អេសាយ
ជំពូក 39
នៅគ្រានោះ ម្រដាក់-បាឡាដាន ជាបុត្រនៃបាឡាដាន ស្តេចស្រុកបាប៊ីឡូន ក៏ផ្ញើសំបុត្រ និងតង្វាយមកថ្វាយហេសេគា ដោយឮថា ទ្រង់បានប្រឈួន ហើយបានជាវិញ
2 ហេសេគាទ្រង់ក៏មានសេចក្ដីអំណរនឹងគេ ហើយទ្រង់បង្ហាញឃ្លាំងនៃព្រះរាជទ្រព្យទាំងប៉ុន្មាន គឺជាមាស ប្រាក់ គ្រឿងក្រអូប និងប្រេងវិសេស ហើយឃ្លាំងគ្រឿងសស្ត្រាវុធរបស់ទ្រង់ទាំងអស់ និងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំងទ្រង់ គ្មានអ្វីនៅក្នុងព្រះរាជវាំង ឬនៅក្រោមអំណាចទ្រង់ ដែលហេសេគាមិនបានបង្ហាញដល់គេនោះឡើយ
3 នោះហោរាអេសាយលោកមកគាល់ស្តេចហេសេគា ទូលសួរថា អ្នកទាំងនោះបាននិយាយអ្វីខ្លះ គេមកពីណាដែលមកគាល់ទ្រង់នេះ ហេសេគាទ្រង់តបថា គេមកពីប្រទេសឆ្ងាយណាស់ គឺពីស្រុកបាប៊ីឡូន
4 រួចលោកទូលសួរទៀតថា គេបានឃើញអ្វីខ្លះនៅក្នុងព្រះរាជវាំង ហេសេគាឆ្លើយថា គេបានឃើញរបស់ទាំងអស់ដែលនៅក្នុងដំណាក់យើងហើយ ក្នុងព្រះរាជទ្រព្យយើងទាំងប៉ុន្មាន គ្មានអ្វីដែលយើងមិនបានបង្ហាញដល់គេនោះឡើយ
5 ដូច្នេះ អេសាយលោកទូលដល់ហេសេគាថា សូមស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារសិន
6 មើល នឹងមានគ្រាមកដល់ ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យនៅក្នុងព្រះរាជវាំង និងរបស់ទាំងប៉ុន្មានដែលពួកអយ្យកោទ្រង់បានសន្សំទុក ដរាបដល់សព្វថ្ងៃនេះ នាំទៅឯក្រុងបាប៊ីឡូន ឥតទុកឲ្យមានសល់អ្វីឡើយ នេះឯងជាព្រះបន្ទូលនៃព្រះយេហូវ៉ា
7 ឯពួកបុត្រាទាំងប៉ុន្មានដែលនឹងកើតពីទ្រង់មក នោះគេនឹងដឹកនាំទៅ ឲ្យធ្វើជាមនុស្សកំរៀវនៅក្នុងដំណាក់នៃស្តេចស្រុកបាប៊ីឡូន
8 ហេសេគាទ្រង់មានព្រះបន្ទូលទៅអេសាយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានថានោះក៏ល្អហើយ ទ្រង់ក៏មានព្រះបន្ទូលទៀតថា គឺពីព្រោះនៅក្នុងជីវិតយើង នោះនឹងមានសេចក្ដីសន្តិសុខ ហើយនិងសេចក្ដីពិតវិញ។