អេសាយ
ជំពូក 25
ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកតម្កើងទ្រង់ឡើង ទូលបង្គំនឹងសរសើរដល់ព្រះនាមទ្រង់ ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ គឺជាការដែលបានគិតសម្រេចនឹងធ្វើតាំងពីបុរាណមក ដោយសេចក្ដីស្មោះត្រង់ពិតប្រាកដ
2 ដ្បិតទ្រង់បានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម ឲ្យទីក្រុងមានបន្ទាយទៅជាធារបំណែក ឲ្យទីមាំមួនរបស់សាសន៍ដទៃបានលែងធ្វើជាទីក្រុងរៀងតទៅ ហើយឥតមានអ្នកណាសង់ឡើងវិញឡើយ
3 ហេតុនោះនឹងមានសាសន៍១ដែលមានកម្លាំងខ្លាំង គេនឹងសរសើរតម្កើងទ្រង់ ទីក្រុងរបស់នគរគួរស្ញែងខ្លាចទាំងប៉ុន្មាន គេនឹងភ័យញ័រចំពោះទ្រង់
4 ដ្បិតទ្រង់បានធ្វើជាទីមាំមួនដល់មនុស្សកំសត់ទុគ៌ត ក្នុងគ្រាដែលមានទុក្ខលំបាក ជាទីជ្រកកោនឲ្យរួចពីព្យុះសង្ឃរាជាម្លប់បាំងកំដៅ ក្នុងកាលដែលខ្យល់គំហុករបស់ពួកគួរស្ញែងខ្លាច បានដូចជាមានព្យុះបក់ប៉ះនឹងជញ្ជាំង
5 ទ្រង់នឹងបន្ទាបសូររបស់ពួកសាសន៍ដទៃនោះ ដូចជាចំហាយក្តៅនៅកន្លែងហួតហែង ហើយដូចជាកំដៅបានអន់ថយដោយសារម្លប់ពពក នោះបទច្រៀងជ័យរបស់ពួកគួរស្ញែងខ្លាចនឹងត្រូវអន់ទៅដូច្នោះដែរ។
6 នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសយ៉ាងវិសេស និងស្រាទំពាំងបាយជូរសំរាំង ជាម្ហូបយ៉ាងវិសេសដោយខួរឆ្អឹងជោក ហើយនិងស្រាទំពាំងបាយជូរសំរាំងយ៉ាងល្អ
7 នៅលើភ្នំនេះ ទ្រង់នឹងបំផ្លាញស្បៃដែលបាំងមុខគ្រប់ទាំងសាសន៍ ព្រមទាំងគំរបដែលគ្របលើសាសន៍ទាំងប៉ុន្មានផង
8 ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់ ហើយទ្រង់នឹងដកសេចក្ដីត្មះតិះដៀលចំពោះរាស្ត្រទ្រង់ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលដូច្នេះហើយ។
9 នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់
10 ដ្បិតព្រះហស្តនៃព្រះយេហូវ៉ានឹងសណ្ឋិតនៅលើភ្នំនេះ ឯសាសន៍ម៉ូអាប់នឹងត្រូវជាន់ឈ្លីនៅក្នុងស្រុករបស់គេ ដូចជាចំបើងដែលត្រូវជាន់ឈ្លីនៅគំនរអាចម៍ដែរ
11 ហើយគេនឹងកាងដៃនៅកណ្តាលស្រុកគេ ដូចជាអ្នកដែលកាងដៃហែលទឹក ប៉ុន្តែ ទ្រង់នឹងបន្ទាបសេចក្ដីអំនួតរបស់គេ ព្រមទាំងកលឧបាយរបស់ដៃគេដែរ
12 ឯបន្ទាយយ៉ាងខ្ពស់នៅលើកំផែងឯង នោះទ្រង់បានរំលំចុះមកដល់ដីវិញ គឺនៅក្នុងធូលីដីផង។