អេសាយ
ជំពូក 49
ម្នាលកោះទាំងឡាយអើយ ចូរស្តាប់អញចុះ ឱប្រជាជាតិទាំងប៉ុន្មាននៅឆ្ងាយអើយ ចូរប្រុងស្តាប់ចុះ ព្រះយេហូវ៉ាទ្រង់បានហៅខ្ញុំ តាំងពីផ្ទៃម្តាយ ទ្រង់បានដំណាលពីឈ្មោះខ្ញុំ តាំងពីនៅក្នុងពោះម្តាយមក
2 ទ្រង់បានធ្វើឲ្យមាត់ខ្ញុំបានដូចជាដាវដ៏មុត ក៏បានលាក់ខ្ញុំនៅក្រោមម្លប់នៃព្រះហស្តទ្រង់ ក៏បានធ្វើឲ្យខ្ញុំដូចជាតួព្រួញដែលខាត់រំលីង ព្រមទាំងដាក់ខ្ញុំទុកភ្ជិតនៅក្នុងបំពង់ព្រួញរបស់ទ្រង់
3 ទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ឯងជាអ្នកបម្រើរបស់អញ គឺអ៊ីស្រាអែល ដែលអញនឹងបានសិរីល្អដោយសារឯង
4 តែខ្ញុំបានពោលថា ខ្ញុំបានខំប្រឹងធ្វើជាឥតប្រយោជន៍ ខ្ញុំបានបង់កម្លាំងខ្ញុំទៅទទេៗជាអសារឥតការ ប៉ុន្តែ សេចក្ដីយុត្តិធម៌ដែលគួរដល់ខ្ញុំ នោះនៅនឹងព្រះយេហូវ៉ា ហើយរង្វាន់របស់ខ្ញុំក៏នៅនឹងព្រះនៃខ្ញុំដែរ។
5 ឥឡូវនេះ ទ្រង់មានព្រះបន្ទូលមកខ្ញុំ គឺព្រះយេហូវ៉ាជាព្រះដែលជបបង្កើតខ្ញុំនៅក្នុងផ្ទៃម្តាយ ដើម្បីឲ្យបានធ្វើជាអ្នកបម្រើទ្រង់ សម្រាប់នឹងនាំពួកយ៉ាកុបមកឯទ្រង់វិញ ហើយឲ្យពួកអ៊ីស្រាអែលបានមូលមកឯទ្រង់ ដ្បិតខ្ញុំជាទីរាប់អាននៅព្រះនេត្រព្រះយេហូវ៉ា ហើយព្រះនៃខ្ញុំទ្រង់ជាកម្លាំងនៃខ្ញុំ
6 អើ ទ្រង់មានព្រះបន្ទូលថា ការដែលឯងធ្វើជាអ្នកបម្រើរបស់អញ ដើម្បីលើកអស់ទាំងពូជអំបូរនៃយ៉ាកុបឡើង ហើយនិងនាំពួកបម្រុងទុកក្នុងសាសន៍អ៊ីស្រាអែលឲ្យមកវិញ នោះជាការតិចតួចពេកដល់ឯង អញនឹងបន្ថែមការនេះឲ្យឯងបានធ្វើជាពន្លឺដល់សាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យឯងបានធ្វើជាអ្នកជួយសង្គ្រោះរបស់អញ រហូតដល់ចុងផែនដីបំផុត
7 ព្រះយេហូវ៉ាជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល ហើយជាព្រះដ៏បរិសុទ្ធនៃគេ ទ្រង់មានព្រះបន្ទូលដូច្នេះដល់អ្នកនោះ ដែលមនុស្សទាំងឡាយមិនអើពើ ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ គឺជាអ្នកបម្រើរបស់ពួកអ្នកដែលគ្រប់គ្រងថា បណ្តាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំ ដោយព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់បានរើសឯង។
8 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដល់វេលាដែលគាប់ចិត្តអញ នោះអញបានឆ្លើយដល់ឯង ហើយនៅថ្ងៃសម្រាប់សង្គ្រោះ នោះអញបានជួយឯង អញនឹងទំនុកបម្រុងឯង ហើយតាំងឯងឡើងទុកជាសេចក្ដីសញ្ញាដល់បណ្តាជន ប្រយោជន៍នឹងរៀបចំផែនដីឡើង ឲ្យគេបានគ្រងទីដែលចោលស្ងាត់ ទុកជាមរដក
9 ព្រមទាំងប្រាប់ដល់ពួកអ្នកដែលជាប់ចំណងថា ចូរចេញទៅ ហើយដល់ពួកអ្នកដែលនៅក្នុងសេចក្ដីងងឹតថា ចូរសម្ដែងខ្លួនចេញមកចុះ គេនឹងមានអាហារស៊ីតាមផ្លូវ ហើយនៅលើកំពូលត្រងិលទាំងប៉ុន្មាន នឹងបានជាទីរកស៊ីដល់គេ
10 គេនឹងមិនដែលស្រេកឃ្លានទៀត ឯចំហាយក្តៅ ឬព្រះអាទិត្យ នឹងមិនធ្វើទុក្ខគេ ដ្បិតព្រះដែលផ្តល់សេចក្ដីមេត្តាដល់គេ ទ្រង់នឹងនាំគេទៅ អើ ទ្រង់នឹងដឹកដៃគេនាំទៅតាមទីមានក្បាលទឹក
11 អញនឹងធ្វើអស់ទាំងភ្នំរបស់អញឲ្យជាផ្លូវ ឯអស់ទាំងថ្នល់របស់អញនឹងបានលើកឡើង
12 មើល ពួកនេះនឹងមកពីទីចម្ងាយ ហើយមើល ពួកនោះនឹងមកពីទិសខាងជើង និងពីទិសខាងលិច ហើយពួក១នេះពីស្រុកស៊ីនីម
13 ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ឱផែនដីអើយ ចូរឲ្យអរសប្បាយចុះ ឱភ្នំទាំងឡាយអើយ ចូរធ្លាយចេញជាបទចម្រៀង ពីព្រោះព្រះយេហូវ៉ាទ្រង់បានកំសាន្តចិត្តរាស្ត្រទ្រង់ហើយ ទ្រង់នឹងមានព្រះហឫទ័យអាណិតអាសូរដល់ពួករបស់ទ្រង់ដែលត្រូវរងទុក្ខវេទនាផង។
14 តែក្រុងស៊ីយ៉ូនបានថា ព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលខ្ញុំទេ គឺព្រះអម្ចាស់ទ្រង់បានភ្លេចខ្ញុំហើយ
15 ចុះតើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ អើ គេនឹងភ្លេចបាន ប៉ុន្តែ អញមិនដែលភ្លេចឯងឡើយ
16 មើល អញបានចារឹកឯងទុកនៅផ្ទៃបាតដៃរបស់អញហើយ អស់ទាំងកំផែងឯងនៅចំពោះភ្នែកអញជានិច្ច
17 ពួកកូនចៅរបស់ឯងនឹងប្រញាប់ឡើង ពួកដែលបំផ្លាញឯង ហើយពួកដែលរំលាងឯង គេនឹងចេញពីឯងទៅ
18 ចូរងើបភ្នែកឡើងមើលជុំវិញចុះ ពួកទាំងនេះគេមូលគ្នាចូលមកឯឯង ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញស្បថនឹងជីវិតអញថា ប្រាកដជាឯងនឹងបានប្រដាប់កាយដោយអ្នកទាំងនោះ ដូចជាពាក់គ្រឿងលំអ ហើយក្រវាត់ខ្លួន ដោយអ្នកទាំងនោះ ដូចជាប្រពន្ធថ្មោងថ្មីដែលតែងខ្លួនដែរ
19 ដ្បិតឯទីកន្លែងដែលរំលាង ហើយចោលស្ងាត់ និងស្រុកឯងដែលត្រូវបំផ្លាញនោះ ឥឡូវនេះ នឹងបានជាទីចង្អៀតណែនដល់ពួកអ្នកដែលអាស្រ័យនៅវិញ ហើយពួកអ្នកដែលបានលេបឯង គេនឹងនៅឆ្ងាយពីឯងហើយ
20 ពួកកូនចៅឯងដែលកើតក្នុងសេចក្ដីទុក្ខលំបាករបស់ឯង គេនឹងនិយាយដាក់ត្រចៀកឯងថា ទីនេះចង្អៀតដល់យើងខ្ញុំណាស់ សូមឲ្យមានទីអាស្រ័យនៅផង
21 នោះឯងនឹងនឹកក្នុងចិត្តថា តើអ្នកណាបានបង្កើតកូនទាំងនេះឲ្យអញ ដ្បិតអញបានបាត់កូនចៅអញអស់ទៅ ហើយអញក៏នៅឯកឯងដូច្នេះ គឺជាអ្នកដែលត្រូវបំបរបង់ ហើយដើររសាត់ព្រាត់ផង តើអ្នកណាបានចិញ្ចឹមកូនទាំងនេះ មើល អញបានត្រូវចោលនៅតែឯង ដូច្នេះ តើកូនទាំងនេះបាននៅឯណា។
22 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញនឹងបោយដៃហៅអស់ទាំងសាសន៍ ហើយនិងលើកទង់ជ័យអញឡើង សម្រាប់ប្រជាជាតិទាំងឡាយ រួចគេនឹងបីយកកូនប្រុសៗរបស់ឯងមក ហើយនិងបញ្ជិះកូនស្រីៗរបស់ឯងនៅលើស្មាគេ
23 ពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមឯង ហើយពួកអគ្គមហេសីនឹងធ្វើជាម្តាយបំបៅឯង គេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខឯង ហើយនិងលិទ្ធធូលីដីដែលជាប់ជើងឯង នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ា ហើយអស់អ្នកដែលសង្ឃឹមដល់អញនឹងមិនត្រូវខ្មាសឡើយ។
24 តើនឹងឆក់យករបឹបពីអ្នកខ្លាំងពូកែ ឬដោះពួកឈ្លើយដែលចាប់មកតាមច្បាប់ចេញបានឬទេ
25 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ទោះទាំងពួកឈ្លើយរបស់មនុស្សខ្លាំងពូកែក៏នឹងត្រូវឆក់យកទៅ ហើយរបឹបរបស់ពួកគួរស្ញែងខ្លាចនឹងបានដោះចេញផង ដ្បិតអញនឹងតតាំងចំពោះអ្នកដែលតតាំងនឹងឯង ហើយអញនឹងជួយសង្គ្រោះកូនចៅឯងដែរ
26 អញនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនឯងត្រូវស៊ីសាច់របស់ខ្លួនគេវិញ ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃឯង ហើយជាព្រះដ៏ប្រោសលោះឯង គឺជាព្រះដ៏មានឥទ្ធិឫទ្ធិនៃយ៉ាកុប។