អេសាយ
ជំពូក 56
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូររក្សាសេចក្ដីយុត្តិធម៌ ហើយប្រព្រឹត្តតាមសេចក្ដីសុចរិតចុះ ពីព្រោះសេចក្ដីសង្គ្រោះរបស់អញបានមកជិតដល់ហើយ ឯសេចក្ដីសុចរិតរបស់អញ ក៏រៀបនឹងសម្ដែងឲ្យឃើញដែរ
2 មានពរហើយ មនុស្សណាដែលប្រព្រឹត្តយ៉ាងនោះ ព្រមទាំងកូនមនុស្សណាដែលកាន់សេចក្ដីនេះឲ្យខ្ជាប់ខ្ជួនផង គឺជាអ្នកដែលថែរក្សាថ្ងៃឈប់សម្រាកឥតបង្អាប់ ហើយរក្សាដៃមិនឲ្យធ្វើការអាក្រក់ណាឡើយ
3 ឯសាសន៍ដទៃណាដែលបានភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាហើយ នោះមិនត្រូវឲ្យពោលថា ក្រែងព្រះយេហូវ៉ាទ្រង់នឹងញែកខ្ញុំចេញពីរាស្ត្រទ្រង់ទៅ នោះឡើយ ក៏មិនត្រូវឲ្យមនុស្សកំរៀវពោលថា មើល ខ្ញុំនេះជាដើមឈើហួតហែងទេ នោះដែរ
4 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីពួកកំរៀវ ដែលរក្សាថ្ងៃឈប់សម្រាកទាំងប៉ុន្មាន ក៏រើសយកអ្វីៗដែលគាប់ចិត្តអញ ព្រមទាំងកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញថា
5 អញនឹងឲ្យគេមានទីកន្លែង១នៅក្នុងវិហារអញ ហើយឲ្យមានឈ្មោះឆ្លាក់នៅជញ្ជាំងខាងក្នុង ដែលវិសេសជាងកូនប្រុសកូនស្រីទៅទៀត អញនឹងឲ្យគេមានឈ្មោះដ៏នៅអស់កល្បជានិច្ច ជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយ។
6 ឯពួកសាសន៍ដទៃដែលភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាដើម្បីធ្វើការងារទ្រង់ ហើយនិងស្រឡាញ់ព្រះនាមនៃព្រះយេហូវ៉ា ព្រមទាំងធ្វើជាអ្នកបម្រើទ្រង់ គឺគ្រប់អស់អ្នកណាដែលរក្សាថ្ងៃឈប់សម្រាកឥតបង្អាប់ឡើយ ហើយកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញ
7 នោះអញនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់អញ ហើយឲ្យគេបានអរសប្បាយនៅក្នុងដំណាក់របស់អញ ដែលសម្រាប់ជាទីអធិស្ឋាន អញនឹងទទួលអស់ទាំងតង្វាយដុត និងយញ្ញបូជារបស់គេ នៅលើអាសនៈ ដ្បិតដំណាក់អញនឹងបានហៅជាទីអធិស្ឋានសម្រាប់គ្រប់ទាំងសាសន៍
8 ព្រះអម្ចាស់យេហូវ៉ា ជាព្រះដែលប្រមូលអស់អ្នក ដែលត្រូវបំបរបង់ ក្នុងសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា អញនឹងប្រមូលមនុស្សដទៃមកជាមួយដែរ គឺជាពួកអ្នកក្រៅពីពួកអ៊ីស្រាអែលដែលបានប្រមូលហើយ។
9 នែ អស់ទាំងសត្វនៅវាល ហើយសត្វនៅព្រៃទាំងប៉ុន្មានអើយ ចូរមកហែកស៊ីចុះ
10 ពួកយាមល្បាតរបស់គេសុទ្ធតែខ្វាក់ភ្នែក គេគ្មានតម្រិះគ្រប់គ្នា គេសុទ្ធតែជាឆ្កែគ ព្រុសមិនកើត គេតែងតែស្រមៃឃើញ គេចេះតែដេក ហើយចូលចិត្តតែលក់ទៅ
11 អើ គេជាពួកឆ្កែសាហាវដែលមិនចេះឆ្អែតឆ្អន់ឡើយ ជាពួកគង្វាលដែលមិនចេះយល់សោះ គេបានបែរទៅតាមផ្លូវរបស់គេរៀងខ្លួន គឺឲ្យបានកម្រៃរបស់ខ្លួនគេទាំងអស់គ្នា
12 គេថា អញ្ជើញមកខ្ញុំនឹងរកស្រាទំពាំងបាយជូរ យើងនឹងផឹកគ្រឿងស្រវឹងទាល់តែឆ្អែត ហើយថ្ងៃស្អែកនឹងបានដូចជាថ្ងៃនេះដែរ គឺជាថ្ងៃមានបរិបូរលើសលុបផង។