អេសាយ
ជំពូក 43
ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះដែលបង្កើតឯងមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនឯង ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ
2 កាលណាឯងដើរកាត់ទឹកធំ នោះអញនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចឯងឡើយ កាលណាឯងលុយកាត់ភ្លើង នោះឯងនឹងមិនត្រូវរលាក ហើយអណ្តាតភ្លើងក៏មិនឆាប់ឆេះឯងដែរ
3 ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯង អញជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គឺជាព្រះដ៏សង្គ្រោះរបស់ឯង អញបានឲ្យស្រុកអេស៊ីព្ទទុកជាថ្លៃលោះឯង ព្រមទាំងស្រុកអេធីយ៉ូពី និងស្រុកសេបា ជំនួសឯងផង
4 អញនឹងឲ្យមនុស្សដទៃជំនួសឯង ហើយប្រជាជាតិផ្សេងៗស្នងនឹងជីវិតឯង ដោយព្រោះឯងមានតម្លៃវិសេសនៅភ្នែកអញ ក៏គួរលើកតម្កើង ហើយជាទីស្រឡាញ់ដល់អញផង
5 កុំឲ្យខ្លាចឡើយ ដ្បិតអញនៅជាមួយ អញនឹងនាំពូជពង្សឯងមកពីទិសខាងកើត ហើយនិងប្រមូលគេមកពីទិសខាងលិច
6 អញនឹងបង្គាប់ដល់ទិសខាងជើងថា ចូរប្រគល់គេមក ហើយដល់ទិសខាងត្បូងថា កុំឃាត់គេទុកឡើយ ចូរនាំអស់ទាំងកូនប្រុសរបស់អញមកពីទីឆ្ងាយ ហើយពួកកូនស្រីអញមកពីចុងផែនដីចុះ
7 គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះអញ ជាអ្នកដែលអញបានបង្កើតមកសម្រាប់សិរីល្អនៃអញ គឺជាអ្នកដែលអញបានជបសូន អើ ជាអ្នកដែលអញបានតែងតាំងឡើង។
8 ចូរនាំមនុស្សខ្វាក់ដែលមានភ្នែក និងមនុស្សថ្លង់ដែលមានត្រចៀកចេញមក
9 ត្រូវឲ្យអស់ទាំងសាសន៍ប្រជុំគ្នា ហើយឲ្យប្រជាជាតិទាំងពួងជំនុំគ្នាចុះ ក្នុងពួកគេ តើមានអ្នកណាដែលអាចនឹងទាយពីការនេះបាន ឬអាចនឹងសម្ដែងឲ្យយើងដឹងពីដំណើរដែលកន្លងមកហើយនោះ ចូរឲ្យគេនាំស្មរបន្ទាល់របស់គេមក ដើម្បីតាំងខ្លួនជាត្រឹមត្រូវ បើមិនដូច្នោះទេ នោះត្រូវថា នេះពិតមែនវិញ
10 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយជាអ្នកបម្រើដែលអញបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់អញ ព្រមទាំងយល់ថា គឺអញនេះហើយ ឥតមានព្រះណាកើតមកមុនអញទេ ហើយក្រោយអញក៏ឥតមានដែរ
11 គឺអញ អញនេះហើយជាយេហូវ៉ា ក្រៅពីអញ គ្មានអ្នកសង្គ្រោះណាទៀតឡើយ
12 អញបានទាយប្រាប់ អញបានជួយសង្គ្រោះ អញបានសម្ដែងឲ្យឃើញហើយ ឥតមានព្រះដទៃណានៅកណ្តាលឯងរាល់គ្នាឡើយ ហេតុដូច្នោះ ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយគឺអញនេះដែលជាព្រះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
13 អើ ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាអញនេះហើយ ឥតមានអ្នកណាអាចនឹងដោះឲ្យរួចពីដៃអញបានទេ ឯការដែលអញធ្វើ តើអ្នកណានឹងឃាត់បាន។
14 ព្រះយេហូវ៉ាជាព្រះដ៏ប្រោសលោះឯងរាល់គ្នា គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា ដោយយល់ដល់ឯងរាល់គ្នា នោះអញចាត់មនុស្សទៅឯក្រុងបាប៊ីឡូន ហើយនិងទម្លាក់គេទាំងអស់គ្នា គេនឹងរត់រតាត់រតាយទៅ ឯពួកខាល់ដេក៏ចុះនាវាដែលគេយកជាទីសប្បាយរបស់គេ
15 អញនេះ គឺយេហូវ៉ា អញជាព្រះដ៏បរិសុទ្ធនៃឯងរាល់គ្នា គឺជាព្រះដែលបង្កើតសាសន៍អ៊ីស្រាអែល ហើយជាមហាក្សត្ររបស់ឯងរាល់គ្នាផង
16 ព្រះយេហូវ៉ាដែលទ្រង់ធ្វើឲ្យមានផ្លូវក្នុងសមុទ្រ និងផ្លូវច្រកនៅទីទឹកធំ
17 ជាព្រះដែលនាំរទេះចម្បាំង និងពលសេះចេញមក ព្រមទាំងកងទ័ព និងមនុស្សស្ទាត់ជំនាញផង (ពួកទាំងនោះនឹងដេកទៅទាំងអស់គ្នា ឥតក្រោកឡើងវិញឡើយ គេនឹងសាបសូន្យ ហើយត្រូវរលត់ទៅ ដូចជាប្រឆេះ) ទ្រង់មានព្រះបន្ទូលថា
18 កុំឲ្យឯងរាល់គ្នានឹកចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ ឬរិះគិតពីអស់ទាំងការពីចាស់បុរាណនោះឡើយ
19 មើល អញនឹងធ្វើការ១ថ្មីវិញ ការនោះនឹងលេចឡើងឥឡូវ តើឯងរាល់គ្នានឹងមិនស្គាល់ទេឬ អញនឹងធ្វើផ្លូវ១នៅទីរហោស្ថាន ហើយទន្លេនៅសមុទ្រខ្សាច់
20 ឯពួកសត្វតិរច្ឆានទាំងប៉ុន្មាននឹងសរសើរដល់អញ គឺទាំងចចក និងសត្វអូសទ្រីចផង ពីព្រោះអញឲ្យមានទឹកនៅក្នុងទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់ ដើម្បីឲ្យរាស្ត្រអញ គឺជាពួកជ្រើសរើសនោះបានទឹកផឹក
21 ជារាស្ត្រដែលអញបានជបសូនសម្រាប់តែខ្លួនអញ ដើម្បីឲ្យគេបានសម្ដែងចេញជាសេចក្ដីសរសើររបស់អញផង។
22 ទោះបើយ៉ាងនោះ ឱពួកយ៉ាកុបអើយ គង់តែឯងមិនបានអំពាវនាវដល់អញដែរ គឺឯងបានណាយចិត្តនឹងអញវិញ ឱអ៊ីស្រាអែលអើយ
23 ឯងមិនបាននាំយកចៀមរបស់ឯង មកថ្វាយជាតង្វាយដុតដល់អញទេ ក៏មិនបានលើកមុខអញ ដោយយញ្ញបូជារបស់ឯងដែរ អញមិនបានផ្ទុកឯងដោយតង្វាយ ឬឲ្យឯងនឿយហត់ដោយដុតកំញានទេ
24 ឯងមិនបានចំណាយប្រាក់ទិញគ្រឿងក្រអូបណាឲ្យអញសោះ ក៏ មិនបានឲ្យអញឆ្អែត ដោយខ្លាញ់នៃយញ្ញបូជារបស់ឯងដែរ គឺឯងបានផ្ទុកអញដោយអំពើបាបរបស់ឯងវិញ ហើយបាននាំឲ្យអញនឿយហត់ ដោយអំពើទុច្ចរិតរបស់ឯងផង។
25 គឺអញ អញនេះហើយជាអ្នកដែលលុបអំពើរំលងរបស់ឯងចេញ ដោយយល់ដល់ខ្លួនអញ ហើយអញមិននឹកចាំអំពើបាបរបស់ឯងទៀតឡើយ
26 ចូររំឭកអញចុះ ឲ្យយើងបានតវ៉ាគ្នា ចូររាប់រៀបប្រាប់ពីហេតុរបស់ឯងមក ដើម្បីឲ្យឯងបានតាំងឡើងជាសុចរិត
27 ឯឪពុកដើមរបស់ឯងបានធ្វើបាប ហើយពួកគ្រូឯងបានរំលងច្បាប់អញដែរ
28 ហេតុនោះ អញបានបន្ទាបពួកមេនៃទីបរិសុទ្ធ ក៏បានប្រគល់ពួកយ៉ាកុបទៅឲ្យត្រូវបណ្តាសា ហើយឲ្យពួកអ៊ីស្រាអែលត្រូវគេត្មះតិះដៀល។