អេសាយ
ជំពូក 44
ប៉ុន្តែ ឱពួកយ៉ាកុប ជាអ្នកបម្រើអញ ហើយពួកអ៊ីស្រាអែល ដែលអញបានជ្រើសរើសអើយ ចូរស្តាប់ឥឡូវចុះ
2 ព្រះយេហូវ៉ាដែលទ្រង់បានបង្កើតឯងមក ហើយបានជបសូនឯងចាប់តាំងពីនៅក្នុងផ្ទៃម្តាយ គឺជាអ្នកដែលនឹងជួយឯង ទ្រង់មានព្រះបន្ទូលដូច្នេះថា ឱពួកយ៉ាកុប ជាអ្នកបម្រើអញ ហើយឯងដែរ យេស៊ូរុនដែលអញបានរើសអើយកុំឲ្យខ្លាចឡើយ
3 ដ្បិតអញនឹងចាក់ទឹកទៅលើអ្នកណាដែលកំពុងស្រេក ព្រមទាំងបង្ហូរទឹកទៅលើដីហួតហែងផង អញនឹងចាក់វិញ្ញាណអញទៅលើពូជពង្សរបស់ឯង ហើយពររបស់អញទៅលើកូនចៅរបស់ឯង
4 នោះគេនឹងពន្លកឡើងនៅក្នុងស្មៅ ដូចជាដើមចាកតាមមាត់ទឹក
5 អ្នក១នឹងថា ខ្ញុំនេះជារបស់ផងព្រះយេហូវ៉ា ម្នាក់ទៀតនឹងហៅខ្លួនតាមឈ្មោះយ៉ាកុប ឯម្នាក់១ទៀតនឹងចុះឈ្មោះដោយដៃខ្លួនថា ខ្ញុំជារបស់ផងព្រះយេហូវ៉ា ហើយនិងយកឈ្មោះអ៊ីស្រាអែលជានាមត្រកូលរបស់ខ្លួន។
6 ព្រះយេហូវ៉ាដ៏ ជាមហាក្សត្រនៃសាសន៍អ៊ីស្រាអែលហើយជាអ្នកដែលប្រោសលោះគេ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា អញជាដើម ហើយជាចុង ក្រៅពីអញគ្មានព្រះណាទៀតឡើយ
7 តើមានអ្នកណាដូចអញ ចូរឲ្យគេប្រកាសខ្លួនមក ហើយសម្ដែងភស្តុតាងឲ្យច្បាស់ចុះ រួចរាប់រៀបប្រាប់ឲ្យអញស្តាប់ពីអ្វីៗដែលបានកើតឡើង តាំងតែពីអញបានតាំងមនុស្សឡើង ពីកាលដើមព្រមទាំងអ្វីៗដែលកំពុងតែកើត និងអ្វីៗដែលត្រូវកើតមកទៅមុខទៀត ចូរឲ្យគេប្រាប់មកចុះ
8 កុំឲ្យភ័យឡើយ ក៏កុំឲ្យខ្លាចដែរ តើអញមិនបានប្រាប់ ហើយបង្ហាញដល់ឯងតាំងតែពីដើមមកទេឬ គឺឯរាល់គ្នាជាស្មរបន្ទាល់របស់អញ តើមានព្រះណាក្រៅពីអញឬទេ អើ គ្មានថ្មដាណាទៀតឡើយ អញមិនស្គាល់ណាមួយសោះ។
9 ពួកអ្នកដែលឆ្លាក់ធ្វើរូបព្រះ គេសុទ្ធតែអសារឥតការទាំងអស់ ហើយរបស់ទាំងប៉ុន្មានដែលគេចូលចិត្តនោះ ក៏គ្មានប្រយោជន៍ដូចគ្នា ស្មរបន្ទាល់របស់គេមើលមិនឃើញ ក៏មិនដឹងអ្វីផង ជាការដែលនាំឲ្យគេត្រូវមានសេចក្ដីខ្មាស
10 តើអ្នកណានឹងសូនធ្វើព្រះ ឬសិតធ្វើរូបដែលឥតមានប្រយោជន៍ដូច្នេះ
11 មើល ពួកអ្នកដែលគោរពតាមនឹងត្រូវខ្មាសទាំងអស់ដែរ ហើយពួកជាង នោះគ្រាន់តែជាមនុស្សប៉ុណ្ណោះ ឲ្យគេប្រជុំគ្នា រួចឈរឡើងចុះ គេនឹងត្រូវភ័យ ហើយមានសេចក្ដីខ្មាសទាំងអស់គ្នា។
12 ឯជាងដែក គាត់ធ្វើពូថៅ១ គាត់ធ្វើការដោយធ្យូង គាត់យកញញួរដំឡើងជារាង ទាំងធ្វើការដោយដើមដៃដ៏មានកម្លាំងរបស់ខ្លួន អើ គាត់ក៏ឃ្លាន ហើយអស់កម្លាំង គាត់មិនបានផឹកទឹក ហើយក៏ហេវទៅ
13 ឯជាងឈើគាត់វាយបន្ទាត់ ក៏គូររាងដោយខ្មៅដៃ គាត់ឈូសយករាង ហើយគូសដោយប្រពាយ រួចឆ្លាក់ឲ្យដូចជារូបមនុស្ស តាមលំអរបស់មនុស្ស ដើម្បីនឹងតាំងនៅក្នុងផ្ទះ
14 គាត់កាប់ដើមតាត្រៅ១ ក៏យកដើមចន្ទន៍ក្រឹស្នា និងដើមម៉ៃសាក់ គឺគាត់រើសយកតែឈើណាដែលជាប់ៗនៅក្នុងព្រៃ ឬគាត់ដាំដើមខ្វាវដែលដុះលាស់ឡើងដោយសារទឹកភ្លៀង
15 ទាំងអស់នេះមានប្រយោជន៍ដល់មនុស្សសម្រាប់ធ្វើឧសដុត គេក៏យកខ្លះមកដុតអាំង អើ ក៏យកខ្លះបង្កាត់ភ្លើងដុតនំបុ័ង អើ ក៏ធ្វើព្រះ១ឡើង រួចក្រាបថ្វាយបង្គំ គឺគាត់ឆ្លាក់ធ្វើជារូប ហើយក្រាបចុះគោរពដល់រូបនោះ
16 ដូច្នេះ គាត់យកខ្លះធ្វើឧសដុត ខ្លះទៀតដុតធ្វើម្ហូប គឺគាត់អាំងសាច់ ហើយស៊ីឆ្អែត អើ គាត់កំដៅខ្លួនដែរ ដោយពោលថា អៃយ៉ា ក្តៅស្រួលហ្ន៎ ខ្ញុំអាំងភ្លើងហើយ
17 ឯឈើដែលសល់ នោះគាត់យកទៅធ្វើជារូបឆ្លាក់សម្រាប់ខ្លួន ក៏ក្រាបចុះថ្វាយបង្គំ ហើយអធិស្ឋានដល់រូបនោះដោយពាក្យថា សូមជួយសង្គ្រោះខ្ញុំផង ពីព្រោះលោកជាព្រះនៃខ្ញុំ។
18 ពួកនោះមិនដឹងទេ ក៏មិនយល់សោះ ដ្បិតភ្នែកគេត្រូវបាំងមិនឲ្យមើលឃើញ ហើយចិត្តគេផង ដើម្បីមិនឲ្យយល់បាន
19 គ្មានអ្នកណាមួយនឹកឃើញ គេឥតមានតម្រិះ ឬយោបល់នឹងនឹកថា ខ្លះបានយកទៅដុតហើយ ខ្លះប្រើយករងើកដុតធ្វើនំបុ័ង អើ អញបានអាំងសាច់ស៊ីផងដូច្នេះ ឈើដែលសល់នៅ តើនឹងយកទៅធ្វើជារបស់គួរស្អប់ខ្ពើមឬ តើគួរឲ្យអញក្រាបចុះចំពោះដុំឈើឬអី
20 អ្នកនោះស៊ីតែផេះទទេ ចិត្តដែលត្រូវបញ្ឆោតបាននាំគេឲ្យវង្វេង អ្នកនោះនឹងដោះព្រលឹងខ្លួនឲ្យរួចមិនបាន ក៏មិនចេះថា ខ្ញុំកាន់របស់ភូតភរនៅដៃស្តាំទេតើ នោះឡើយ។
21 ឱពួកយ៉ាកុប និងពួកអ៊ីស្រាអែលអើយ ចូរនឹកចាំពីសេចក្ដីទាំងនេះចុះ ដ្បិតឯងជាអ្នកបម្រើរបស់អញ អញបានសូនបង្កើតឯង ដូច្នេះ ឯងជាអ្នកបម្រើរបស់អញ ឱពួកអ៊ីស្រាអែលអើយ អញនឹងមិនភ្លេចឯងឡើយ
22 អញបានលុបអំពើរំលងរបស់ឯងចេញ ដូចជាពពកយ៉ាងក្រាស់ និងអំពើបាបឯងដូចជាពពកផង ចូរវិលមកឯអញវិញ ពីព្រោះអញបានលោះឯងហើយ
23 ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ដ្បិតព្រះយេហូវ៉ាបានសម្រេចការហើយ ឱផែនដីដ៏ទាបអើយ ចូរស្រែកឡើង ឱភ្នំទាំងឡាយ ឱព្រៃ និងអស់ទាំងដើមឈើក្នុងព្រៃអើយ ចូរធ្លាយចេញជាបទចម្រៀងចុះ ពីព្រោះព្រះយេហូវ៉ាទ្រង់បានប្រោសលោះពួកយ៉ាកុបទាំងអស់ហើយ ទ្រង់នឹងតម្កើងអង្គទ្រង់ឡើងនៅក្នុងពួកអ៊ីស្រាអែលផង។
24 ព្រះយេហូវ៉ាជាព្រះដែលប្រោសលោះឯង គឺជាព្រះដែលជបសូនឯង តាំងពីនៅក្នុងផ្ទៃម្តាយ ទ្រង់មានព្រះបន្ទូលដូច្នេះថា អញជាយេហូវ៉ា ជាព្រះដែលបង្កើតរបស់សព្វសារពើ អញលាតសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានក្រាលផែនដីដោយខ្លួនអញ
25 អញលើកទីសម្គាល់របស់ពួកមនុស្សភូតភរចោលចេញ ហើយក៏ធ្វើឲ្យគ្រូទាយទៅជាឆ្កួត ជាពួកអ្នកដែលបំបែរមនុស្សមានប្រាជ្ញាឲ្យវិលទៅក្រោយ ឲ្យចំណេះរបស់គេទៅជាល្ងីល្ងើវិញ
26 អញបញ្ជាក់ពាក្យសំដីដែលនិយាយនឹងអ្នកបម្រើអញ ហើយសម្រេចតាមសេចក្ដីប្រឹក្សារបស់ពួកអ្នកដែលអញចាត់ប្រើអញនិយាយពីក្រុងយេរូសាឡឹមថា ទីក្រុងនោះនឹងមានមនុស្សអាស្រ័យនៅ ហើយនិយាយពីអស់ទាំងទីក្រុងនៃស្រុកយូដាថា ទីក្រុងទាំងនោះនឹងបានសង់ឡើងវិញ អញនឹងលើកអស់ទាំងទីបាក់បែកនោះឡើង
27 អញក៏បង្គាប់ដល់ទីជម្រៅថា ចូរឲ្យរីងស្ងួតទៅ ហើយអញនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានហួតហៀវទៅដែរ
28 អញនិយាយពីស៊ីរូសថាជាអ្នកគង្វាលរបស់អញ ជាអ្នកដែលនឹងសម្រេចតាមបំណងចិត្តអញទាំងប៉ុន្មាន ហើយបង្គាប់ឲ្យក្រុងយេរូសាឡឹមបានសង់ឡើងវិញ និងឲ្យជើងជញ្ជាំងនៃព្រះវិហារបានដាក់ចុះ។