អេសាយ
ជំពូក 24
មើល ព្រះយេហូវ៉ាទ្រង់ធ្វើផែនដីនៅទទេសោះ ហើយឲ្យស្ងាត់សូន្យ ក៏ធ្វើឲ្យត្រឡប់ត្រឡិន ព្រមទាំងកម្ចាត់កម្ចាយអស់ពួកអ្នកដែលនៅផែនដីផង
2 នៅគ្រានោះ ពួកសង្ឃនឹងរងទុក្ខដូចជាមនុស្សធម្មតា ចៅហ្វាយប្រុសនឹងរងទុក្ខដូចជាបាវប្រុស ចៅហ្វាយស្រីនឹងរងទុក្ខដូចជាបាវស្រី អ្នកលក់ដូរនឹងរងទុក្ខដូចជាអ្នកទិញ ម្ចាស់បំណុលនឹងរងទុក្ខដូចជាកូនបំណុល ហើយអ្នកដែលឲ្យខ្ចីយកការនឹងរងទុក្ខដូចជាអ្នកដែលឲ្យការស្មើគ្នាទាំងអស់
3 ផែនដីនឹងត្រូវផ្ទីងឲ្យនៅទទេធេង ហើយស្ងាត់សូន្យឈឹង ពីព្រោះព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលដូច្នេះហើយ
4 ផែនដីកំពុងតែសោយសោក ហើយស្វិតក្រៀមទៅ ឯលោកីយ៍ក៏កំពុងតែរោយរៀវ ហើយស្វិតក្រៀមដែរ ពួកអ្នកជាន់ខ្ពស់នៅផែនដីគេរោយរៀវទៅ
5 ផែនដីត្រូវស្មោកគ្រោកដោយសារពួកអ្នកដែលអាស្រ័យនៅ ពីព្រោះគេបានរំលងអស់ទាំងក្រឹត្យក្រម គេបានធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន ហើយផ្តាច់សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ចចេញ
6 ហេតុដូច្នោះបានជាសេចក្ដីបណ្តាសាបានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ
7 ទឹកទំពាំងបាយជូរកំពុងតែសោយសោក ហើយដើមទំពាំងបាយជូរក៏ស្វិតក្រៀមដែរ ឯអស់អ្នកដែលមានចិត្តរីករាយ គេដកដង្ហើមធំវិញ
8 ការសប្បាយដោយវាយក្រាប់បានបាត់ឈឹង សំឡេងរបស់ពួកអ្នកដែលកំពុងតែរីករាយក៏ផុត ហើយសេចក្ដីអំណរដោយដេញស៊ុងក៏អស់ទៅ
9 គេនឹងមិនផឹកស្រាទំពាំងបាយជូរទាំងច្រៀងទៀតឡើយ ឯគ្រឿងស្រវឹង នឹងទៅជាល្វីង ដល់អស់អ្នកដែលធ្លាប់ផឹក
10 ទីក្រុងដែលចោលស្ងាត់នឹងត្រូវរំលំរំលាង គ្រប់ទាំងផ្ទះបានបិទទ្វារ មិនឲ្យមានអ្នកណាចូលឡើយ
11 នៅតាមផ្លូវមានឮសំឡេងគេស្រែករកស្រាទំពាំងបាយជូរ សេចក្ដីអំណរទាំងអស់បានងងឹតទៅ ហើយសេចក្ដីរីករាយនៅក្នុងស្រុកក៏បាត់អស់ដែរ
12 នៅក្នុងទីក្រុងសុទ្ធតែស្ងាត់ឈឹងទទេ ហើយទ្វារក្រុងក៏ត្រូវវាយបំបាក់ចុះ
13 ដ្បិតនៅក្នុងបណ្តាសាសន៍ដែលនៅកណ្តាលផែនដីនឹងត្រូវបានដូច្នោះ ដូចជាការអង្រួនដើមអូលីវ ហើយដូចការបេះសន្សំផ្លែទំពាំងបាយជូរ ក្រោយដែលបេះរួចពីជាន់ដើមជាស្រេចហើយ។
14 ពួកអ្នកទាំងនេះនឹងបន្លឺឡើង ហើយស្រែកដោយអំណរ គេនឹងស្រែកឡើងជាខ្លាំងពីខាងសមុទ្រ ដោយព្រោះឫទ្ធានុភាពនៃព្រះយេហូវ៉ា
15 ដូច្នេះ ចូរលើកតម្កើងព្រះយេហូវ៉ានៅទិសខាងកើតដែរ គឺលើកព្រះនាមព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល នៅស្រុកក្បែរសមុទ្រ
16 យើងបានឮបទចម្រៀងមកពីចុងផែនដីបំផុតថា សិរីសួស្តីចូរមានដល់ព្រះដ៏សុចរិត តែខ្ញុំបាននិយាយថា ខ្ញុំកំពុងតែរីងរៃទៅ វរហើយខ្ញុំៗកំពុងតែរីងរៃទៅ ពួកមនុស្សឧបាយគេបានប្រព្រឹត្តដោយកិច្ចកលរបស់គេ អើ ពួកមនុស្សឧបាយគេបានប្រព្រឹត្តដោយកិច្ចកលជាខ្លាំង
17 ឱមនុស្សនៅផែនដីអើយ សេចក្ដីតក់ស្លុត រណ្តៅ និងអន្ទាក់គ្របលើឯងហើយ
18 ដូច្នេះ អ្នកណាដែលរត់ពីសូរដែលនាំឲ្យតក់ស្លុត នោះនឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នោះនឹងជាប់អន្ទាក់វិញ ពីព្រោះបង្អួចនៅស្ថានលើបានបើកចំហហើយ ឯឫសផែនដីក៏ញាប់ញ័រដែរ
19 ឯផែនដីត្រូវបែកបាក់អស់រលីង ផែនដីត្រូវអង្រួនជាខ្លាំង
20 ផែនដីនឹងទ្រេតទ្រោត ដូចជាមនុស្សស្រវឹង ហើយនិងត្រូវយោលទៅដូចជាអង្រឹង ឯអំពើរំលងរបស់មនុស្សលោកនឹងសង្កត់លើជាយ៉ាងធ្ងន់ គេនឹងត្រូវដួលឥតងើបឡើងវិញឡើយ។
21 នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់នឹងផ្ចាញ់ផ្ចាលនៅលើមេឃ ចំពោះពួកពលបរិវារនៃស្ថានខ្ពស់ ព្រមទាំងពួកស្តេចនៃលោកីយ៍នៅផែនដីដែរ
22 គេនឹងត្រូវប្រមូលគ្នាដូចជាឈ្លើយដែលប្រមូលទុកក្នុងរំលុង ហើយនិងត្រូវឃុំនៅក្នុងគុក ក្រោយមកជាយូរថ្ងៃ គេត្រូវរងទោស
23 គ្រានោះ ព្រះចន្ទនឹងត្រូវជ្រប់មុខ ហើយព្រះអាទិត្យនឹងត្រូវអៀនខ្មាស ដោយព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់សោយរាជ្យនៅលើភ្នំស៊ីយ៉ូន នាក្រុងយេរូសាឡឹម នោះនឹងមានសិរីល្អនៅចំពោះមុខពួកចាស់ទុំរបស់ទ្រង់។