អេសាយ
ជំពូក 46
ព្រះបាលឱនចុះហើយ ព្រះនេបូរក៏កោងចុះដែរ គេផ្ទុករូបព្រះនោះលើសត្វពាហនៈ និងលើគោ របស់ទាំងនោះដែលឯងដឹកទៅមក ជាបន្ទុកសង្កត់យ៉ាងធ្ងន់លើសត្វនឿយហត់
2 វាឱនចុះ ក៏កោងចុះហើយ វាជួយបន្ទុករបស់វាឲ្យរួចពុំបាន គឺទាំងខ្លួនវាក៏ត្រូវចាប់នាំទៅជាឈ្លើយដែរ។
3 ឱពួកវង្សារបស់យ៉ាកុបអើយ និងអ្នករាល់គ្នាជាសំណល់នៃវង្សាអ៊ីស្រាអែលដែរ ជាពួកដែលអញបានទទួលជាបន្ទុកតាំងពីកំណើតឯង ហើយបានបីឯងតាំងពីផ្ទៃម្តាយមក ចូរស្តាប់អញចុះ
4 គឺអញនេះពិត រហូតដល់ឯងចាស់ជរាផង អញនឹងបីឯង ដរាបដល់ឯងមានសក់ស គឺអញបានបង្កើត ហើយអញនឹងទទួលឯងជាបន្ទុក អើ អញនឹងបី ហើយនិងជួយឯងឲ្យរួចផង
5 តើឯងរាល់គ្នានឹងធៀបអញដូចជាអ្នកណា និងផ្ទឹមអញឲ្យស្មើនឹងអ្នកណា ឬប្រៀបអញឲ្យបានដូចជាអ្នកណា
6 ឯពួកអ្នកដែលចាយមាសពីថង់ដោយឥតស្តាយ ហើយថ្លឹងប្រាក់ដោយជញ្ជីង គេជួលជាងមាស ជាងនោះក៏ធ្វើជាព្រះ១ឲ្យគេ រួចគេទម្លាក់ខ្លួនក្រាបចុះ ថ្វាយបង្គំចំពោះរូបនោះ
7 គេលីយករូបនោះទៅតម្កល់ទុកនៅទីកន្លែង ហើយរូបនោះក៏ឈរនៅ ឥតឃ្លាតចេញទៅឯណាឡើយ អើ ទោះបើអ្នកណាអំពាវនាវដល់រូបនោះ គង់តែមិនចេះតបឆ្លើយ ឬជួយសង្គ្រោះឲ្យរួចពីសេចក្ដីទុក្ខវេទនាទៅបានឡើយ។
8 ចូរនឹកចាំពីសេចក្ដីនេះ ហើយសម្ដែងខ្លួនជាបុរសចុះ ម្នាលពួកសៃយសាសន៍អើយ ចូរនឹកពីសេចក្ដីនេះនៅក្នុងចិត្តឯងឡើងវិញ
9 ចូរនឹកចាំពីការដែលកន្លងទៅហើយ តាំងពីបុរាណ ដ្បិតអញនេះហើយជាព្រះ ឥតមានណាទៀតឡើយ អញជាព្រះ ហើយគ្មានអ្នកណាដូចអញសោះ
10 តាំងតែពីដើមដំបូង អញរមែងសម្ដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុត ហើយតាំងពីចាស់បុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិតសម្រេចរបស់អញនឹងស្ថិតស្ថេរនៅ អញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការ
11 អញបានហៅឥន្ទ្រី១មកពីទិសខាងកើត ជាមនុស្សដែលនឹងសម្រេចតាមគំនិតរបស់អញ ឲ្យមកពីស្រុកឆ្ងាយ អើ អញបានចេញវាចាហើយ អញនឹងធ្វើឲ្យការនោះកើតឡើងផង អញបានគិតសម្រេចស្រេចហើយ អញនឹងធ្វើការនោះឯង។
12 ឱពួកអ្នកមានចិត្តរឹង ដែលឃ្លាតឆ្ងាយពីសេចក្ដីសុចរិតអើយ ចូរស្តាប់អញចុះ
13 អញនាំសេចក្ដីសុចរិតរបស់អញមកជិត សេចក្ដីនោះនឹងមិននៅឆ្ងាយឡើយ ឯសេចក្ដីសង្គ្រោះរបស់អញក៏មិនបង្អង់ដែរ អញនឹងតាំងសេចក្ដីសង្គ្រោះរបស់អញនៅក្រុងស៊ីយ៉ូន សម្រាប់ពួកអ៊ីស្រាអែលដែលជាសិរីល្អរបស់អញ។