ហូតទង់ជ័យ១សម្រាប់សាសន៍ទាំងឡាយ
11 មើល ព្រះយេហូវ៉ាទ្រង់បានប្រកាសប្រាប់រហូតដល់ចុងផែនដីបំផុត ឲ្យប្រាប់ដល់កូនស្រីស៊ីយ៉ូនថា មើលសេចក្ដីសង្គ្រោះរបស់ឯងបានមកដល់ហើយ មើល ទ្រង់យករង្វាន់មកជាមួយ ហើយសំណងរបស់ទ្រង់ក៏នាំមុខទៅ
12 គេនឹងហៅពួកនោះថា ជាសាសន៍បរិសុទ្ធ គឺជាពួកដែលព្រះយេហូវ៉ាទ្រង់ប្រោសលោះ នោះឯងនឹងបានហៅថា ទីក្រុងដែលគេស្វែងរក ជាទីក្រុងដែលមិនត្រូវបង់ចោលឡើយ។